អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន៖ បើគ្មានជំនួយពីចិនកុំថាឡើយចាក់បាន ៤លាននាក់ សូម្បី២០ម៉ឺននាក់មិនបានផង

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាលពីថ្ងៃ​ម្សិលមិញ ​បានសម្តែង​ការអរគុណ​ទៅដល់​ប្រទេសចិន​ ដែលបានផ្តល់ជំនួយ ​និងជួយផ្គត់ផ្គង់​វ៉ាក់សាំងប្រឆាំង​កូវីដ-១៩ ​ទាន់ពេលវេលា​ដល់ប្រទេស​កម្ពុជា​។ ​ការបង្ហាញនូវការ​ពេញចិត្ត​របស់លោកនាយករដ្ឋ​មន្ត្រី​ដូច្នេះ ​ធ្វើឡើងចំ​ពេលដែលប្រទេស​កម្ពុជា​សម្រេច​បានការចាក់វ៉ាក់សាំង​៤០% ក្នុងចំណោម​ប្រជាពលរដ្ឋ​ ដែលត្រូវ​ទទួលវ៉ាក់សាំង​ចំនួន១០លាន​នាក់។

រូប​ទង់ជាតិ​កម្ពុជា ចិន
រូប​ទង់ជាតិ​កម្ពុជា ចិន រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០% នៃចំនួនដែលត្រូវចាក់។ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះ កុំថាឡើយចាក់បាន ៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ ក៏កម្ពុជាមិនអាចចាក់បានផង ហើយកម្ពុជាច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំង ដែលគ្មានច្រកចេញ។

ការថ្លែងបញ្ជាក់ដូច្នេះ គឺចំពេលដែលលោកផ្តល់រង្វាន់សំណាង ដល់អ្នកចាក់វ៉ាក់សាំងដូសទី៤លាន កាលពីថ្ងៃទី២៨ ខែមិថុនា បានទៅលើអតីតយុទ្ធជនពិការជើងឆ្វេងម្នាក់អាយុ ៦៥ឆ្នាំ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយទទួលបាននូវថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារៈមួយចំនួនទៀត។

ជាការកត់សម្គាល់ ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងលំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ខណៈដែលប្រទេសសិង្ហបុរីជាប់ចំណាក់ថ្នាក់ទី១។

សូមបញ្ជាក់ថា តាមការគ្រោងទុកប្រទេសកម្ពុជាត្រូវការវ៉ាក់សាំងចំនួន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ ហើយវ៉ាក់សាំងនឹងត្រូវដឹកមកដល់ ប្រទេសកម្ពុជាគ្រប់ចំនួននៅត្រឹមខែសីហាខាងមុខ ហើយតាមការរំពឹងទុក ​ក្នុងអំឡុងពេលខែតុលា ឬខែវិច្ឆិកា កម្ពុជានឹងអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​បាន​ចំនួន ១០លាននាក់។ នេះបើតាមលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃអាទិត្យ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់វិទ្យុបារាំង RFI ថាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់កម្ពុជាមានល្បឿនលឿនមែនទែន ខណៈដែលការគ្រោងទុកតាមផែនការមេនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ឯណោះ។

សូមរំលឹកដែរថា មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១១ ០២៤ ០០០ដូសហើយ ក្នុងនោះវ៉ាក់សាំង Covishield  របស់ AstraZeneca ចំនួន ៣២៤ ០០០ដូស វ៉ាក់សាំង Sinopharm ចំនួន ៣,២លានដូស ក្នុងនោះ ២,២លានដូស ជាជំនួយរបស់ចិន និង១លានដូសទិញពីចិន។ វ៉ាក់សាំងប្រភេទ Sinovac ចំនួន ៧,៥លានដូស គឺជាការបញ្ជាទិញពីចិន។ ចំណែក ៩លានដូសទៀត នឹងមកដល់ជាបន្តបន្ទាប់ គឺនៅខែកក្កដា នឹងមកដល់ ៥លានដូស និងខែសីហា មក​ដល់​៤លាន​ដូសបន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ