អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជានឹងទទួលបានថវិកាជំនួយចំនួន២៤០លានដុល្លារពី IMF

ប្រទេស​កម្ពុជា​នឹងទទួលបាន​ថវិកាជំនួយ​ ២៤០លានដុល្លារ​ពីទុនបម្រុង​ទូទៅ​របស់​គណនី​មូលនិធិ​ពិសេសSDR ​ដែលក្រុមប្រឹក្សាភិបាល​នៃមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​បានអនុម័ត​កាលពីដើមខែ​សីហានេះ។​  ថវិកាដែល​កម្ពុជា​គ្រោងនឹងទទួល​បានពីមូលនិធិ​តម្លាភាព​ថវិកា SDR​  គឺដើម្បី​ចូលរួមដោះស្រាយ​វិបត្តិ​កូវីដ១៩​ និងស្តារសេដ្ឋកិច្ច​ឡើងវិញ​របស់រដ្ឋាភិបាល​កម្ពុជា។

ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)
ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់អង្គការអុកស្វាមបានឱ្យដឹងនៅថ្ងៃពុធនេះថា ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMF បានអនុម័តការវិភាជថវិកា រឺហៅថាទុនបម្រុងទូទៅមួយពីគណនីមូលនិធិពិសេស លើកទី១ជាប្រវិត្តសាស្រ្ត ដែលស្មើនឹងទឹកប្រាក់៦៥០ពាន់លានដុល្លារដើម្បីជម្រុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោក។

បើតាមប្រភពដដែល ប្រទេសកម្ពុជាក៏នឹងទទួលបានជំនួយចំនួន២៤០លានដុល្លារ ពីការអនុម័តទុនបម្រុងទូទៅរបស់គណនីមូលនិធិពិសេស SDRផងដែរ។

SDRs គឺជាទម្រង់នៃរូបិប័ណ្ណសកលមួយដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយឥតសំណង់ ជូនប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហើយការប្រើប្រាស់មូលនិធិនេះ គឺជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិដោយផ្ទាល់។

លោកស្រី លឹម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម​ថ្លែងក្នុងសេចក្តីប្រកាសព័ត៍មានថា ថវិកាSDRថ្មីនេះនឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីដោះស្រាយទប់ទល់ផលប៉ះពាល់នៃជំងឺកូវីដ១៩ និងស្តារលំនឹងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

តាមរយៈ​មូលនិធិ ដែលអុកស្វាមបានអំពាវនាវឱ្យមានការផ្តល់ថវិកាជួយសង្គ្រោះសេដ្ឋកិច្ចចំពោះប្រទេសកំពុងអភិវឌ្ឍន៍ លោកស្រី សូលីនបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាគួរទាញយកផលប្រយោជន៍ដើម្បីផ្តល់ការគាំទ្របន្ថែម និងជួយអន្តរាគមន៍ឆ្លើយតបនូវជំងឺកូវីដ១៩ស្របតាមលក្ខណៈបរិយាប័ន្នដោយគ្មានការរើសអើង។

សូមបញ្ជាក់ថា ថវិកាSDRs នឹងចូលជាធរមាននៅថ្ងៃទី២៣ ខែសីហា ហើយថវិកាចំនួន៦៥០ពាន់លានដុល្លារនឹងត្រូវបែងចែកដោយផ្អែកតាមកូតា និងចំណែករបស់ប្រទេសនីមួយៗនៅក្នុងIMF។ ក្នុងនោះតម្លាភាពថវិកា​SDRsចំនួន៦៥០ពាន់លានដុល្លារនេះ នឹងផ្តល់ប្រាក់បម្រុងបន្ថែមជិត ៤០០ពាន់លានដុល្លារដល់ប្រទេសដែលមានជាងគេបំផុតលើពិភពលោក ហើយប្រាក់បម្រុងជិត២៣០ពាន់លានដុល្លារសម្រាប់ប្រទេសមានប្រាក់ចំណូលមធ្យម និង២១ពាន់លានដុល្លារទៀតមកឱ្យប្រទេសមានប្រាក់ចំណូលទាប។ 

យោងតាមរបាយការណ៍របស់មូលនិធិអន្តរជាតិ ប្រទេសចំនួន១០ក្នុងតំបន់អាស៊ានក៏ទទួលបានចំណែកនៃជំនួយនេះផងដែរ រួមមាន ឡាវចំនួន១៤០លានដុល្លារ ប្រ៊ុយណេចំនួន៤១០លានដុល្លារ មីយ៉ាន់ម៉ាចំនួន៧១០លានដុល្លារ វៀតណាមចំនួន១៥៨០លានដុល្លារ ហ្វីលីពីនចំនួន២៧៩០លានដុល្លារ ថៃចំនួន៤៣៩០លានដុល្លារ ម៉ាឡេស៊ីចំនួន៤៩៦០លានដុល្លារ សឹង្ហបុរីចំនួន ៥៤២០លានដុល្លារ និងឥណ្ឌូនេស៊ីចំនួន៦៣៥០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ