អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ក្រសួងសុខាភិបាលតម្រូវឲ្យមន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវតែទទួលអ្នកជំងឺទៅព្យាបាល

ក្រសួងសុខាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី០៤​ ខែសីហា ​ម្សិលមិញ ​បានប្រាប់​ទៅមន្ទីរពេទ្យរដ្ឋ​ និងសេវា​សុខាភិបាល​ឯកជន​ទាំងអស់​ ត្រូវតែទទួលយក​អ្នកជំងឺ​ទាំងអស់​ទៅធ្វើការ​ព្យាបាល​ជាដាច់ខាត​។​ ការប្រកាស​របស់ក្រសួង​សុខាភិបាល​ដូច្នេះ ​ធ្វើឡើង​បន្ទាប់ពី​មានបាតុភាព​ និងការរិះគន់​មួយរយៈ​កន្លងមកថា ​អ្នកជំងឺ​មានសភាព​ធ្ងន់ធ្ងរ​មួយចំនួន ​ត្រូវបានបដិសេធ​ដោយមន្ទីរពេទ្យ ​និងសេវាព្យាបាល​ឯកជន​ ជាហេតុនាំឲ្យ ​ជះឥទ្ធិពល​មិនល្អ​ដល់ក្រសួង​សុខាភិបាល​។​

ទិដ្ឋភាពមន្ទីរពេទ្យមួយកន្លែង
ទិដ្ឋភាពមន្ទីរពេទ្យមួយកន្លែង © សហការី
ផ្សាយពាណិជ្ជកម្ម

មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត រួមទាំងមណ្ឌលសុខភាពទូទាំងប្រទេស និងសេវាសុខាភិបាលឯកជនទាំងអស់ ក្នុងនោះមាន មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ពព ត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យទទួលយកអ្នកជំងឺ ដោយប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងការញែកអ្នកជំងឺកូវីដ-១៩។

ចំពោះមន្ទីពេទ្យរដ្ឋ អ្នកជំងឺដែលរកទៅឃើញថាវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅបន្ទប់ដាច់ដោយឡែក។ តែបើអវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅតាមផ្នែក និងតាមបច្ចេកទេសព្យាបាលធម្មតា។

សម្រាប់មន្ទីរពេទ្យបង្អែក ស្រុក ខណ្ឌ មណ្ឌលសុខភាព ដែលមិនមានកន្លែងព្យាបាលអ្នកជំងឺកូវីដ គ្រូពេទ្យអាចបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរាជធានី ខេត្ត ដើម្បីព្យាបាល។ នេះបើតាមក្រសួងសុខាភិបាល។

ដោយឡែកចំពោះសេវាសុខាភិបាលឯកជន ក៏ត្រូវក្រសួងសុខាភិបាលណែនាំឲ្យប្រកាន់យកគោលការណ៍សង្គ្រោះអ្នកជំងឺដូចគ្នាដែរ ក៏ប៉ុន្តែត្រង់ថាអ្នកជំងឺកូវីដ-១៩ អាច ឲ្យទទួលព្យាបាលបានក្នុងករណី ដែលគ្លីនិកឯកជននោះ មានការអនុញ្ញាតឲ្យព្យាបាលជំងឺកូវីដ-១៩ ពីក្រសួងសុខាភិបាល។  ប្រសិនបើគ្លីនិច ឯកជនណា មិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល ចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋផ្នែកព្យាបាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានព្រមានដែរថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បិទទីតាំងសេវាសុខាភិបាលឯកជនណា ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួង។

ចំពោះចំណាត់ការនេះ ក្រុមអ្នកតាមដានបញ្ហាសង្គម និងសុខមាលភាពនានា បានសម្តែងការសាទរ ក៏ប៉ុន្តែនៅក្នុងស្ថានភាពរង់ចាំមើលថាតើវិធានការរបស់ក្រសួងសុខាភិបាលពេលនេះ មានឥទ្ធិពល និងប្រសិទ្ធភាពកំរិតណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ