អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សថ្មីបេះដូងជាតិនឹងដាក់ឯកសារចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃនៅថ្ងៃស្អែក ដើម្បីចូលរួមការបោះឆ្នោត

ក្រុមការងារ​គណបក្ស​បេះដូងជាតិ​នឹងដាក់​ស្នាមមេដៃ ​លក្ខន្តិកៈ និ​ងឯកសារពាក់ព័ន្ធ​នានាទៅ​កាន់ក្រសួង​មហាផ្ទៃ​នៅថ្ងៃស្អែកនេះ​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ​។​ នេះបើតាម​លោកសៀម ភ្លុក​ ស្ថាបនិក​បក្សបេះដូងជាតិ​ដែលបាន​គូសបញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​។​ ការសម្រេច​ចុះបញ្ជី​ជាគណបក្ស​នយោបាយ​ផ្លូវការនេះ​ ធ្វើឡើង​ស្របពេល​គណបក្ស​ទើបបង្កើតថ្មីនេះ ​ត្រូវបាន​អ្នកតាមដាន​នយោបាយ​មួយចំនួន​ដាក់មន្ទិល​សង្ស័យថា​ ជាគណបក្ស​ដែលមានការ​គាំទ្រពី​ក្រុមលោក​សម​ រង្ស៊ី ​ពីក្រៅប្រទេស​។

ស្លាកសញ្ញារបស់គណបក្សបេះដូងជាតិ
ស្លាកសញ្ញារបស់គណបក្សបេះដូងជាតិ © FB
ផ្សាយពាណិជ្ជកម្ម

គណបក្សបេះដូងជាតិនឹងបញ្ចប់មន្ទិលសង្ស័យនានាក្នុងពេលឆាប់ៗខាងមុខនេះ។ លោកសៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិបានអះអាងថា ក្រុមការងារគណបក្សបានប្រមូលស្នាមមេដៃ រៀបចំលក្ខន្តិកៈ និងឯកសារពាក់ព័ន្ធផ្សេងៗរួចរាល់អស់ហើយៗនឹងដាក់ទៅកាន់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីក្លាយជាគណបក្សស្របច្បាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ។ ប៉ុន្តែ លោកសៀម ភ្លុក នៅតែមិនទាន់បង្ហាញឱ្យដឹងពីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំគណបក្សនៅឡើយទេ ដោយអះអាងថា នឹងបង្ហាញឱ្យដឹងនៅក្រោយគណបក្សត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការ។

ការមិនទាន់បង្ហាញពីក្បាលម៉ាស៊ីនដឹកនាំជាសាធារណៈនេះ ធ្វើឱ្យសាធារណមតិ ជាពិសេស អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ក៏ដូចជាសារព័ត៌មានមួយចំនួនដាក់មន្ទិលសង្ស័យថា គណបក្សថ្មីនេះត្រូវបង្កើតឡើងដោយមានការគាំទ្រពីសំណាក់ក្រុមលោកសម រង្ស៊ី ពីក្រៅប្រទេស។ ក្រុមលោកសម រង្ស៊ី មិនមានការចេញមកទទួលស្គាល់ ឬបដិសេធយ៉ាងណានោះទេ។ ក៏ប៉ុន្តែ លោកសៀម ភ្លុក ធ្លាប់បានបដិសេធថា គណបក្សនេះមិនជាប់ពាក់ព័ន្ធនឹងក្រុមលោកសម រង្ស៊ីឡើយ តែគ្រាន់តែមានមន្រ្តីអតីតបក្សប្រឆាំងខ្លះបានមកចូលរួមតែប៉ុណ្ណោះ។

បើតាមលោកសៀម ភ្លុក គណបក្សបេះដូង​ជាតិ​កើតចេញ​ពីទឹកចិត្ត​ស្មារតី និងឆន្ទៈសាមគ្គីនៃ​អ្នក​ជាតិនិយម​ពិត​ប្រាកដ​មក​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ដើម្បី​គោលដៅ​រួម​ ផលប្រយោជន៍​រួម​សម្រាប់ប្រទេស​ជាតិ​។ លោកបានគូសបញ្ជាក់ឱ្យដឹងថា គណបក្សបេះដូង​ជាតិ​មិន​រួម​សាមគ្គី ​ដើម្បី​បំពេញ​ឧបាយកល​ទុច្ចរិត​ក្នុង​ចេតនា​បំរើផលប្រយោជន៍​បុគ្គល ​បក្ខពួក​ណាឡើយ។ សម្រាប់លោកសៀម ភ្លុក គោលដៅរួមរបស់គណបក្សបេះដូង​ជាតិ​​ គឺដើម្បី​សេរីភាព ​និង​យុត្តិធម៌​សង្គម​តាម​មាគ៌ា​ប្រជា​ធិបតេយ្យ​ក្រោម​ឆ័ត្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

សូមបញ្ជាក់ថា គណបក្សបេះដូងជាតិនេះ គឺជាគណបក្សនយោបាយចុងក្រោយដែលទើបបង្កើតឡើង ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។ ក្រៅពីគណបក្សនេះ ក៏មានគណបក្សទើបបង្កើតថ្មីមួយចំនួនទៀតផងដែរ មានជាអាទិ៍គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរ​ស្រឡាញ់ជាតិ និងគណបក្សកែទម្រង់កម្ពុជា។ ចំពោះបក្សថ្មីៗទាំងនេះ មេធាវីលោកកឹម សុខា បានចេញមកបញ្ជាក់ជាថ្មីថា លោកកឹម សុខា មិនជាប់ពាក់ព័ន្ធនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ