អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ដ្បិតយុទ្ទនាការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ១៩បិទបញ្ចប់ តែកម្ពុជានៅបន្តរឹតបន្តឹងតាមសភាពការណ៍ជាក់ស្តែង

រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទបញ្ចប់​ការអនុវត្ត​យុទ្ធនាការ​ពង្រឹងវិធានការ​ប្រយុទ្ធ ​និងទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​នៅទូទាំងប្រទេស ​ប៉ុន្តែការរឹត​បន្តឹង​វិធានការ​ផ្សេងៗទៀត​នឹងនៅតែ​បន្តអនុវត្ត​តាមភូមិសាស្ត្រ​រាជធានីខេត្តនានា ​ដោយផ្អែកតាម​ស្ថានការណ៍​ជាក់ស្តែង​នៃជំងឺ​កូវីដ១៩​។​ ចំពោះភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​​អាជ្ញាធរ​បិទបញ្ចប់​តែបម្រាបគោចរនា​ពេលរាត្រីប៉ុណ្ណោះ​ ចំណែកឯ​វិធានការ​ដទៃទៀត​ គឺនៅតែបន្ត​ដូចពេលមុនដដែល​។​ រីឯ​ខេត្តឧត្តរមានជ័យ​ឯណោះវិញ​គឺ​នឹងនៅតែបន្ត​អនុវត្ត​វិធានការ​ដូចមុនទាំងអស់ ​រយៈពេល​៧ថ្ងៃទៀត​។

កងកម្លាំងសមត្ថកិច្ចចុះល្បាតដើម្បីអនុវត្តន៍បម្រាមគោចរកាលពីពេលថ្មីៗនេះ
កងកម្លាំងសមត្ថកិច្ចចុះល្បាតដើម្បីអនុវត្តន៍បម្រាមគោចរកាលពីពេលថ្មីៗនេះ © សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចរបស់​រដ្ឋាភិបាលកម្ពុជានាថ្ងៃ​ទី​១៩​សីហា ​​បិទបញ្ចប់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩​​ គឺធ្វើឡើង​ដោយមានការសង្កេតឃើញ​​ប្រសិទ្ធភាព​​នៃការ​ទប់ស្កាត់​​ចរន្តឆ្លង​នៃមេរោគកូវីដ​១៩ ជាពិសេសដែលតា ក្រោយបានដាក់ចេញ​វិធានការ​តឹងរ៉ឹងប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងក្របខណ្ឌ័ទូទាំងប្រទេសអស់រយៈពេល២១ថ្ងៃកន្លងមក។

ចាប់ពីថ្ងៃទី​២០សីហានេះតទៅ ការរឹតបន្តឹងវិធានការផ្សេងៗទៀតនឹងនៅតែបន្តអនុវត្តតាមភូមិសាស្ត្ររាជធានីខេត្តនានា ដោយផ្អែកតាមស្ថានការណ៍ជាក់ស្តែងនៃជំងឺកូវីដ១៩។

ជាក់ស្តែង នៅ​​ភូមិសាស្ត្រ​នៃរាជធានីភ្នំពេញ​ត្រូវបាន លោក ឃួង ស្រេង ​អភិបាលក្រុង តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក នាថ្ងៃទី​២០សីហា​នេះ លើកឡើងថា អាជ្ញាធរសម្រេចបិទ​បញ្ចប់តែបម្រាមគោចរក្នុងពេលរាត្រីប៉ុណ្ណោះ ចំណែកវិធានការផ្សេងៗទៀត ដូចជាការផ្អាកនូវអាជីវកម្មដែលមានកម្រិតហានិភ័យខ្ពស់ ការហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅ នៅតែបន្តអនុវត្តដដែល។

នៅខេត្តឧត្តរមានជ័យឯណោះវិញ លោកអភិបាលរងខេត្ត ឌី រ៉ាដូ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នា​ថ្ងៃទី២០សីហា ថា ទោះបីជារដ្ឋាភិបាលបញ្ចប់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩យ៉ាងណាក្តី អាជ្ញាធរបានសម្រេចបន្តអនុវត្តវិធានការមុនទាំងអស់ រយៈពេល៧ថ្ងៃបន្ថែម​ទៀត រួមមានហាមមិនឱ្យមានការជួបជុំគ្នាច្រើន ការបន្តបិទកន្លែងកម្សាន្ត និងវិធានការសុខាភិបាលនានា។ សេចក្តីសម្រេចនេះ​ គឺ​ដោយ​មានការសង្កេតឃើញ​ពីស្ថានភាពជាក់ស្តែងក្នុងខេត្តមិនទាន់មានភាពល្អប្រសើរនៅឡើយ។

គួរជម្រាបជូនថា នៅក្នុងរយៈ​ពេលចុងក្រោយនេះ អាត្រាអ្នក​ស្លាប់ប្រចាំថ្ងៃ​ដោយសារជំងឺកូវីដ​១​៩ បានធ្លាប់ចុះ​មកត្រឹម​១២-១៤នាក់តែប៉ុណ្ណ៉ោះ គិតចាប់ពីដើមខែសីហាមក។ ចំណែកអាត្រា​ឆ្លងថ្មីប្រចាំថ្ងៃ​វិញគឺ ​បានធ្លាក់ចុះ​ពី​ខ្ទង់ក្បែរពាន់ករណី​ មកត្រឹម​៤០០ទៅ​៥០០ករណី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ