អានតួអត្ថបទ
កម្ពុជា-វ៉ាក់សាំងកូវីដ១៩

WHO សាទរថាការចាក់វ៉ាក់សាំងលឿននៅកម្ពុជា តែព្រមានថាសុទិដ្ឋិនិយមចំពោះវ៉ាក់សាំងខ្លាំងពេក អាចបង្កគ្រោះថ្នាក់

អង្គការ​សុខភាព​ពិភពលោក​(WHO)​ បានបង្ហាញ​នូវការកោតសរសើរ​ដល់ប្រទេស​កម្ពុជា​ ដែលសម្រេច​បានជោគជ័យ ​នៅក្នុងការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ដល់ប្រជាពលរដ្ឋ​របស់ខ្លួន​ មុនកាល​កំណត់ ​ធៀបទៅនឹង​ផែនការ​ ដែលបានគ្រោងទុក​។ ​តាម WHO ​ការចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩​ គឺជាយុទ្ធសាស្ត្រ​ដ៏ខ្លាំងមួយ​ ក៏ប៉ុន្តែ​វាមិនមែនជា​ដំណោះស្រាយ​វេទមន្ត​ ដើម្បីបញ្ចប់​ជំងឺ​រាតត្បាត​កូវីដ-១៩នោះទេ។​

ទិដ្ឋភាពនៃប្រជាជនរង់ចាំចាក់វ៉ាក់សាំងកូវីដ១៩ (រូបតំណាង)
ទិដ្ឋភាពនៃប្រជាជនរង់ចាំចាក់វ៉ាក់សាំងកូវីដ១៩ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការសុខភាពពិភពលោក(WHO) ឲ្យដឹងថា អង្គការពិភពលោកនេះ បានផ្តល់ការគាំទ្រផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេសដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះមានការវិភាគស្ថានភាព ការផ្តល់យោបល់គោលនយោបាយអំពីការផ្តល់អាទិភាព ការធ្វើផែនការអនុវត្ត និងការតាមដានការចាក់វ៉ាក់សាំង រួមទាំងការបណ្តុះបណ្តាលបុគ្គលិក និងគ្រប់គ្រងស្ថានការណ៍មិនល្អ ក្រោយពីចាក់វ៉ាក់សាំងរួច។

ប្រទេសកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយផ្តើមពីការប្រើប្រាស់វ៉ាក់សាំងចិន Sinopharm។ គិតមកដល់ថ្ងៃទី១២ ខែសីហា ម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនចំនួនជាង ៨,៦លាននាក់(ជាង៨០%) ក្នុងចំណោមមនុស្សពេញវ័យ ១០លាននាក់។ ជាមួយគ្នានេះ កុមារ និងយុវជន ចាប់ពីអាយុ ១២ឆ្នាំដល់១៧ឆ្នាំ ចំនួនជិតកន្លះលាននាក់ ក៏ត្រូវបានចាក់វ៉ាក់សាំងចិនប្រភេទ Sinovacផងដែរ ក្នុងផែនការ ២លាននាក់។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាថ្លែងថា ភាពក្លាហាន ការយល់ចិត្ត និងសេចក្តីស្រលាញ់ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះប្រទេសជាតិ និងមនុស្សជាទីស្រលាញ់របស់ខ្លួន តែងតែជម្រុញចិត្តលោកស្រី។ ជាមួយនឹងសកម្មភាពបុគ្គល និងសមូហភាព យកឈ្នះនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន។

ទោះយ៉ាងណា អង្គការសុខភាពពិភពលោកបញ្ជាក់ថា ប្រជាជនកម្ពុជា ព្រោះតែបានចាក់វ៉ាក់សាំងរួចហើយៗ មិនអាចភ្លេចខ្លួន មិនគោរពតាមវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ អនាម័យដៃ រក្សាគម្លាតសុវត្ថិភាពសង្គមនោះទេ។ អង្គការសុខភាពពិភពលោកក៏បានអបអរដែរ ចំពោះការធ្លាក់ចុះ ជាបណ្តើរៗហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ប៉ុន្តែបានព្រមានថា ហានិភ័យនៅតែបន្តមាន ខណៈដែលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា កំពុងគម្រាមកំហែងពិភពលោក ក៏ដូចជាកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ