អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

អ្នកជំនាញ៖ ពលរដ្ឋខេត្តមណ្ឌលគិរីគួរពង្រឹងភាសាបរទេសឲ្យបានប្រសើរដើម្បីទាក់ទាញភ្ញៀវអន្តរជាតិពេលខាងមុខ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​ទី​០៩​សីហា​កន្លង​ទៅ​ បាន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​មេអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​២០២១-២០៣៥ ​ដែល​បាន​សិក្សា​អស់​ពេល​ជាង​មួយ​ឆ្នាំ​។ នៅ​ចំពោះ​មុខ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​មេ​នេះ​ អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​មើល​ឃើញ​ថា​ជា​រឿង​ល្អ​ប្រសើរ​ ត្បិត​ខេត្ត​មណ្ឌលគិ​រីសម្បូរ​តំបន់​អេកូទេសចរណ៍​ធម្មជាតិ​។ តែ​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​នោះ​ គឺ​ពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី​ត្រូវ​ត្រៀម​ខ្លួន​ពង្រឹង​សមត្ថភាព​និង​ភាសាបរទេស ​ពេល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អាច​មក​កម្សាន្ត​នា​ពេល​ខាង​មុខ​។

រូបគោព្រៃតំណាងខេត្តមណ្ឌលគិរី
រូបគោព្រៃតំណាងខេត្តមណ្ឌលគិរី © សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃអាទិត្យទី១៥សីហានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានសម្តែងការសាទរជុំវិញការដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥។ នេះក៏ដោយសារថាខេត្តភូមិភាគឥសានមួយនេះ សម្បូរទៅដោយសក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម និងតំបន់ធម្មជាតិ ដែលជាផ្នែកទាក់ទាញនូវភ្ញៀវទេសចរកន្លងមក។ បើតាមលោកស្រី ឆាយ ស៊ីវលីន ការដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នឹងមានលទ្ធភាពជួយប្រជាពលរដ្ឋក្នុងខេត្តមួយនេះបន្ថែម ឲ្យទទួលបានចំណូលផ្គត់ផ្គង់ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍។

តែយ៉ាងណាមិញនៅចំពោះមុខនៃការអនុម័តផែនការមេ និងការផ្អាកជាបណ្តោះអាសន្ននូវភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជានោះ លោកស្រីឆាយ ស៊ីវលីន មើលឃើញថានេះជាឱកាសឲ្យប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅក្នុងខេត្តមណ្ឌលគិរី ចេះសម្លឹងមើលពីផលប្រយោជន៍ដែលអាចទទួលបានពីវិស័យទេសចរណ៍ ព្រមទាំងការត្រៀមខ្លួនឲ្យបានល្អក្នុងការពង្រឹងសមត្ថភាពផែ្នកភាសាបរទេសឲ្យបានល្អ ព្រោះថាកន្លងមកខេត្តនៅតំបន់ភូមិភាគឥសានមួយនេះនៅខ្វះធនធានក្នុងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវអន្តរជាតិនៅឡើយ។ ដូច្នេះការពង្រឹងផ្នែកភាសាបរទេសនេះនឹងជួយដល់ពលរដ្ឋក្នុងខេត្តផ្ទាល់អាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នៅពេលដែលរដ្ឋាភិបាលមកទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។

គួរជម្រាបជូនថាផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥ ត្រូវបានក្រសួងទេសចរណ៍សិក្សាអស់រយៈពេល១ឆ្នាំ មុននឹងប្រមុខរដ្ឋាភិបាលសម្រេចអនុម័តដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី០៩សីហាកន្លងទៅនេះ។ តាមគម្រោងផែនការមេនេះ នឹងផ្តល់អាទិភាពទៅតំបន់ចំនួន៦នៅក្នុងខេត្តរួមមាន តំបន់របៀងអេកូទេសចរណ៍និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ តំបន់របៀងទេសចរណ៍វប្បធម៌និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ តំបន់ក្រុងសែនមនោរម្យ តំបន់ស្រុកអូរាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី តំបន់ប្រជុំជននៃស្រុកកោះញែក និងតំបន់ទេសចរណ៍សមាហ័រណតាមច្រកព្រំដែន។

បើតាមក្រសួងទេសចរណ៍ ផែនការមេនេះនឹងមានលទ្ធភាពបង្កើតការងារដល់ពលរដ្ឋប្រមាណ៨ម៉ឺនកន្លែងនិងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារសម្រាប់សេដ្ឋកិច្ចជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ