អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោកហ៊ុន សែន ប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្រ្តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​បានបើកកិច្ច​ប្រជុំពិសេស ​ដើម្បី​ពិភាក្សា​ពីវិធានការ​បន្ថែមទប់ស្កាត់​ការឆ្លងរីករាល​ដាលនៃជំងឺ​កូវីដ១៩​។​ តាមរយៈការផ្សាយផ្ទាល់​តាមទូរទស្សន៍ជាតិ​កម្ពុជា ​លោកប្រមុខ​រដ្ឋាភិបាលកម្ពុជា​បានប្រកាស​យកចិន​ធ្វើជាបង្អែក​យុទ្ធសាស្រ្ត​សម្រាប់​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​ដល់កម្ពុជា​។​ សម្រាប់លោក​ហ៊ុន សែន​ ចិន​ គឺជាមិត្តដែលជួយ​កម្ពុជា​ដោយពិតប្រាកដ​ និងទាន់ពេលវេលា ​ដោយមិនសន្យា​ខ្យល់ដូចប្រទេស​មួយចំ​នួនឡើយ​។

ការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជានៃកិច្ចប្រជុំពិសេស ដើម្បីពិភាក្សាពីវិធានការបន្ថែមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
ការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជានៃកិច្ចប្រជុំពិសេស ដើម្បីពិភាក្សាពីវិធានការបន្ថែមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានប្រកាសយកចិនធ្វើជាបង្អែកគោលក្នុងការផ្គត់ផ្តង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ចាក់ឱ្យប្រជាពលរដ្ឋខ្មែរឱ្យបាន១០លាននាក់តាមផែនការដែលបានគ្រោងទុក។ ចំណែក ប្រទេស និងប្រភពផ្តត់ផ្តង់វ៉ាក់សាំងដទៃ គឺគ្រាន់ជាការគាំទ្របន្ទាប់បន្សំពីចិនតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងទៀតថា ការសម្រេចយកចិនធ្វើជាបង្អែកផ្តត់ផ្គង់វ៉ាក់សាំងនេះ គឺជារឿងត្រឹមត្រូវ ព្រោះបើគ្មានចិនទេ កម្ពុជាមិនអាចចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានជាង៤លាននាក់ ឫស្មើប្រមាណ៤២%បានឡើយ អាចនិយាយឱ្យខ្លីថា ត្រឹមតែ២០ម៉ឺននាក់ក៏មិនប្រាកដថា បាននោះដែរ។

គួរជម្រាបជូនថា ចិននឹងផ្តល់វ៉ាក់សាំងទាំងជំនួយ និងលក់ដល់កម្ពុជាចំនួន២០លានដូស ហើយគិតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងពីចិនប្រមាណ១១លានដូសហើយ។ នៅខែក្នុងកក្កដានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបន្ថែមចំនួន៥លានដូស ហើយនៅក្នុងខែសីហា ខាងមុខនឹងទទូលបានចំនួន៤លានដូសទៀតពីប្រទេសចិន។ បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង២៩លាន៧សែនដូស ក្នុងនោះជាជំនួយតាមរយៈយន្តការCOVAX ចំនួន៧លានដូស ពីអូស្រ្តាលីប្រមាណ៣លានដូស និងពីចិនចំនួន២០លានដូស។

ប៉ុន្តែតាមរយៈយន្តការCOVAX កម្ពុជាបានទទួលត្រឹមតែជាង៣២ម៉ឺនដូសប៉ុណ្ណោះគិតមកដល់ពេលនេះ ខណៈចិនបានផ្តត់ផ្តង់ដល់កម្ពុជាជាបន្តបន្ទាប់ចូលដល់រាប់លានដូសហើយ។ លោកនាយរកដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនរើសអើងវ៉ាក់សាំងប្រទេសណាទេ ប៉ុន្តែប្រទេសខ្លះបានត្រឹមតែសន្យា​ តែមិនបានធ្វើទេដែលខុសពីចិន។ ចិនដែលលោកហ៊ុន សែន អះអាងថា តែងតែជួយដល់កម្ពុជាដោយមិនសន្យាចោលឡើយ។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តីគូសបញ្ជាក់ដោយចោទសួរជាថ្មីថា បើមិនឱ្យលោកទៅពឹងចិន តើឱ្យលោកទៅពឹងអ្នកណាវិញ។

តាមគម្រោង កម្ពុជានឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋឱ្យបានយ៉ាងតិច១០លាននាក់ ដោយគ្រោងសម្រេចឱ្យបាននៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រោយបញ្ចប់ការចាក់បាន១០លាននាក់នេះហើយ រដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងពិចារណាចាក់វ៉ាក់សាំង​លើកុមារដែលមានអាយុក្រោម ១៨ឆ្នាំ​បន្ថែមទៀតផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងបន្ថែមពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ