អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលព្រួយបារម្ភពីជីវភាពពលរដ្ឋ និងបញ្ហាទឹកជន់លិចទីក្រុងក្រោយរដ្ឋាភិបាលបន្តកាត់ផ្ទៃបឹងតាមោក

សង្គមស៊ីវិល​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ បញ្ហា​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ​និង​បញ្ហា​ទឹកជន់​លិច​ក្នុង​ក្រុង​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​កាត់​ផ្ទៃ​បឹងតាមោក ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន ​និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ​សម្រាប់​សាងសង់​អគារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បន្ថែម​ទៀត​។ លោក​ វណ្ណ សូផាត ​មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដី​ធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​នា​ព្រឹក​ថ្ងៃ​ទី​ ២២​ខែ​សីហា​ថា​ រដ្ឋាភិបាល​គួរ​តែ​គិត​ពី​ផល​ប៉ះពាល់​ដល់​សង្គម​ និង​បរិស្ថាន​ ព្រោះ​បញ្ហា​លុប​បឹង​នេះ​មិនមែន​ជា​បញ្ហា​តូចតាច​ដែល​ត្រូវ​មើល​រំលង​នោះ​ទេ​។

រូបភាព៖ មួយផ្នែកនៃបឹងតាមោក
រូបភាព៖ មួយផ្នែកនៃបឹងតាមោក © RFI
ផ្សាយពាណិជ្ជកម្ម

លោក វណ្ណ សូផាត មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការបន្តកាត់និងដោះដូរផ្ទៃបឹងទៅឱ្យស្ថាប័នរដ្ឋ និងឯកជនជាបន្តបន្ទាប់នៅពេលនេះបានបង្កផលប៉ះពាល់នូវរូបភាពចំនួនពីរ រួមមានជាអាទិ៍ បញ្ហាបាត់បង់ប្រាក់ចំណូល បញ្ហាបាត់បង់ទីជម្រក និងបញ្ហាខ្វះអាងសម្រាប់ស្តុកទឹកក្នុងរាជធានីភ្នំពេញ។

បើតាម លោក វណ្ណ សូផាត  ប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានបាត់បង់ប្រាក់ចំណូលពីការនេសាទត្រី និងបាត់បង់ទីជម្រកក្រោយពួកគេត្រូវជម្លៀសចេញដោយបង្ខំពីអាជ្ញាធរ។ ដោយឡែក ការបាត់បង់ផ្ទៃបឹងមួយផ្នែកនេះទៀតសោតលោក វណ្ណ សូផាតថា ជាក្តីព្រួយបារម្ភធំណាស់ ដល់បញ្ហាទឹកលិចក្នុងរាជធានីភ្នំពេញ ដោយកន្លងមកគ្រាន់តែភ្លៀងមួយមេ វត្តមានទឹកលិចក្នុងទីក្រុងក៏កើនឡើងស្ទើរតែគ្រប់ទីកន្លែងទៅហើយ។

ការលើកឡើងរបស់លោកវណ្ឌ សូផាតជុំវិញបញ្ហារបស់ប្រជាពលរដ្ឋ និងបញ្ហាបរិស្ថានខាងដើមនេះធ្វើឡើងក្រោយផ្ទៃបឹងតាមោកប្រហែល១ពាន់ហិកតាត្រូវបានរដ្ឋាភិបាលកាត់និងដោះដូរឱ្យក្រុមហ៊ុនឯកនិងស្ថាប័នរដ្ឋសម្រាប់សាងសង់អគារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ក្នុងនោះ ហេតុផលដែលរដ្ឋាភិបាលតែងតែបន្តកាត់ជារឿយៗនៃផ្ទៃបឹងប្រគល់ជូនឱ្យក្រុមហ៊ុនឯកជន លោក វណ្ណ សូផាតថា សម្រាប់សាងសង់បុរី ផ្សារទំនើប និងទីក្រុងរណប។​ ប៉ុន្តែលោក វណ្ណ​ សូផាតថា លោកចង់ឃើញរដ្ឋាភិបាលរក្សាទុកបឹងនេះជាប្រភពមួយសំខាន់ សម្រាប់ជាកន្លែងទេសចរណ៍​បឹងធម្មជាតិ និងជាទីតាំងមួយអាចធានាបាននូវការស្តុកទឹកសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលបាន។  

គួរកត់សម្គាល់ដែរថា កាលពីខែឧសភា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយមបានចេញលិខិតព្រមានថា ការចាក់ដីលុបនិងការសាងសង់បិទផ្លូវទឹកជាបន្តបន្ទាប់អាចនឹងបង្កគ្រោះមហន្តរាយដោយសារទឹកជំនន់។

សូមបញ្ជាក់ថា បឹងតាមោកជាបឹងមួយធំជាងគេក្នុងរាជធានីភ្នំពេញដែលមានផ្ទៃដីសរុប​ ៣២៣៩ហិកតា និងមានមុខងារសម្រាប់ស្តុកទឹកកង្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ