អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់វិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគបន្ថែម

សេចក្តីព្រាងច្បាប់​ស្តីពី​ការវិនិយោគ ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុម័ត​ជាផ្លូវការ​ហើយនៅព្រឹក​ថ្ងៃសុក្រនេះ។​ ការអនុម័តនេះ ​គឺនៅក្នុង​អង្គប្រជុំគណៈរដ្ឋមន្រ្តីក​ម្ពុជា​តាមប្រព័ន្ធ​អនឡាញ​ដឹកនាំ​ដោយលោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​។ លោកប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បានគូសបញ្ជាក់ថា ​ការតាក់តែង​សេចក្តីព្រាងច្បាប់​នេះឡើង ​គឺដើម្បី​ជាមូលដ្ឋាន​គតិយុត្តិ​សម្រាប់​ទាក់ទាញ​ និងផ្តល់វិសាលភាព​ដល់វិនិយោគិន​ងាយស្រួល​ក្នុងកិច្ចវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់ស្តីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសុក្រនេះ។

បើតាមការលើកឡើងរបស់លោកផៃ ស៊ីផាន គឺថា សេចក្តីព្រាងច្បាប់នេះ មានលក្ខណៈពិសេសជាច្រើន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ថា វានឹងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាននិងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក ។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ ក៏នឹងផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ។

បន្ថែមលើនេះ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ក៏បានចែងពីរបបលើកទឹកចិត្តផ្នែកពន្ធដល់វិនិយោគិនផងដែរ។ ការលើ​កទឹកចិត្តនេះ មាន៣ប្រភេទ គឺការលើកទឹកចិត្តមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។ ចំពោះការលើកទឹកចិត្តមូលដ្ឋាន មាន២ជម្រើស គឺទី១ ផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូតដល់ ៩ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។ ចំណែក ជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងថា នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក។ រីឯ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន វិញបានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាព ដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ បើតាមលោកហ៊ុន សែន គឺកម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ​ប្រឈមក្នុងវិស័យនយោបាយ​ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ