អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុមអង្គការសង្គមស៊ីវិលទទួចជាថ្មីឲ្យទម្លាក់ចោលបទចោទប្រកាន់លើ លោក រ៉ុង ឈុន

ក្រុម​អង្គការសង្គមស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ឡែក​ពីគ្នានៅ​ចំពេល​ខួប​១ឆ្នាំ​នៃការ​ចាប់​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ដោយ​ទទួចឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រិះគន់​បញ្ហាព្រំដែនរូបនេះ។ ការ​ទទួចជាថ្មីទៀត​នេះ ​គឺធ្វើ​ឡើង​ស្របពេល​ដែល​តុលាការ​បន្តបើក​សវនាការ​ឡើង​វិញ​លើសំណុំរឿង​លោក រ៉ុង ឈុន នៅថ្ងៃសុក្រនេះ។

លោក រ៉ុង ឈុន
លោក រ៉ុង ឈុន © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ថ្លែងការណ៍​ថ្ងៃទី២៩​កក្កដា អង្គការ​សម្ព័ន្ធភាពពិភពលោក​ដើម្បី​ការ​ចូល​រួម​របស់​ពលរដ្ឋហៅកាត់ថា​CIVICUS ទទួចដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ទម្លាក់​ចោល​បទចោទ និង​​ដោះលែង​​លោក រ៉ុង ឈុន ជាបន្ទាន់ និង​​ឥតលក្ខខណ្ឌ។ អង្គការ​អន្តរជាតិ​មួយ​នេះ​ពិនិត្យ​ឃើញថា ​រយៈពេល១​ឆ្នាំនៃការ​ចាប់ខ្លួនអ្នករិះគន់​រឿងព្រំដែន​រូបនេះ ​រដ្ឋាភិបាល​កម្ពុជាបាន​បន្ត​ធ្វើការ​គាបសង្កត់ ​លើ​ក្រុម​សកម្មជនផ្សេងទៀត ​ដោយដាក់ជីវិតរបស់​ពួកគេ​ឱ្យ​ស្ថិតក្នុង​ហានិភ័យ ខណៈដែលមាន​​ជំងឺកូវីដ១៩​ឆ្លងចូល​ពន្ធនាគារ។

ចំណែក​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​ដែលជាសមគមក្នុង​ស្រុក​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ឡែក​មួយទៀត​ដោយទទួច​ឲ្យ​ទម្លាក់​បទចោល​ប្រកាន់​លើ ​លោក រ៉ុង ឈុន ដោយសារតែ​សមាគម​នេះព្រួយ​បារម្ភពី​សុខភាព​របស់​គាត់​ នៅគ្រាដែល​ពន្ធនាគារ​កំពុងមាន​ឆ្លង​កូវីដ១៩។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបន្តបើកការជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន នៅថ្ងៃទី៣០កក្កដានេះ ក្នុងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។

អ្នក​ឃ្លាំមើល​បញ្ហាព្រំដែនរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកបានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល ៥០០ម៉ែត្រ។ ប៉ុន្តែភ្លាមៗនោះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រដ្ឋាភិបាល។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចចេញដីកាឃុំខ្លួន លោក រ៉ុង ឈុន ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ