អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នករាយការណ៍សិទ្ធិមនុស្សថ្មីប្រចាំនៅកម្ពុជាចេញមុខសម្តែងកង្វល់ពីការបន្តឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស៧នាក់

អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ លោកVitit Muntarbhorn​ រួមទាំងអ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​៤រូបទៀត​នៅព្រឹកថ្ងៃចន្ទនេះ ​បានចេញមុខ​សម្តែង​នូវការព្រួយ​បារម្ភអំពី​ការបន្ត​ឃុំខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​៧រូប​របស់​តុលាការ​កម្ពុជា។​ សម្រាប់អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ ការបន្ត​ឃុំខ្លួន​ពួកគេ ​គឺបំពាន​ទៅនឹង​សិទ្ធិទទួល​បានការជំនុំ​ជម្រះដោយយុត្តិធម៌​។​ ប៉ុន្តែ​ អាជ្ញាធរ​កម្ពុជា​បានច្រានចោល​ការលើកឡើង​របស់អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ​។

សកម្មជនការពារសិទ្ធិមនុស្ស៧រូបដែលត្រូវបានឃុំខ្លួនដោយតុលាការកម្ពុជា
សកម្មជនការពារសិទ្ធិមនុស្ស៧រូបដែលត្រូវបានឃុំខ្លួនដោយតុលាការកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុក អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកVitit Muntarbhorn រួមជាមួយអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចំនួន៤រូបទៀតបានសម្តែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើអ្នកការពារសិទ្ធិមនុស្ស៧នាក់ពីសំណាក់តុលាការកម្ពុជា។ ពួកគេទាំង៧នាក់នេះ គឺកញ្ញា ឈឿន ដារ៉ាវី លោកហ៊ុន វណ្ណៈ  លោកកើត សារ៉ាយ លោកថា ឡាវី កញ្ញាអេង ម៉ាឡៃ លោកមួង សុភ័ក្រ្ត និង លោកមាន ព្រហ្មមុនី។ សម្រាប់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការបន្តឃុំខ្លួនពួកគេទាំង៧នាក់ គឺហាក់ធ្វើឡើងដោយបំពាន និងដកហូតសេរីភាពរបស់ពួកគេដោយគ្រាន់តែពួកគេធ្វើការឆ្លើយតបទៅនឹងការងារស្របច្បាប់ និងដោយសន្តិវិធីក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអះអាងថា ការបន្តដកហូតសេរីភាពរបស់ពួកគេ គឺបំពានដោយផ្ទាល់នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាការរំលោភបំពានសិទ្ធិក្នុងការទទួលបាន នីតិវិធីត្រឹមត្រូវ ដើម្បីទទួលបានការតំណាងតាមផ្លូវច្បាប់ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ លើសពីនេះ ទៅទៀត ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ក៏បានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អាជ្ញាធរនៅកម្ពុជាកំពុងកំណត់គោលដៅ គំរាមកំហែង និងដាក់ទោសទណ្ឌដល់ អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដែលធ្វើការងារដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

មុនការលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិបានធ្វើលិខិតទៅកាន់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិកាលពីខែមិថុនាកន្លងទៅ។ ក្រោយមក គឺនៅចុងខែកក្កដា ឆ្នាំ២០២១ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិក៏បានឆ្លើយតបទៅវិញដោយភ្ជាប់ជាមួយការបកស្រាយរបស់ក្រសួងយុត្តិធម៌កម្ពុជាពាក់ព័ន្ធនឹងករណីនេះ។

តាម​ក្រសួងយុត្តិធម៌កម្ពុជា ការលើកឡើង ក៏ដូចជាការព្រួយបារម្ភទាំងឡាយរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ គឺមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងឡើយ។ និយាយជារួម ក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ថា អ្វីដែលអាជ្ញាធរ និងតុលាការកម្ពុជាធ្វើ គឺផ្អែកទៅតាមច្បាប់ក្នុងន័យធានានូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថេរភាពសង្គម និងក៏ដូចជាធានាដល់ការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងភាពសុខដុមរមនានៅក្នុងសង្គមកម្ពុជា។

សូមបញ្ជាក់ថា សកម្មជនការពារសិទ្ធិមនុស្សទាំង៧នាក់នេះ គឺលោកហ៊ុន វណ្ណៈ  កញ្ញាឈឿន ដារ៉ាវី  កញ្ញាអេង ម៉ាឡៃ  លោកកើត សារ៉ាយ និង លោកថា ឡាវី គឺជាសកម្មជននៃក្រុមខ្មែរថាវរៈ។ ចំណែកឯ លោកមាន ព្រហ្មមុន្នី និង លោកមួង សុភ័ក្ត្រ គឺជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីខែសីហានិងខែកញ្ញាឆ្នាំ២០២០ ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោករ៉ុង ឈុន។ តុលាការសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពួកគេពីបទញុះញង់ ប៉ុន្តែពួកគេច្រានចោល ដោយថា ពួកគេគ្មានកំហុសដូចការចោទប្រកាន់ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ