អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

WHOថា យុទ្ធនាការថ្មីរបស់ក្រសួងសុខាភិបាលនឹងជួយកាត់បន្ថយការឆ្លងជំងឺកូវីដ១៩កាន់តែមានប្រសិទ្ធភាពនៅកម្ពុជា

ក្រសួងសុខាភិបាល​កម្ពុជា​នៅព្រឹកថ្ងៃចន្ទ​នេះបានចាប់ផ្តើម​បើកយុទ្ធនាការ​ថ្នាក់ជាតិថ្មីមួយទៀត​ក្រោមប្រធានបទ«រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លងវីរុស ​កូវីដ១៩»​ ស្របពេលដែល​ករណីវីរុសកូវីដ១៩​ ជាពិសេស​ ប្រភេទដែលតា​កំពុងរីករាលដាល​ខ្លាំងនៅក្នុងប្រទេស​កម្ពុជា​។​ ជុំវិញយុទ្ធនាការ​ថ្មីនេះ ​អង្គការ​សុខភាពពិភពលោក​(WHO) ​បានប្រកាសគាំទ្រ​ និងអះអាងថា ​តាមរយៈយុទ្ធនាការថ្នាក់ជាតិ​នេះ កម្ពុជាកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់បន្ថែមទៀត​ក្នុងការប្រយុទ្ធ​ប្រឆាំង​ជាមួយមេរោគ​កូវីដ១៩​។​

ការធ្វើតេស្តទៅលើប្រជាពលរដ្ឋដែលសង្ស័យករណីជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩
ការធ្វើតេស្តទៅលើប្រជាពលរដ្ឋដែលសង្ស័យករណីជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុស កូវីដ១៩»នៅព្រឹកថ្ងៃចន្ទនេះ លោកស្រី លី អៃលែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានអះអាងថា យុទ្ធនាការដែលដាក់ចេញនៅពេលនេះ គឺយុទ្ធនាការមួយដែលសមស្រប និងត្រឹមត្រូវ ហើយទាន់ស្ថានការណ៍បំផុត ដើម្បីប្រយុទ្ធប្រឆាំងនៃវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ តាមរយៈយុទ្ធនាការថ្មីនេះ លោកស្រីលី អៃលែន បានមើលឃើញជាវិជ្ជមានដែរថា ប្រទេសកម្ពុជានឹងអាចទទួលបានលទ្ធផលវិជ្ជមានខ្ពស់ក្នុងការកាត់បន្ថយចំនួនអ្នកឆ្លង និងអាចឈានដល់ការកាត់ផ្តាច់ទាំងស្រុងនូវខ្សែចម្លងក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

ជាមួយនឹងភាពវិជ្ជមាននៃយុទ្ធនាការនេះ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាក៏បានគូសបញ្ជាក់ឱ្យដឹងដែរថាការងារបន្ទាប់ក្រោយពីប្រកាសបើកយុទ្ធនាការនេះ គឺត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យទាន់ពេលវេលា និងមានល្បឿនលឿនដើម្បីទប់ទល់នៃមេរោគបំប្លែងថ្មី ក៏ដូចជាពន្លឿនការចាក់វ៉ាក់សាំង ការចូលរួមពីបុគ្គលនានា និងកិច្ចអន្តរាគមន៍ ត្រួតពិនិត្យចំពោះកន្លែងដែលមានករណីឆ្លងខ្ពស់។  

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យុទ្ធនាការថ្នាក់ជាតិនេះ គឺមានគោលបំណង ក្រើនរំលឹក ពញ្ញាក់ស្មារតី និងជម្រុញឱ្យមានការចូលរួមពីបុគ្គល គ្រួសារ និងសហគមន៍  ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងនិងការសាយភាយនូវមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទដែលតាដែលកំពុងចរាចរណ៍នៅទូទាំងប្រទេស។

យ៉ាងណាមិញ លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យបានអះអាងថា យុទ្ធនាការដែលបានដាក់ចេញនេះគឺជាសកម្មភាពចម្បងមួយដែលប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។​ ការអនុវត្តវិធានការសុខាភិបាលនេះ ក៏ត្រូវបានអនុវត្តរួមគ្នាជាមួយវិធានការច្បាប់ផងដែរដើម្បីជាយន្តការជម្រុញប្រសិទ្ធភាពកាន់តែខ្លាំង ខណះការអនុវត្តនាពេលកន្លងមកមានភាពខ្លះចន្លោះ និងមិនមានការចូលរួមពីប្រជាពលរដ្ឋមួយចំនួន។ ​​

ដោយបង្កានូវបញ្ហាធ្ងន់ធរនាពេលអនាគតលោកស្រីឱ វណ្ណឌីនលើកឡើងថា ការដាក់ចេញនូវវិធានសុខាភិបាលព្រមគ្នាជាមួយវិធានការច្បាប់នេះ គឺដោយសារក្រសួងមិនចង់ឃើញមហន្តរាយសុខភាពសាធារណៈដែលអាចកើតមានឡើងនាពេលខាងមុខនោះទេ។

សូមបញ្ជាក់ថា យុទ្ធនាការនេះបង្កើតឡើងស្របពេលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅឡើយ ជាពិសេស វីរុសបំប្លែងថ្មីដែលតា។ វាក៏កើតឡើងចំពេលដែលក្រសួងសុខាភិបាលកម្ពុជាកំពុងបន្តសម្រុកចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទាំងលើអាយុ១៨ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលក៏កំពុងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញដល់មនុស្សគោលដៅ ដូចជាគ្រូពេទ្យ មន្រ្តីរាជស៊ីវិល និងកងកម្លាំងប្រដាបអាវុធជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ