អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

កម្ពុជារកឃើញកូវីដ១៩«ដែលតា» ជាង២០០ករណី ខណៈរាជធានីភ្នំពេញរកឃើញ៥ករណី

នៅថ្ងៃនេះ​ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ថ្មី​ចំនួន​៥៦០នាក់​បន្ថែមទៀត​ ដែលធ្វើឲ្យ​អ្នកឆ្លងសរុប​នៅទូទាំង​ប្រទេស​បានកើនដល់​ ៧៨,៤៧៤នាក់​។​ នេះបើតាម​ក្រសួង​សុខាភិបាល​នៅថ្ងៃចន្ទ​ទី០២សីហានេះ។​ ទន្ទឹមនេះក្រសួង​សុខាភិបាល​ក៏បានប្រកាស​រកឃើញវីរុស​កូវីដ-១៩​ បំប្លែងខ្លួន​«ដែលតា» ចំនួន១០៩​ករណី​ថ្មីនៅទូទាំង​ប្រទេស ​ខណៈរាជធានី​ភ្នំពេញ​មានការ​រកឃើញ​វីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី​«ដែលតា»​ ចំនួន៥ករណី​។ ​គិតពីចុងខែ​មីនាមក​ដល់បច្ចុប្បន្ន​កម្ពុជា​បានរកឃើញ​វីរុសកូវីដ១៩​បំប្លែងខ្លួន​«ដែលតា» ​សរុបចំនួន​២២៣ករណី​។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកំពុងមមាញឺកផ្ដល់សេវាកម្មដល់អ្នកប្រជាជន
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកំពុងមមាញឺកផ្ដល់សេវាកម្មដល់អ្នកប្រជាជន © ក្រុមគ្រូពេទ្យធីតា
ផ្សាយពាណិជ្ជកម្ម

ការរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ«ដែលតា»ចំនួន៥ករណីនៅរាជធានីភ្នំពេញនេះ ត្រូវបានក្រសួងសុខាភិបាលប្រកាសឲ្យដឹងថា រកឃើញលើពលករខ្មែរមកថៃម្នាក់ កាលពីថ្ងៃទី៣១កក្កដា និង៤នាក់ផ្សេងទៀត នៅថ្ងៃទី១សីហាម្សិលមិញ តាមរយៈការវិភាគសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អ្នកទាំង៤រូបថ្មីនេះ រួមមានអ្នកជំងឺម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែត បុគ្គលិកអនាម័យនិងអ្នកជំងឺម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើរបរទេសម្នាក់មកពីប្រទេសម៉ាឡេស៊ី។ ភ្លាមៗក្រោយការរកឃើញអ្នកវិជ្ជមានចំនួន៤ករណីថ្មី ប្រជាពលរដ្ឋរាប់រយនាក់ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវធ្វើតេស្តសំណាក ដើម្បីប្រាកដថាពួកគេមានឆ្លងវីរុសកូវីដ១៩ប្រភេទ«ដែលតា» ឬយ៉ាងណា។

ក្រៅពីរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩«ដែលតា» តាមបណ្តាខេត្តចំនួន១១ផ្សេងទៀត រួមមានកណ្តាល កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងសៀមរាប ក្នុងចំនួនសរុប១០៩ករណី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃចន្ទទី០១សីហាម្សិលមិញ។ ដូច្នេះមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩«ដែលតា» សរុប២២៣ករណីហើយ ខណៈដែលពេលកន្លងទៅធ្លាប់បានរកឃើញចំនួន១១៤ករណី។

បើតាមក្រសួងសុខាភិបាលកម្ពុជា កូវីដ-១៩បំប្លែងខ្លួន«ដែលតា» មានសមត្ថភាពឆ្លងរីករាលលឿនជាងមុន និងបង្ករជាជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងមុន។ ដូច្នេះត្រូវទាមទារឲ្យមានការចូលរួមខ្លាំងបំផុតដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលទៅក្នុងសហគមន៍នូវវីរុសកូវីដ-១៩ប្រភេទ«ដែលតា»នេះ។

គួរបញ្ជាក់ថា ជាវិធានការនៃការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ប្រភេទ«ដែលតា» ចូលទៅក្នុងសហគមន៍ ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ បានសម្រេចបិទខ្ទប់ខេត្តចំនួន៨ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ចំនួន២សប្តាហ៍ ដោយសារមានការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ប្រភេទ«ដែលតា» លើពលករខ្មែរជាច្រើនករណី។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏សម្រេចឲ្យអាជ្ញាធររាជធានីភ្នំពេញ-ខេត្ត ដាក់ចេញបម្រាមគោចរចន្លោះពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ សំដៅការទប់ស្កាត់ការរាលដាលវីរុសកូវីដ-១៩ប្រភេទ«ដែលតា» ចូលសហគមន៍ដូចគ្នា។

យ៉ាងណាមិញនៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសឲ្យដឹងពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៥៦០នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន៧៦៣នាក់ និងស្លាប់២២នាក់។ ជាតុល្យការត្រឹមថ្ងៃទី០២សីហា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅទូទាំងប្រទេសកើនដល់៧៨,៤៧៤៧នាក់ អ្នកជាសះស្បើយ៧១,៥១៧នាក់ និងស្លាប់១៤៤២នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ