អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោកហ៊ុន សែន បញ្ជាឱ្យហាមឃាត់ការជួបជុំផឹកស៊ី និងដាក់បំរាមគោចរពេលយប់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កូវីដ

លោកនាយក​រដ្ឋមន្រ្តីហ៊ុន សែន ​កាលពីយប់ថ្ងៃ​ពុធបានសម្រេច​ដាក់ចេញយុទ្ធនាការ​ពង្រឹងវិធានការ​ប្រយុទ្ធ ​និងទប់ស្កាត់ការ​ឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​ ជាពិសេស​ វីរុស​បំប្លែងខ្លួន​ថ្មី Delta ​នៅទូទាំងប្រទេស​កម្ពុជា​។​ យុទ្ធនាការនេះ​ចាប់ផ្តើម​ពីថ្ងៃទី២៩​ ខែកក្កដានេះ ​រហូតដល់ថ្ងៃ​ទី១២ ​ខែសីហា ​ឆ្នាំ២០២១​។ ​នៅក្នុងចំណោម​វិធានការ​ដែលត្រូវពង្រឹង​បន្ថែម​ពេលនេះ ​ក៏មានការ​ដាក់បំរាម​គោចរ​ចាប់ពី​ម៉ោង៩យប់​ដល់ម៉ោង​៣ទៀបភ្លឺ​ និងហាមឃាត់ការ​ជួបជុំ​ផឹកស៊ីគ្រប់​ទម្រង់​នៅទូទាំងប្រទេស​ផងដែរ​។

ការហាមឃាត់ការធ្វើដំណើររបស់ប្រជាជននាពេលកន្លងមក
ការហាមឃាត់ការធ្វើដំណើររបស់ប្រជាជននាពេលកន្លងមក AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរយៈពេលនៃយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវហាមឃាត់រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏ត្រូវហាមឃាត់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ មាន ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ​និងកន្លែងហាត់ប្រាណ។ ឯ ការជួបជុំ ឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនទូទៅលើសពី១០នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ដាក់ចេញបំរាមគោចរចន្លោះពីម៉ោង៩យប់ដល់៣ទៀបភ្លឺសម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ បើតាមសារាចររបស់រដ្ឋាភិបាលកម្ពុជា គឺនៅក្នុងបំរាមគោចរនេះ ការអាចធ្វើដំណើរបាន គឺក្នុងករណីមានការចាំបាច់តែប៉ុណ្ណោះ ដូចជាការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ការដឹកទំនិញ និងគ្រឿងឧបភោគបរិភោគ សេវាសង្រ្គោះបន្ទាន់ ការធ្វើដំណើរក្រោមហេតុផលសុខភាព និងសេវាសុខាភិបាលរដ្ឋ និងឯកជនជាដើម។

គួរបញ្ជាក់ថា ទាំងនេះ គឺជាផ្នែកមួយនៃវិធានការចាំបាច់ដែលត្រូវដាក់អនុវត្តបន្ទាន់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស គឺវីរុសបំប្លែងខ្លួនថ្មី Delta។ វិធានការចាំបាច់ទាំងអស់នេះ ត្រូវបានដាក់ចេញក្នុងពេលតែមួយដែលរដ្ឋាភិបាលកម្ពុជាបាសម្រេចបិទខេត្តចំនួន៨ដែលនៅជាប់នឹងព្រំដែនប្រទេសថៃរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទព្រំដែនជាមួយប្រទេសថៃផងដែរដោយហាមឃាត់ការធ្វើដំណើរចេញចូល លើកលែងតែទំនិញ។

ជាការកត់សម្គាល់ ការដាក់ចេញវិធានការក្តៅរបស់រដ្ឋាភិបាលកម្ពុជានាពេលនេះ គឺបន្ទាប់ពីបណ្តាខេត្តជាប់នឹងព្រំដែនថៃបានរងនូវការឆ្លងរាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩។ ក្នុងនោះ ក៏មានករណីឆ្លងនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីDelta។ បើតាមអាជ្ញាធរកម្ពុជា គឺវីរុសបំប្លែងខ្លួនថ្មីDeltaនេះឆ្លងមកពីប្រទេសថៃ និងកំពុងឆ្លងក្នុងសហគមន៍នៅកម្ពុជាផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ