អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្វែងរកថវិកាជួយជនក្រីក្រនាឱកាសខួបមរណភាព លោក កែម ឡី

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ប្រកាសថា ​ខ្លួន​នឹងរៀបចំ​ពិធី​រំឭកខួប​៥ឆ្នាំ​នៃឃាតកម្ម​លើ​លោកបណ្ឌិត កែម ឡី ដោយ​មានរៀបចំពិធី​តាម​បែប​ព្រះពុទ្ធសាសនា និង​ការចែក​អំណោយទៅដល់​គ្រួសារ​លំបាក​ខ្លាំង​ក្នុងគ្រា​កូវីដ១៩នេះ។ លើសពីនេះ​គណបក្ស​នឹង​ផលិត​វីដេអូ រំឭក​អនុស្សាវរីយ៍ជាមួយលោក កែម ឡី។ លោក កែម ឡី ដែល​គណបក្ស​នេះ​ចាត់​ទុកថា ​ជាអ្នក​រូត​វាំងននសង្គម និង​ជាពិសេស ជា​ស្ថាបនិកដែល​បាន​រួមចំណែក​បង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ការរំលឹកខួប៤ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០២០កន្លងទៅ
ការរំលឹកខួប៤ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០២០កន្លងទៅ © សហការី
ផ្សាយពាណិជ្ជកម្ម

មុនពេល​ខួប​៥​ឆ្នាំ​នៃឃាតកម្ម​លើ​លោក កែម ឡី ចូល​មក​ដល់​ថ្ងៃទី១០​កក្កដា ការប្រកាស​រៀប​ចំពីធី​រំឭក​ខួប​ដល់​អ្នក​វិភាគ​បញ្ហាសង្គមរូបនេះ​ត្រូវបាន​ផុស​ផុលឡើង​​ជាបន្តបន្ទាប់ រាប់ចាប់​តាំងពីក្រុម​គ្រួសាររបស់​លោក កែម ឡី ដែល​នៅក្រៅប្រទេស អង្គការសិទ្ធិមនុស្ស​ក្នុង​ស្រុក និងគណបក្សនយោបាយ​មួយចំនួន។

ដោយឡែក គណបក្សប្រជាធិបតេយ្យមូដ្ឋាន​ដែលអះអាងថា ​លោក កែម ឡី គឺជាបិតាស្ថាបនិក ​បានប្រកាសរៀបចំ​ពិធី​រំឭកខួប​៥ឆ្នាំ​នៃឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ជាពិធី​តាម​បែប​ព្រះពុទ្ធសាសនា និង​មានការចែក​អំណោយទៅដល់​គ្រួសារ​ដែលមានស្ថានភាពលំបាក​ខ្លាំង​ក្នុងគ្រា​កូវីដ១៩នេះ។ មិនត្រឹមតែប៉ុណ្ណោះ​ គណបក្សនេះ​​នឹង​ផលិត​វីដេអូ រំឭក​អនុស្សាវរីយ៍ជាមួយ លោក កែម ឡី ដែល​គណបក្ស​នេះ​ចាត់​ទុកថា​ ជាអ្នក​រូត​វាំងននសង្គម ដែលបាន​រួមចំណែក​បង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះឡើង។

ចំណែក​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ​ក៏បានប្រកាសរៀបចំយុទ្ធនាការដើម្បី​រំឭក​ខួប៥​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី ផងដែរ ដោយអង្គការ​ក្នុង​ស្រុកមួយនេះ ​មានសកម្មភាពជាបន្តបន្ទាប់​រួមមាន៖ ការ​ផ្លាស់​ប្តូរ​ប្រូហ្វាល់​ហ្វេស​ប៊ុក​ចាប់ពីថ្ងៃទី១​ដល់​៣១កក្កដា ជាមួយនឹង​សាររបស់​លោកបណ្ឌិត កែម ឡី។ ការ​រៀបចំ​កម្ម​វិធី​តាមប្រព័ន្ធអនឡាញ​ ដើម្បីឲ្យ​សាធារណៈជនបានចែក​រំលែក​ការនឹក​រលឹក និង​ផ្ញើ​សារ​ទៅ​កាន់​អ្នក​វិភាគរូបនេះ។ ការ​ដាក់​បញ្ចាំងវីដេអូ​ខ្សែ​ជីវិត​របស់លោក​បណ្ឌិត កែម ឡី នៅលើ​ហ្វេសប៊ុក និង​ចុងក្រោយ នៅថ្ងៃទី១០​កក្កដា អង្គការនេះនឹងចេញ​ប័ណ្ណព័ត៌មាន​ស្តីពី​និទណ្ឌភាព​​ដោយ​រំលេច​ពីករណី ឃាតកម្ម​លើលោក ​កែម ឡី ផងដែរ។

ជុំវិញការ​រំឭក​ខួប​៥ឆ្នាំនៃ​មរណភាព​លោក កែម ឡី នេះដែរ សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេសនិង​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក បានកំណត់​យក​ថ្ងៃទី​១០ ខែ​កក្កដា ដើម្បីប្រារព្ធ​ខួប​៥​ឆ្នាំ​នេះ​ ដោយប្រារព្ធពិធីតាម​បែបព្រះពុទ្ធសាសនា ជាមួយនឹងការទទូចជាថ្មីទៀត​ឲ្យ​ផ្តល់យុត្តិធម៌​ជូនក្រុមគ្រួសារ​អ្នក​វិភាគ​សង្គមរូបនេះ។

បើតាម អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី ដែលកំពុងរស់នៅប្រទេស​អូស្ត្រាលី ការរំឭកខួប​៥ឆ្នាំ​នៃ​មរណភាពរបស់​លោក កែម ឡី ត្រូវបានអាជ្ញាធរ​ប្រទេសនេះអនុញ្ញាតឲ្យមានមនុស្សចូលរួមចំនួន៣០០នាក់ នៅថ្ងៃទី១០កក្កដា ច្រើនជាងកាលពីឆ្នាំមុន ដែលមានអ្នកចូលរួមបានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយសារតែបារម្ភពីការឆ្លងជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ