អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រមុខការទូតអូស្រ្តាលីទូរស័ព្ទមកនិយាយពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា និងវិបត្តិភូមាជាមួយប្រមុខការទូតខ្មែរ

រដ្ឋមន្រ្តីការ​បរទេស​អូស្រ្តាលី ​គឺលោកស្រី​ម៉ារីស ផេន​(Marise Payne)​កាលពី​ថ្ងៃពុធ​ម្សិលមិញនេះ ​បានទូរស័ព្ទ​មកនិយាយ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​លោកប្រាក់ សុខុន ​អំពីបញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ​និងវិបត្តិ​នៅក្នុងប្រទេស​ភូមា។​ ​លោកស្រីម៉ារីស ផេន ​គឺជាមន្រ្តី​ជាន់ខ្ពស់​ការទូតទី២​ហើយដែលបាន​និយាយពី​បញ្ហាទាំងនេះ​ជាមួយប្រមុខការទូត​កម្ពុជា។​ កាលពីខែមុន​ រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ក៏បានមក​កម្ពុជា​ដោយផ្ទាល់ ​ដើម្បីនិយាយ​បញ្ហានេះជាមួយ​កម្ពុជា​ផងដែរ​ មុនកម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំក្រោយ​។

ការជួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី
ការជួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី © FB
ផ្សាយពាណិជ្ជកម្ម

បញ្ហាវិបត្តិនៅក្នុងប្រទេសភូមា និង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាប្រធានបទសំខាន់ដែលលោកស្រីម៉ារីស ផេន(Marise Payne)រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងលោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាលើកមកមកជជែកគ្នាតាមខ្សែទូរស័ព្ទ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកស្រីម៉ារីស ផេន បានបញ្ជាក់ឱ្យដឹងថា លោកស្រីបានសង្កត់ធ្ងន់ពីការគាំទ្ររបស់អូស្រ្តាលីចំពោះអាស៊ាន និងការឆ្លើយតបរបស់អាស៊ានទៅលើបញ្ហាភូមា។ ក្រៅពីបញ្ហាភូមានេះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អូស្រ្តាលីទៅលើការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា និងដំណើរការលទ្ធិប្រជាធិបតេយ្យផងដែរ។

ប៉ុន្តែ បញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ គឺមិនមានការនិយាយចេញពីរដ្ឋមន្រ្តីការបរទេសកម្ពុជាដោយផ្ទាល់ និងតាមរយៈសេចក្តីប្រកាសព័ត៌មានផ្លូវការឡើយ។ ផ្ទុយទៅវិញ លោកប្រាក់ សុខុន បានអះអាងតាមទំព័រហ្វេសប៊ុករបស់លោកថា លោក និងលោកស្រីម៉ារីស ផេន បានពិភាក្សាគ្នាលើកិច្ចការសំខាន់បន្ទាន់ រួមមាន កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការពង្រឹងភាពជាដៃគូអាស៊ាន-អូស្រ្តាលី និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ២០២២។

ដោយឡែក ទាក់ទងនឹងបញ្ហានៅប្រទេសភូមាវិញ លោកប្រាក់ សុខុន បានឆ្លើយតបតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាថា កម្ពុជាបានត្រៀមខ្លួនក្នុងការធ្វើការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ាប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសភូមា។ ជាមួយគ្នានេះ លោកប្រាក់ សុខុន បង្ហាញការជឿជាក់ថា តាមយន្តការអាស៊ាន ភូមាអាចនឹងរកឃើញដំណោះស្រាយដោយសន្តិវិធី។

គួររំឮកថា ពាក់ព័ន្ធនឹងបញ្ហានៅភូមានេះ កាលពីខែមុនរដ្ឋមន្រ្តីការបរទេសអង់គ្លេសក៏បានមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីជជែកពីបញ្ហានេះជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា។ អង់គ្លេសក៏ដូចអូស្ត្រាលីដែរបានមកចែចង់កម្ពុជា មុនកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានៅក្នុងឆ្នាំ២០២២។ ទាំងរដ្ឋមន្រ្តីការបរទេសអង់គ្លេស និងអូស្រ្តាលីសុទ្ធតែបញ្ជាក់ដូចគ្នាថា កំពុងទន្ទឹងរង់ចាំធ្វើការជិតស្និតជាមួយកម្ពុជាក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ