អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមអាណាព្យាបាលកុមារដែលរងគ្រោះដោយសារម្សៅទឹកដោះគោដាក់ញត្តិសុំពន្លឿនការដោះស្រាយបន្ទាប់ពីស្ងប់ស្ងាត់ជាងប្រាំខែ

ក្រុម​អាណាព្យាបាល​កុមារ​ដែល​រងគ្រោះ​ផ្នែក​សុខភាព​ដោយសារ​ការ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​Nutrilatt​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​រួម​គ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​ស្នើ​សុំ​ការ​គាំទ្រ​និង​ពន្លឿន​សំណុំ​រឿង​ជាមួយ​ភាគី​ក្រុមហ៊ុន​ S&TK Trading Co, LTD​។ ក្រុម​អាណាព្យាបាល​ទារក​និង​កុមារ​ដែល​រងគ្រោះ​បាន​អះអាង​ថា​ ការ​សម្រេច​ចិត្ត​ដាក់​ញត្តិ​ទៅ​ដល់​ក្រសួង​យុត្តិធម៌​ពេល​នេះ​ គឺ​បន្ទាប់​ពី​សំណុំ​រឿង​របស់​ពួកគេ​បាន​អូស​បន្លាយ​ជាង​៥​ខែ​ដោយ​មិន​មាន​ការ​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ​បន្ថែម​។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា​ សំណុំ​រឿង​នេះ​នឹង​អាច​ត្រូវ​តុលាការ​លើក​មក​ជំនុំ​ជម្រះ​នៅ​សប្តាហ៍​ក្រោយ​។

ការចូលតទល់បន្ថែម រវាងក្រុមឪពុកម្តាយកុមារ និងក្រុមហ៊ុននាំចូលម្សៅទឹកដោះគោ Nutrilatt នៅអគ្គនាយកដ្ឋានកបប នៅថ្ងៃទី៦ វិច្ឆិកា
ការចូលតទល់បន្ថែម រវាងក្រុមឪពុកម្តាយកុមារ និងក្រុមហ៊ុននាំចូលម្សៅទឹកដោះគោ Nutrilatt នៅអគ្គនាយកដ្ឋានកបប នៅថ្ងៃទី៦ វិច្ឆិកា © FB
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាអ្នកសម្របសម្រួល បានបញ្ជូនសំណុំរឿងឡើងទៅដល់តុលាការកាលពីចុងឆ្នាំ២០២០ ក្រុមអាណាព្យាបាលចំនួន២១គ្រួសារ បានអះអាងថាពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅទៅបំភ្លឺនិងសួរនាំព័ត៌មានតែពីរដងប៉ុណ្ណោះ ហើយបន្ទាប់មកនោះគឺពួកគេមិនទាន់ទទួលការកោះហៅ ឬដំណោះស្រាយណាមួយឡើយពីសាលាដំបូងរាជធានីភ្នំពេញ។

លោកស្រីគង់ ច័ន្ទម៉ាលីស ម្តាយរបស់កុមារដែលរងគ្រោះក្រោយការប្រើប្រាស់ម្សៅទឹកដោះគោNutrilatt បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះថា ការណ៍ដែលមិនទាន់បានទទួលដំណោះស្រាយសមស្របនេះហើយ ទើបក្រុមអាណាព្យាបាលទាំង២១គ្រួសារសម្រេចចិត្តដាក់ញត្តិទៅក្រសួងយុត្តិធម៌ដើម្បីស្នើឲ្យរដ្ឋមន្ត្រីមានការអន្តរាគមន៍។

បើតាមម្តាយកុមាររងគ្រោះមួយរូបនេះ ការកោះហៅចូលបំភ្លឺចំនួន២ដងមកនោះ គឺមិនមានដំណោះស្រាយអ្វីសោះឡើយ ព្រោះភាគីក្រុមហ៊ុននាំចូលម្សៅទឹកដោះគោមិនព្រមទូទាត់ទៅតាមសំណងដែលក្រុមអាណាព្យាបាលទាមទារ។ តាមលោកស្រី ការផ្តល់សំណងជាទឹកប្រាក់ចំនួន២ពាន់ដុល្លារក្នុងមួយគ្រួសារគឺជារឿងមួយដែលមិនអាចទទួលយកបាន ខណៈដែលទារកនិងកុមារនីមួយៗមានការប៉ះទង្គិចផ្នែកសុខភាពខុសៗគ្នា។ លោកស្រីគង់ ច័ន្ទម៉ាលីស បានអះអាងថា នេះគឺជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កុមារដែលជាទំពាំងស្នងឫស្សី ដែលត្រូវរងគ្រោះដោយសារការប្រើប្រាស់ម្សៅទឹកដោះគោរកឃើញថាខ្វះសារធាតុចិញ្ចឹម។

ជុំវិញការដាក់ញត្តិចូលទៅក្រសួងយុត្តិធម៌នៅព្រឹកនេះ លោកជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងនឹងពិនិត្យមើលតាមសមត្ថកិច្ច ហើយថាពន្លឿនយ៉ាងណាត្រូវរង់ចាំអ្នកជំនាញពិនិត្យវាយតម្លៃ។

ជាមួយគ្នានេះដែរ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះដែរ តាមរយៈការកោះហៅចំនួន២ដងរួចមកហើយនោះ មកដល់ពេលនេះសំណុំរឿងត្រូវបានបញ្ជូនដល់អង្គជំនុំជម្រះហើយតុលាការនឹងពិនិត្យមើល។ បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក្រោយការពិនិត្យលម្អិតម្តងទៀត តុលាការនឹងអាចបើកការជំនុំជម្រះនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ជូនថា វិវាទរវាងក្រុមអាណាព្យាបាល និងក្រុមហ៊ុននាំចូលម្សៅទឹកដោះគោ Nutrilatt បានអូសបន្លាយជាង១ឆ្នាំមកហើយ។ វិវាទដែលអាជ្ញាធរបានរកឃើញថា ម្សៅទឹកដោះគោ Nutrilatt ចំនួន៦លេខ ខ្វះនូវ​សារធាតុ​ចិញ្ចឹម​ ​និង​ជាតិ​ដែក​ដល់​ទារក ដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់។ យ៉ាងណាមិញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏ធ្លាប់បានទុកពេលឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាលើសំណងផ្លូវចិត្តណាមួយដែលសមស្រប។ ក៏ប៉ុន្តែនៅតែគ្មានលទ្ធផលទើប ក.ប.ប សម្រេចបញ្ជូនសំណុំរឿងនេះឡើងទៅកាន់ដៃតុលាការកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ