អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពថា វិសោធនកម្មច្បាប់ការងារ ប៉ះពាល់ដល់ប្រយោជន៍កម្មករ-និយោជិក

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ គណៈរដ្ឋ​មន្ដ្រីបាន​ប្រជុំ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ការងារ។ ការ​ធ្វើ​វិសោធនកម្ម​នេះ ត្រូវ​បាន​ភាគី​សហជីព​មើល​ឃើញ​ថា ផ្ដល់​ប៉ះពាល់ដល់ផលប្រយោជន៍កម្មករ-និយោជក ដែលបច្ចុប្បន្នកំពុងរងគ្រោះដោយសារវិបត្តិកូវីដ-១៩។ ចំពោះ​ប្រតិកម្ម​របស់​ភាគី​សហជីព​យ៉ាង​ដូច្នេះ អ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយ​តប​តាម​រយៈ​វិទ្យុបារាំងអន្តរជាតិ RFI ថា ការធ្វើវិសោធនកម្មច្បាប់​ការងារនេះ គឺដើម្បីទាក់ទាញវិយោគិនចូលមកកម្ពុជាបន្ថែម។

កម្មករ កម្មការិនី ធ្វើដំណើរចេញពីធ្វើការរោងចក្រ
កម្មករ កម្មការិនី ធ្វើដំណើរចេញពីធ្វើការរោងចក្រ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សហជីពកម្មករបានលើកឡើងថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ការងារនាពេលនេះ អាចនាំឲ្យប៉ះពាល់ផលប្រយោជន៍ដែលកម្មករអាចទទួលបាន ព្រោះកន្លងមកពួកគេក៏កំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩រួចជាស្រេច។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៅពេលនេះ ជារឿងដែលមិនត្រឹមត្រូវនឹងកាលៈទេសៈ និងចាត់ទុកថា រដ្ឋាភិបាលគិតគូរតែប្រយោជន៍និយោជក ជាជាងផលប្រយោជន៍កម្មករនិយោជិក។ បើតាមលោក ហ្វា សាលី កម្មករនិយោជិកនឹងមិនសប្បាយចិត្តឡើយ នៅ​ពេល​វិសោធនកម្មនៃ​ច្បាប់​ការងារ​នេះ​ចូលជាធរមាន។

គណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រមិ្សលមិញ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដោយកំណត់របៀបវារៈចំនួន៣ ដោយរួមមានទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ការងារ មានជាអាទិ៍ មាត្រា១២៣ មាត្រា ១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧។ ត្រង់មាត្រា១៦២នៃច្បាប់ការងារ រដ្ឋាភិបាលសម្រេចប្រែសម្រួលលុបចោលការសម្រាកសងថ្ងៃបុណ្យចំថ្ងៃអាទិត្យរបស់កម្មករ-និយោជិក ដូចទៅនឹងការប្រែសម្រួលថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការនាពេលកន្លងមកដែរ។

លោក ហ្វា សាលី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនគួរប្រែសម្រួលការឈប់សម្រាករបស់កម្មករ-និយោជិក ត្រង់មាត្រាទី១៦២នេះ ជាដាច់ខាត ដោយលោកបញ្ជាក់ថា ការឈប់សងតែមួយថ្ងៃមិនប៉ះពាល់ធ្ងន់ធ្ងរ​អ្វី​ដល់ប្រយោជន៍និយោជកនោះឡើយ​។ ប្រសិនបើរដ្ឋាភិបាលសម្រេចលុបចោលការឈប់សម្រាកសងថ្ងៃបុណ្យចំថ្ងៃអាទិត្យដូចមន្ត្រីរាជការ រដ្ឋាភិបាលគួរតែតម្លើងប្រាក់បៀរវត្សរ៍ដល់កម្មករ-និយោជិក ឲ្យបាន១លានរៀល នោះទើបជារឿងប្រសើរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកហ្វា សាលី។

ចំណែកឯលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងដែរថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលឮថា រដ្ឋាភិបាលសម្រេចធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ការងារនៅពេលនេះ។ បើតាមលោកប៉ាវ ស៊ីណា នៅក្នុងបរិការណ៍កូវីដ-១៩នេះ រដ្ឋាភិបាលគួរតែគិតគូរដល់កម្មករ-និយោជិកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បន្ថែមពីនេះ សម្រាប់ការសម្រេចលុបចោលការឈប់សងថ្ងៃបុណ្យចំថ្ងៃអាទិត្យ លោកថា ជាការខាតបង់របស់កម្មករ ហើយចំណុចនេះជាអ្វីដែលភាគីខាងសហជីពមិនចង់ឃើញទាល់​តែ​សោះ​។

តែយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ​សៅរ៍​នេះ​ថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួននេះ គឺដើម្បី​ប្រយោជន៍កម្មករ-និយោជិក ស្របពេលដែលពួកគេរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅក្នុងបរិការណ៍កូវីដ-១៩នេះ។ លោកថា កន្លងមកនេះ រដ្ឋាភិបាលបានដាក់ចេញយន្តការជាច្រើនក្នុងការជួយស្តារលទ្ធភាពជីវភាពរបស់កម្មករ-និយោជិក ដោយរួមមានទាំងការបើកសាច់ប្រាក់ឧបត្ថម្ភ។ ចំពោះការសម្រេចលុបចោលថ្ងៃសម្រាកសងថ្ងៃបុណ្យចំថ្ងៃអាទិត្យ លោក ផៃ ស៊ីផាន ថាជាយន្តការគៀងគរបានវិនិយោគិនបន្ថែមទៀតមកកម្ពុជា ព្រោះថាអ្នក​វិនិយោគមិនចង់មករកស៊ី​នៅ​ប្រទេសណា​ដែលមានថ្ងៃឈប់សម្រាកច្រើននោះទេ ហើយត្រង់ចំណុចនេះហើយ ដែលរដ្ឋាភិបាលព្យាយាមធ្វើយ៉ាងណាបង្កបរិយាកាសឲ្យបានទូលាយសម្រាប់វិនិយោគិនបរទេសមកកម្ពុជា និងបង្កើតឱកាសការងារឲ្យកម្មករនិងនិយោជិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ