អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩៖ ក្រសួងប្រៃសណីយ៍ថា ការលក់ឧបករណ៍តេស្តរហ័សនឹងឲ្យអាទិភាពដល់ស្ថាប័នមានបុគ្គលិកលើសពី១០០នាក់

ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ-១៩ ​នឹង​ត្រូវ​ដាក់​លក់​ជា​អាទិភាព​ដល់​ស្ថាប័ន​ឯកជន​ណា​ដែល​មាន​បុគ្គលិក​ធ្វើការ​ជា​ប្រចាំ​ថ្ងៃ​លើស​ពី​១០០​នាក់​ឡើង​ទៅ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ប្រៃសណីយ៍ ​ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​ទី​០៤​កក្កដា​នេះ​។ ចំពោះ​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​បញ្ជី​អាទិភាព ​ហើយ​បាន​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺកូវីដ-១៩ ​ក្រសួង​នឹង​បណ្តុះបណ្តាល​ស្ថាប័ន​ទាំង​នោះ​អំពី​ការ​យក​សំណាក ​ដើម្បី​ធានា​បាន​ថា​ ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​នោះ ​ត្រូវ​បាន​ប្រើប្រាស់​តាម​ស្តង់ដារ​បច្ចេកទេស ​និង​មាន​ប្រសិទ្ធភាព​។

ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ AP - Rebecca Blackwell
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដានេះ លោក លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ឲ្យដឹងថា ការបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ក្រសួងនឹងបញ្ជាទិញដោយផ្ទាល់ពីរោងចក្រនៅប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃ ៣.៧ដុល្លារ និងចែកចាយបន្តក្នុងតម្លៃដើមដូចគ្នា។

ចាប់តាំងពីមានការជូនដំណឹងអំពីការចែកចាយឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ដល់ស្ថាប័នឯកជន កាលពីថ្ងៃទី០១កក្កដាមក លោក លីវ សុផាណារិទ្ធិ បញ្ជាក់ថា ក្រសួងប្រៃសណីយ៍បានទទួលបែបបទនៃការស្នើសុំបញ្ជាទិញជាបន្តបន្ទាប់ពីរោងចក្រនិងស្ថាប័នក្រុមហ៊ុនឯកជនជាច្រើន តែមិនទាន់អាចបញ្ជាក់បានទេថា ក្នុងរង្វង់តួលេខប៉ុន្មាន ខណៈដែលក្រសួងអះអាងថានឹងព្យាយាមផ្គត់ផ្គង់ឲ្យបាន តាមតម្រូវការជាក់ស្តែង។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ជាអាទិភាព ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ដល់ស្ថាប័នណាដែលមានបុគ្គលិកធ្វើការកកកុញ ចាប់ពី១០០នាក់ឡើងទៅ និងស្ថាប័នណាដែលមានទីតាំងស្ថិតក្នុងតំបន់ហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំណែកឯស្ថាប័នឯកជនដែលមានបុគ្គលិកធ្វើការក្រោម១០០នាក់ជាប្រចាំថ្ងៃ និងមិនស្ថិតក្នុងតំបន់រាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ជូនតាមក្រោយ។ ចំពោះក្រុមហ៊ុនស្ថិតនៅក្នុងបញ្ជីអាទិភាព ហើយបានទិញឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ក្រសួងនឹងបណ្តុះបណ្តាលស្ថាប័នទាំងនោះអំពីការយកសំណាក ដើម្បីធានាបានថា ឧបករណ៍ធ្វើតេស្តរហ័សនោះ ត្រូវបានប្រើប្រាស់តាមស្តង់ដារបច្ចេកទេស និងមានប្រសិទ្ធភាព។

គួរជម្រាបជូនថា ការប្រកាសចែកចាយឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនមេរោគកូវីដ-១៩ដល់ស្ថាប័នឯកជន ធ្វើឡើងបន្ទាប់ពីមានសំណើពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០១កក្កដា។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ការធ្វើតេស្តរកជំងឺកូវីដ-១៩តាមឧបករណ៍ធ្វើតេស្តរហ័ស ចាំបាច់ណាស់ក្នុងការរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលរហូតមកទល់ពេលនេះ នៅតែមានស្ថានភាពគួរឲ្យព្រួយបារម្ភ ដោយសារចំនួនតួលេខអ្នកឆ្លងនិងស្លាប់បន្តមានចំនួនច្រើនជារៀងរាល់ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ