អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខួប៣ឆ្នាំ នៃការបោះឆ្នោតអាណត្តិទី៦ គណបក្សកាន់អំណាចរំលឹកពីចំណុចវិជ្ជមាន ខណៈបក្សផ្សេងទៀតថាជាការដកស្រង់បទពិសោធន៍

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប៣ឆ្នាំ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ អ្នកនយោបាយនៃគណបក្សកាន់អំណាច បានឆ្លៀតឱកាសនេះ លើកឡើងពីគុណបំណាច់របស់អ្នកបោះឆ្នោត និងការខិតខំប្រឹងប្រែងរបស់បក្សខ្លួន។  ចំណែកអ្នកនយោបាយបក្សផ្សេងទៀត និងអង្គការសង្គមស៊ីវិលខ្លះ បាននឹកឃើញ និងរំលឹកពីបទពិសោធន៍នៃការបោះឆ្នោត ដែលអវត្តមានគណបក្សប្រឆាំង ដែលមានគីឡូធ្ងន់។

ការបំពេញកាតព្វកិច្ចបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីពេលកន្លងមក
ការបំពេញកាតព្វកិច្ចបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីពេលកន្លងមក © សហការី
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន ម៉ានី កូនប្រុសពៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់គណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញថា កាលពី៣ឆ្នាំមុន នៅថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត បានចេញទៅអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងច្រើនកុះករ ដើម្បីជ្រើសរើសគណបក្ស ដែលខ្លួនយល់ឃើញថាសក្តិសម និងដែលខ្លួនជឿជាក់ ផ្តល់សេចក្តីទុកចិត្តក្នុងការកាន់ចង្កូតនាវាកម្ពុជា និងដឹកនាំគោលនយោបាយជាតិ។

លោកសរសេរទៀតថា អ្នកបោះឆ្នោត ៨៣,០២% នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប បានធ្វើការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តពីក្នុងចំណោមគណបក្សនយោបាយ ២០ ដែលបានចូលរួមក្នុងការបោះឆ្នោត។ ក្នុងចំណោមអ្នកអ្នកដែលទៅបោះឆ្នោតទាំង ៨៣,០២% នោះ មានប្រជាពលរដ្ឋជាង ៧៦% បានផ្តល់សេចក្តីទុកចិត្តរបស់ខ្លួនមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦បន្តទៀត។

ក្រៅពីនេះ លោក ហ៊ុន ម៉ានី ក៏បានសម្តែងនូវអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដោយលោកបញ្ជាក់ថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបានតបស្នងទៅប្រជាពលរដ្ឋវិញយ៉ាងច្រើន ចាប់តាំងពីការយកចិត្តទុកដាក់ជួយប្រជាជន ដែលរងគ្រោះដោយគ្រោះមហាន្តរាយផ្សេងៗ ហើយចុងក្រោយនេះ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទទួលបានសម្លេងគាំទ្រពីការបោះឆ្នោត៣ឆ្នាំកន្លងទៅចំនួនជិត៨ម៉ឺនសន្លឹកនោះ បានរំលឹកនៅលើហ្វេសប៊ុករបស់ខ្លួនដែរដោយចោទសួរថា នរណាជាអ្នកឈ្នះពិតប្រាក? គណបក្សដែលមានលោកបណ្ឌិត កែម ឡី ជាស្ថាបនិកដែរនោះ បន្តថា ៣ឆ្នាំកន្លងផុតទៅហើយ តើយើងបានរៀនសូត្រ និងទទួលផលចំណេញអ្វីខ្លះពីព្រឹត្តិការណ៍ ២៧ កក្កដា ២០១៨ ជាពិសេសពីយុទ្ធសាស្ត្រ «ដេកផ្ទះឈ្នះឯង» ដែលគេដឹងថាជាការលើកឡើងដោយលោក សម រង្ស៊ី និង«ទុកឲ្យគណបក្សប្រជាជនឈ្នះតែឯង»?។ ដោយត្រូវការពេលវេលា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ថា មកទល់ពេលនេះ គ្រឹះផ្ទះប្រជាធិបតេយ្យមូលដ្ឋានកាន់តែរឹងមាំជាងមុននៅគ្រប់ខេត្តរាជធានី។

ជុំវិញខួប៣ឆ្នាំ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នេះដែរ លោក កន សាវាង្ស អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត ​និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែល បានចាប់អារម្មណ៍ថា ស្ថានភាពនៃការបោះឆ្នោតសកលចុងក្រោយកន្លងទៅនេះ មិនទទួលបានការសាទរទូលំទូលាយទេ។ លោក កន សាវាង្ស កត់សម្គាល់ថាអវត្តមានបក្សប្រឆាំងដ៏ធំ ឬកំលាំងនយោបាយមិនស្មើគ្នា ធ្វើឲ្យការអនុវត្ត ឬការសម្រេចផ្សេងៗ ដោយឯកបក្ស គឺធ្វើឡើងដោយរលូន មិនបានឆ្លងកាត់ការជជែក និងផ្តល់យោបល់ដើម្បីភាពរីកចំរើននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ