អានតួអត្ថបទ
កម្ពុជា-សុខភាព

ក្រសួងធនធានទឹកនិងឧតុនិយម៖ ការកើនសន្ទស្ស៍នៃUVទៅដល់កម្រិត១០ អាចបង្កជារោគស្បែកដូចជាមហារីក

ក្រសួង​ធនធានទឹក​និងឧតុនិយម​ តាមរយៈ​អ្នកនាំពាក្យ​នៅថ្ងៃពុធនេះ ​បានចេញមក​បញ្ជាក់ពី​កម្រិត​ហានិភ័យ​នៃការកើនសន្ទស្ស​នៃកាំ​រស្មី​ព្រះអាទិត្យ​UVដល់កម្រិត១០ថា​ នឹងអាចបង្ក​ទៅជា​រោគស្បែក​ ដូចជាមហារីក​ ប្រសិនបើ​ពលរដ្ឋនៅក្រោម​កម្តៅព្រះអាទិត្យ​រយៈពេលយូរ​នៅចន្លោះម៉ោង​១០ព្រឹកដល់ម៉ោង២​រសៀល។​ ការចេញមកបញ្ជាក់​ដូច្នេះធ្វើឡើង​បន្ទាប់ពី​ក្រសួងធនធានទឹ​កនិងឧតុនិយម​កាលពីថ្ងៃ​អង្គារម្សិលមិញ​ បានចេញនូវ​សេចក្តីជូនដំណឹង​ពីសន្ទស្សន៍​នៃការកើនឡើង​កាំរស្មីព្រះអាទិត្យ​UV ​ដែលបង្ក​ឲ្យមានហានិភ័យ​ និងប៉ះពាល់​ដល់សុខភាព​មនុស្ស ​សត្វនិងរុ​ក្ខជាតិ។

ការឡើងកម្ដៅនៃព្រះអាទិត្យដែលអាចប៉ះពាល់ដល់សុខភាពស្បែក
ការឡើងកម្ដៅនៃព្រះអាទិត្យដែលអាចប៉ះពាល់ដល់សុខភាពស្បែក © Internet
ផ្សាយពាណិជ្ជកម្ម

នៅពេលសន្ទស្សន៍កើនដល់កម្រិត៩ឬ១០ ដែលខ្ពស់បំផុតនោះ គឹវានឹងបង្កផលប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សសត្វ និងសភាវៈមានជីវិតនានា នៅពេលដែលទទួលរងនូវUV កម្រិតខ្ពស់នេះដោយផ្ទាល់ ដែលអាចបង្កជារោគស្បែកផ្សេងៗដូចជាមហារីកស្បែកនិងការប៉ះពាល់ចំពោះភ្នែកនិងសុខភាព។ នេះគឺជាការបញ្ជាក់ពីលោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយមប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះ។ បើតាមលោកអ៊ុំ រីណា គេអាចកំណត់សន្ទស្សន៍នៃកាំរស្មីព្រះអាទិត្យUV ពីខ្សោយទៅខ្លាំង ពី១ដល់១០ ហើយកម្រិត៩ឬ១០ ជាកម្រិតដែលមានហានិភ័យខ្ពស់ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ បន្ថែមពីនេះលោកអ៊ុំ រីណា ពន្យល់ថាកាំរស្មីពន្លឺព្រះអាទិត្យ UV ដែលថាជាកាំរស្មីពន្លឺពណ៌ស្វាយ គឺជាជាពន្លឺចាំងឆ្លុះដែលបញ្ចេញពីព្រះអាទិត្យមកលើផ្ទៃដីជាប្រចាំថ្ងៃ។

នៅចំពោះមុខនៃការកើនឡើងសន្ទស្សន៍កាំរស្មីព្រះអាទិត្យUVនេះ ប្រធាននាយកដ្ឋានឧតុនិយមរូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋគប្បីកុំចេញក្រៅនៅចន្លោះម៉ោង១០ព្រឹកដល់ម៉ោង២រសៀល ប្រសិនបើគ្មានករណីចាំបាច់ ព្រោះថាចន្លោះម៉ោងនេះ ព្រះអាទិត្យនឹងបញ្ចេញកម្តៅខ្លាំង។ ក៏ប៉ុន្តែក្នុងករណីចាំបាច់គួរណាប្រើប្រាស់សំលៀកបំពាក់ឲ្យបានជិតខ្លួន រួមទាំងវ៉ែនតាការពារកម្តៅថ្ងៃ និងអាចមានជាឡេ ប្រេងលាបការពារស្បែក។ ព្រោះដើម្បីកាត់បន្ថយការរងផលប៉ះពាល់ពីសំណាក់កាំរស្មីព្រះអាទិត្យ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃអង្គារម្សិលមិញនេះ បានចេញនូវសេចក្តីជូនដំណឹងពីសន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យUV រហូតដល់កម្រិត១០ នៅតាមបណ្តាប្រទេសនៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨សីហាដល់ថ្ងៃទី២៤សីហា ក្នុងចន្លោះម៉ោង១០ព្រឹកដល់ម៉ោង២រសៀល។ នេះបើតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោកWMO។ ក្រសួងធនធានទឹកនិងឧតុនិយមក៏បានព្រមានពីហានិភ័យដល់សុខភាពមនុស្ស និងស្នើឲ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន ខណៈភាគីក្រសួងផ្ទាល់នឹងតាមដានបន្តជុំវិញបាតុភូតធម្មជាតិនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ