អានតួអត្ថបទ
កម្ពុជា-សង្គម

ជនជាតិដើមភាគតិចស្នើឲ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីសមូហភាព

ក្រុមជនជាតិដើមភាគតិច
ក្រុមជនជាតិដើមភាគតិច © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រោមប្រធានបទ«រដ្ឋាភិបាលពិភពលោកនឹងមិនបោះបង់ចោលនរណាម្នាក់៖ជនជាតិដើមភាគតិចនិងការទាមទារឲ្យមានការគាំពារសង្គមដាច់ដោយឡែក» ក្រុមអង្គការសង្គមស៊ីវិលនិងក្រុមជនជាតិដើមភាគតិចបានពិភាក្សាគ្នាពីបញ្ហាព្រួយបារម្ភពីការបាត់បង់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចនៅកម្ពុជា។ ជាអត្តសញ្ញាណដែលជនជាតិភាគតិចសំដៅលើ ភាសាដើម ដីសមូហភាព ការរើសអើង និងតួនាទីរបស់យុវជន។

បញ្ហាដីសមូហភាព ដែលជនជាតិដើមភាគតិចដាក់ការព្រួយបារម្ភខ្ពស់ ដោយសារតែការអភិវឌ្ឍរបស់ក្រុមហ៊ុន​ឯកជននៅតាមតំបន់ដែលពួកគេរស់នៅ។ ពួកគេស្នើឲ្យបញ្ឈប់ការឈូសឆាយដីតំបន់ដំណម ដូចជាដីព្រៃអារក្ស ខណៈដែលការស្នើសុំចុះបញ្ជីដីទាំងជាសមូហភាពនៅមានសភាពយឺតយ៉ាវនៅឡើយ។ បើតាមក្រុមជនជាតិដើមភាគតិច ការបាត់បង់ដីព្រៃអារក្ស ដីកប់សព និងដីចម្ការវិលជុំ ជាការបាត់បង់នូវអត្តសញ្ញាណមួយដ៏សំខាន់ក្នុងការសម្គាល់ជនជាតិដើមភាគតិចនៅកម្ពុជា។ ម្យ៉ាងវិញទៀតពួកគេស្នើឲ្យរដ្ឋាភិបាលពិចារណាពីការលើកស្ទួយដីចម្ការវិលជុំ ដែលអាចជួយលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

វិទ្យុបារាំងអន្តរជាតិមិនទាន់អាចសុំការបញ្ជាក់ពីក្រសួងរៀបចំដែនដី នគររូនីយកម្មនិងសំណង់ជុំវិញការស្នើឲ្យពន្លឿនការចុះបញ្ជីដីសមូហភាពរបស់ជនជាតិដើមភាគតិច ដើម្បីឲ្យពួកគេមានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់នេះ បាននៅឡើយ។ តែយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា រដ្ឋាភិបាលបាននិងកំពុងគិតគូរលើបញ្ហានានាដែលជនជាតិដើមភាគតិចនៅកម្ពុជា បានជួបប្រទះ។ នៅទន្ទឹមនេះ រដ្ឋាភិបាលក៏បានរៀបចំឲ្យមានដីប្រពៃណីរបស់ក្រុមជនជាតិភាគតិច ដោយមិនឲ្យមានការទិន្ទ្រាននោះទេ។

ក្រៅពីបញ្ហាដីសមូហភាព ក្រុមជនជាតិដើមភាគតិចបានបង្ហាញកង្វល់ខ្លួនពីការបាត់បង់ភាសាដើម ខណៈដែលក្រសួងអប់រំ យុវជន កីឡា មិនទាន់រៀបចំបញ្ចូលភាសាដើម ដើម្បីឲ្យជនជាតិដើមភាគតិចបានសិក្សាគ្រប់គ្រាន់។ បើតាមក្រុមជនជាតិភាគតិច ពួកគេស្នើបន្ថែមឲ្យក្រសួងពិចារណាបង្កើតសាលារៀននៅតាមតំបន់ជនជាតិដើមភាគតិចរស់នៅ ដើម្បីឲ្យពួកគេអាចសិក្សាពីភាសាដើមរបស់ខ្លួន។

គួរបញ្ជាក់ថា តាមជំរឿនឆ្នាំ២០១៣ ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន ១៨៣៨៣១នាក់ ស្មើនឹង២.៥%នៃប្រជាជនកម្ពុជាសរុប ដែលមានប្រមាណ២៤អំបូរ មានជាអាទិ៍ ព្នង កួយ ទំពួង ចារ៉ាយជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ