អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ក្រុមពលរដ្ឋងាយរងគ្រោះព្រមានថាភាពអត់ឃ្លាននឹងកើនឡើងលឿនជាងការឆ្លងកូវីដ១៩ទៅទៀត

ក្រុមពលរដ្ឋ​ងាយរងគ្រោះ​ទទួច​ឲ្យមានការ​យកចិត្តទុក​ដាក់​ចំពោះ​ពួកគេ ដោយព្រមានថា​ភាពអត់ឃ្លាននឹងកើន​ឡើង​លឿនជាងការ​ឆ្លង​កូវីដ១៩ទៅទៀត​។ ​ការបង្ហាញកង្វល់​របស់ពួកគេ​គឺធ្វើ​នៅថ្ងៃទី៥សីហា​ មុនពេល​ដែល​អង្គការ​សហប្រជាជាតិ​នឹង​រៀប​ចំ​កិច្ច​ប្រជុំកំពូល​ស្តីពី​ប្រព័ន្ធ​ស្បៀងអាហារ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ។ សម្រាប់​កម្ពុជា​ក្រុមនេះបាន​ប៉ាន់​ស្មានថា​ ប្រជាជន២លាន​នាក់​ ខ្វះអាហារូបត្ថម្ភ​ ហើយក្នុងនោះកុមារ​៤០%​កើតជំងឺ​ក្រិនរ៉ាំរ៉ៃ។

ទិដ្ឋភាពប្រជាជនច្រូតស្រូវដែលជាស្បៀងអាហារសំខាន់របស់ខ្លួន (រូបតំណាង)
ទិដ្ឋភាពប្រជាជនច្រូតស្រូវដែលជាស្បៀងអាហារសំខាន់របស់ខ្លួន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

«យើងខ្ញុំ​សូម​សំដែង​នូវ​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ភាព​អត់​ឃ្លាន​ដែល​អាច​នឹង​កើន​ឡើង​យ៉ាង​លឿន​ជា​ង​ការ​ឆ្លង​កូវីដ១៩​»។ តាម​ការ​ប៉ាន់​ប្រមាណមួយ​បង្ហាញថា អាចនឹងមានការ​ប៉ះពាល់​ដល់អាយុជីវិត​ច្រើន​ជាង​ការ​ឆ្លង​ជំងឺរាតត្បាតនេះទៅទៀត។ ជាក់​ស្តែង​ចំនួន​មនុស្ស​ដែល​ជួបប្រទះនឹងបញ្ហា​អត់​ឃ្លាន​បាន​កើន​ទ្វេរដង​នៅឆ្នាំ២០២០។ ពួកគេកាន់​ច្រើនឡើងចូលដំណេក​ដោយគ្មានអាហារក្នុងក្រពះ។វិបត្តិ​ស្បៀងអាហារ​មិន​ដែល​កើតមាន និង​ឈានដល់​កម្រិត​ខ្ពស់ដូច​នាពាក់​កណ្តាលសត្សវត្សរ៍ចុងនេះទេ។ ទាំងអស់នេះ​គឺ​ជាការបរិយាយ​នៅក្នុង​លិខិតចំហ​របស់​ក្រុម​កសិករ និងអ្នកដែល​រងគ្រោះ​ដីធ្លី ប្រជានេសាទ កម្មករ អ្នក​ប្រកប​មុខ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជនជាតិ​ដើម​ភាគតិច សហជីព និង​សង្គមស៊ីវិល ដែល​មាន​សរុបចំនួន៨៧​ស្ថាប័ន​។

ការ​បរិយាយពីទុក្ខលំបាក​របស់ពួកគេ​គឺធ្វើ​នៅថ្ងៃទី៥សីហា​ មុនពេល​ដែល​អង្គការ​សហប្រជាជាតិ​នឹង​រៀប​ចំ​កិច្ច​ប្រជុំកំពូល​ស្តីពី​ប្រព័ន្ធ​ស្បៀងអាហារ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ។ ជាកិច្ចប្រជុំ​​ក្នុង​បំណង​បង្កើន​ចំណី​អាហារ​ និង​កសិកម្ម​ ដើម្បី​ពន្លឿន​គោល​ដៅ​អភិវឌ្ឍ​សហសវត្សរ៍​ប្រកប​ដោយ​ចីរភាព​នៅក្រោម​គោលដៅរួមគឺ«ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្បៀងអាហារ ឆ្ពោះទៅ​រក​របបអាហារ​ដែល​មាន​សុខមាលភាព​ រស់​នៅប្រកប​ដោយ​សុភមង្គល និង​ការពារ​ភពផែនដីរបស់យើង»។​

បើតាម​ក្រុម​នេះ​ ការ​អនុវត្តន៍​ក្របខណ្ឌសេរីភាវូបនីយកម្មថ្មីក្នុង​វិស័យនេះ​អស់​ជាច្រើន​ទស្សវត្សរ៍មក​ បាន​បង្កើត​ឲ្យ​មានគម្លាត​ដ៍ធំ​រវាងអ្នកមាន និងអ្នកក្រ ឬប្រទេស​អ្នក និង​ប្រទេស​អ្នកក្រ។ ជាពិសេស​បណ្តាល​ឲ្យមាន​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​ទៅ​ដល់​អ្នក​ផលិត​ស្បៀង​នៅ​តំបន់​ភាគ​ខាង​ត្បូងពិភពលោក។ ភាពអត់​ឃ្លាន​បានកើត​មានឡើង​ជាច្រើន​ឆ្នាំជាប់ៗគ្នា​ ខណៈ​ដែល​មានកំណត់​ត្រា​នៃការ​ប្រមូល​ផល​កសិកម្ម​បានយ៉ាង​ច្រើន​ និងមានភាព​សម្បូបែបនៃអាហារកំពុង​ត្រូវបាន​ចែកចាយ។

សម្រាប់​កម្ពុជា​ក្រុមនេះបាន​ប៉ាន់​ស្មានថា ប្រជាជន២លាន​នាក់​ កង្វះអាហារូបត្ថម្ភ ខណៈប្រជាជន​៧៩%​នៅរស់ទីជនបទ ពឹង​តែលើ​របរ​កសិកម្ម​​ និង​ព្រៃឈើដើម្បី​រស់រានមានជីវិត។ ប៉ុន្តែ​មានប្រជាជន១,៦

លាន​គ្រួសារ​ខ្វះខាត​ស្រូវ​តាម​រដូវកាល​ ខណៈការ​ចំណាយ​​របស់ពួកគេ​ប្រមាណ​៣០%​គឺពឹងលើ​ផលិត​ផលស្រូវ ស្របពេលកុមារ​៤០%​កង្វះ​អាហារូបត្ថម្ភ និងកើតជំងឺ​ក្រិនរ៉ាំរ៉ៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ