អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោក ហ៊ុន សែន អំពាវនាវឲ្យអាណាព្យាបាលត្រៀមនាំកូនចៅអាយុក្រោម១៨ឆ្នាំទៅចាក់វ៉ាក់សាំងកូវីដ-១៩

ប្រមុខ​រដ្ឋាភិបាល​ លោក ហ៊ុន សែន អំពាវនាវឲ្យអាណាព្យាបាល​ត្រៀម​ខ្លួន​នាំ​កូនចៅ ដែលមាន​អាយុ​​ចន្លោះពី ១២​ទៅដល់ ​១៧​ឆ្នាំ ដើម្បី​ចាក់​វ៉ា​ក់​សាំង​ការពារ​កូវីដ-១៩ ទៅតាម​ពេលវេលា​ដែល​នឹង​ត្រូវ​កំណត់​ដោយសមត្ថកិច្ច​ជំនាញនៅពេលខាង​មុខ។ ការ​ដែល​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ អាចទទួល​បាន​ការ​ចាក់​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅពេល​នេះ ត្រូវបាន ​លោក ហ៊ុន សែន ពន្យល់ថា ជាដំណោះ​ស្រាយ​មួយ ដែល​ឈាន​ទៅ​បើក​សាលារៀន​ឡើងវិញ។

វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សារជាសំឡេង​តាម​​តេឡេក្រាម ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយជាសាធារណៈនៅព្រឹក​ថ្ងៃទី១៦​ ខែ​កក្កដា ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ និងសាលាខេត្ត​កណ្តាល រាប់ទាំងសាលាខេត្តព្រះសីហនុ ដែលជាខេត្តអាទិភាពមួយដែរ ត្រូវ​ត្រៀម​រៀបចំ ដំណើរ​ការចាក់វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ក្រោម​១៨ឆ្នាំ។ លោកអះអាងថា ការចាក់វ៉ាក់សាំង​នេះ​ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូចមនុស្សពេញវ័យដែរ ដោយមិនត្រូវបង្ខំក្មេង ដែល​ខ្លាច​ម្ជុលឲ្យទៅចាក់​វ៉ាក់សាំងនោះឡើយ។

បើតាម​លោក​ប្រមុខ​រដ្ឋាភិបាល ក្មេងដែល​មាន​អាយុ​ចន្លោះពី១២ ​ទៅដល់​ ១៧​ឆ្នាំ ​គឺមានប្រមាណ ​២លាន​នាក់​ ដែល​ត្រូវការ​វ៉ាក់សាំង​ប្រមាណ ៤លានដូស។ តែ​លោក​នៅមិនទាន់បញ្ជាក់ថា ក្មេង​អាយុក្រោម​១៨​ឆ្នាំ​នេះ នឹងត្រូវ​ចាក់​វ៉ាក់​សាំង​ឈ្មោះ​អ្វី​នៅឡើយ ខណៈ​ដែល​លោក​បញ្ជាឲ្យ​មន្ត្រីជំនាញ​ចរចាជាមួយភាគីចិន​ ដើម្បី​ទទួលបាន​វ៉ាក់សាំង​បន្ថែមទៀត។

ស្របពេល​ដែល​ដំណើរការ​ចាក់​វ៉ាក់សាំង​ទៅលើ​មនុស្សពេញវ័យសម្រេចបានជាង​៥,៤ លាន​នាក់ ​លោក ហ៊ុន សែន បានលើកឡើងពីសេណារីយូ៉​ចំនួន២​ សម្រាប់ការ​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើ​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ។​

ជម្រើសទី១ គឺការ​ចាក់​វ៉ាក់សាំង​លើ​ក្មេង​អាយុក្រោម ​១៨​ឆ្នាំ គឺរង់ចាំទាល់តែការ​ចាក់វ៉ាក់សាំងលើមនុស្សពេញវ័យសម្រេចបាន ១០លាននាក់ និងជម្រើសទី២ ការ​ចាក់​វ៉ាក់សាំង​លើក្មេង​អាយុ​ក្រោម​ ១៨​ឆ្នាំ គឺត្រូវធ្វើ​ដំណាលគ្នា​នៅពេល​ខាងមុខនេះ ដោយចាប់​ផ្តើមចេញ​ពីភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះ​សីហនុ ។

ការ​ដែល​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​ ១៨​ឆ្នាំ អាចទទួល​បាន​ការ​ចាក់​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅពេល​នេះ ត្រូវបាន ​លោក ហ៊ុន សែន ពន្យល់ថា ជាដំណោះ​ស្រាយ​មួយដែល​ឈាន​ទៅ​បើក​សាលារៀន​ ​សម្រាប់​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ