អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

សមាគមតន្រ្តីសំនៀងជនពិការត្រូវបិទខ្ទប់បន្ទាប់ពីរកឃើញជនពិការភ្នែកជាង៣០នាក់វិជ្ជមានកូវីដ-១៩

ជនពិការភ្នែក​នៃសមាគមតន្ត្រី​សំនៀង​ជនពិការ​ចំនួន៣៧នាក់​បានរកឃើញ​វិជ្ជមាន​កូវីដ-១៩​ ដោយពុំទាន់ដឹង​ប្រភព​ចម្លង​ច្បាស់លាស់។​ ប្រធាន​សមាគម​តន្រ្តី​សំនៀង​ជនពិការ​ បានបញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅព្រឹកថ្ងៃអង្គារ​នេះថា ​ពួកគេទាំង៣៧​នាក់នោះកំពុង​ដាក់ឲ្យ​សម្រាកព្យាបាល​ជំងឺកូវីដ-១៩​នៅក្នុង​សមាគម​ផ្ទាល់តែម្តង​។​  ទន្ទឹមនេះ​ក្រសួង​សង្គម​កិច្ចបញ្ជាក់ថា​ អាជ្ញាធរ​សម្រេចបិទខ្ទប់​ទីតាំង​សមាគម​ជាបណ្តោះអាសន្ន​ ដើម្បី​បង្ការ​ការរាលដាល​ជំងឺ​កូវីដ-១៩​។

សកម្មភាពបងប្អូនជនពិការច្រៀងដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតនាពេលកន្លងមក
សកម្មភាពបងប្អូនជនពិការច្រៀងដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតនាពេលកន្លងមក © សហការី
ផ្សាយពាណិជ្ជកម្ម

លោកឯម ច័ន្ទមករា  រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រាប់វិទ្យុបារាំងអន្តរជាតិឲ្យដឹងនៅព្រឹកនេះថា ជាដំណោះស្រាយភ្លាមៗ ក្រសួងសង្គមកិច្ចនិងអាជ្ញាធររាជធានីបានចុះទៅធ្វើការបិទខ្ទប់ទីតាំងសមាគមតន្រីសំនៀងជនពិការ ដើម្បីឲ្យក្រុមគ្រូពេទ្យរៀបចំថ្នាំនិងរៀបចំស្បៀងអាហារចូលទៅព្យាបាលជនពិការទាំងនោះដល់ទីតាំងផ្ទាល់តែម្តង។

ក្នុងចំណោមជនពិការភ្នែកដែលរកឃើញវិជ្ជមានកូវីដ-១៩នៅក្នុងសមាគម មានអាយុចាប់ពី៤៥ឆ្នាំចុះក្រោម ដោយរួមមានកុមារចំនួន២រូប ស្រ្តីមានផ្ទៃពោះ១រូប អ្នកមានជំងឺបេះដូង១រូប និងអ្នកមានជំងឺសរសៃប្រសាទចំនួន២រូប។ នេះបើតាមការបញ្ជាក់ពីលោកចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការ។ ក្រៅពីជនពិការភ្នែកទាំង៣៧នាក់នេះ អ្នកដែលរស់នៅក្នុងសមាគមនិងជនពិការភ្នែកផ្សេងទៀតចំនួន២៧នាក់ក៏បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ដូចគ្នា តែលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណា លោកចាប តូ ថា អ្នកទាំង២៧នាក់រួមមានទាំងរូបលោកផង ក៏ត្រូវរង់ចាំការធ្វើតេស្តជាលើកទី២ និងលើកទី៣បន្តទៀត។

បើតាមលោកចាប តូ ការរកឃើញវិជ្ជមានកូវីដ-១៩ទៅលើជនពិការភ្នែកទាំង៣៧នាក់នេះ នៅមិនទាន់រកប្រភពចម្លងច្បាស់លាស់នៅឡើយ ខណៈដែលពួកគេរកឃើញវិជ្ជមានកូវីដ-១៩ចាប់តាំងពីថ្ងៃសុក្រទី៩កក្កដាមក ហើយជាស្ថានភាពបច្ចុប្បន្នជនពិការភ្នែកដែលវិជ្ជមានកូវីដ-១៩មួយចំនួនមានសភាពធូរស្រាលខ្លះៗហើយ ដោយសារតែពួកគេទាំងនោះសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន២ដូសទាំងអស់។ 

លោកឯម ច័ន្ទមករា អះអាងថាកន្លងមកក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងសង្គមកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួន បានព្យាយាមផ្តល់ជាជំនួយជាច្រើនដល់បណ្តាជនពិការនៅទូទាំងប្រទេស។ លោកថា ជាយន្តការ ក្រសួងធ្លាប់ផ្តល់ជំនួយជាសាច់ប្រាក់ឧបត្ថម្ភដល់ពួកគេដូចទៅនឹងអ្នកដទៃទៀតដែលរងគ្រោះដោយសារជំងឺកូវីដ-១៩នេះ។

ក្រៅពីនេះអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានជួយសម្របសម្រួលជនពិការទាំងនោះឲ្យបានទទួលវ៉ាក់សាំងបង្ការការឆ្លងនៃជំងឺកូវីដ-១៩ដូចគ្នា ដោយជាតួលេខមានប្រមាណ៥ទៅ៦ពាន់នាក់ក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ជូនថា បើតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បច្ចុប្បន្នកម្ពុជាមានជនពិការនៅទូទាំងប្រទេសប្រមាណ៦០ម៉ឺននាក់ ដោយរាប់ទាំងអ្នកពិបាកផ្នែកផ្លូវកាយ និងផ្លូវចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ