អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

អង្គការសហប្រជាជាតិ៖ បន្ថែមពីការចាក់វ៉ាក់សាំង កម្ពុជាត្រូវបន្តពង្រឹងការអនុវត្តវិធានសុខាភិបាល

អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តាមរយៈ​ឯកសារព័ត៌មានទី​១១ ចេញផ្សាយនៅថ្ងៃទី​៣​សីហានេះ បាន​បង្ហាញពីការគាំទ្រដល់​ការចាក់វ៉ាក់សាំង​ការពារជំងឺកួវីដ​១៩ថ្នាក់ជាតិ​របស់កម្ពុជា។  បើតាម​អង្គការសហប្រជាជាតិ ​ប្រទេសកម្ពុជា​មានអាត្រាចាក់លើ​មនុស្សពេញវ័យ​ ក្នុង​​ភាគរយ​ដ៏​ខ្ពស់​បំផុតមួយ​នៅក្នុងតំបន់​ប៉ាស៊ីហ្វិកខាងលិច។​ យ៉ាងណាមិញ ​ដើម្បីអាចទប់ទល់​ដែលតាប្រកបដោយ​ប្រសិទ្ធភាព​ កម្ពុជា​ត្រូវ​បន្ត​ពង្រឹង​វិធាន​សុខាភិបាល។​

ទង់អង្គការសហប្រជាជាតិ (រូបភាពតំណាង)
ទង់អង្គការសហប្រជាជាតិ (រូបភាពតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានរបស់​អង្គការប្រជាជាតិចេញផ្សាយនាព្រឹកនេះ ធ្វើឡើងខណៈកម្ពុជាកំពុងប្រឈមនឹង​ការរាលដាលវីរុសកូវីដ១៩បំប្លែងខ្លួនដែលតាដែលទើប​ត្រូវបានរកឃើញ​ជា​ង ១០០ករណីនៅទូទាំងប្រទេស​។

បើតាម​អង្គការសហប្រជាជាតិ កម្ពុជា​កំពុងស្ថិតនៅក្នុង​ដំណើរការចាក់វ៉ាក់សាំងបង្ការ​កូវីដយ៉ាងល្អ ដោយ​កម្ពុជាមានអាត្រាចាក់លើមនុស្សពេញវ័យក្នុងភាគរយដ៏ខ្ពស់បំផុតមួយ ក្នុងចំណោមតំបន់/​ប្រទេស​ចំនួន​៣៧ ក្នុងតំបន់​ប៉ាស៊ីហ្វិកខាងលិច។

នៅក្នុងសំណេរ​ដ៏វែងរបស់អង្គការសហប្រជាជាតិ ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងអាត្រា​ខ្ពស់នេះ កម្ពុជានឹងអាចបញ្ចៀសបាននូវ​ហានិភ័យខ្ពស់ដែល​បង្កដោយ​វីរុស​កូវីដបំប្លែងថ្មីៗ ដោយរួមទាំង​វីរុសដែលតាផងដែរ​។  ការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ យ៉ាងណាមិញ ដើម្បីទប់ស្កាត់​ការចម្លងកូវីដឲ្យកាន់តែមាន​ប្រសិទ្ធភាពនោះ ការវ៉ាក់សាំង​គួរតែ​ត្រូវបាន​អមដោយវិធានសុខភាពសាធារណៈ និងវិធានការ​សង្គមនានា​ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបង្ហាញពីការគាំទ្រ​ខ្លួនទៅដល់រដ្ឋាភិបាលកម្ពុជា​ក្នុងការ​ឃ្លាំមើល និង​ការអនុវត្តផែនការយុទ្ធសាស្ត្រនានា ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ជាពិសេសដែលតា។ ​

សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា បាននិងកំពុងដំណើរការចាក់​​លើមនុស្ស​ពេញវ័យ អាយុចាប់ពី​ ១៨ឆ្នាំឡើង​ មនុស្សចាស់ចាប់ពីវ័យ​ ៦០ឡើង ដែលគិតមកត្រឹមថ្ងៃទី​២សីហា​ កំណើន​អាត្រាចាក់វ៉ាក់សាំង​​មាន​ ៧៤,១៨% ​ ​ធៀបចំនួនប្រជាជន​គោលដៅ១០លាននាក់។​ ហើយដើម្បី​បង្កើន​ប្រសិទ្ធភាពការពារប្រភេទរីរុសកូវីដ​បំប្លែងថ្មី​ រដ្ឋាភិបាលបានសម្រេចចាក់ដូសទី​៣ ដោយផ្តើម​ចេញ​ពី​ក្រុមជួរមុខដែលមានចំនួនប្រមាណ៥០ម៉ឺននាក់ ទៅ១លាននាក់។

បន្ថែមពីលើគោលដៅចាក់​១០លាននាក់នោះ គិតត្រឹមថ្ងៃ​ទី​២សីហា យុទ្ធនាការចាក់​វ៉ាក់សាំងមនុស្សវ័យជំទង់ចាប់ពី​​១២-១៧ឆ្នាំ សម្រេចបាន​៤% នៃចំនួន​​គោលដៅ​ជិត​២លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ