អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីជនពិការដើម្បីតម្រូវទៅតាមបរិបទសង្គម

សេចក្តី​ព្រាង​ច្បាប់​ថ្មីស្តីពី​ជនពិការ​កំពុង​ត្រូវបាន​ពិភាក្សាជាមួយ​ភាគី​ពាក់​ព័ន្ធ ដោយ​ក្រសួង​សង្គមកិច្ច​គឺជាអ្នក​តាក់តែង​សេចក្តីព្រាងច្បាប់នេះ។ ការ​រៀប​ចំច្បាប់ថ្មីនេះ​ត្រូវបាន​មន្ត្រីរដ្ឋាភិបាល​ពន្យល់ថា មានគោលបំណងលុបបំបាត់ចោលការរើសអើងលើជនពិការ និង​បង្កលក្ខណៈងាយស្រួលដល់ពួកគេ ខណៈដែល​ច្បាប់​ចាស់នៅមានភាព​ខ្វះ​ចន្លោះ។

ក្រុមជនពិការនៅកម្ពុជា
ក្រុមជនពិការនៅកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់​ថ្មីនេះ​ ត្រូវបានសហការដោយប្រទេសអូស្រ្តាលី ខណៈប្រទេសនេះបានជួយដល់វិស័យពិការភាពនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ។ គណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ក្រោមការសម្របសម្រួលរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានជួបជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា កាលពីថ្ងៃសុក្រនេះ​ នៅក្នុង​សណ្ឋាគារមួយ​នៅទីក្រុង​ភ្នំពេញ ដើម្បីពិភាក្សាអំពី​សេចក្តីព្រាងច្បាប់ថ្មីនេះ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជនពិការ លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងត្រូវជំនួសឱ្យច្បាប់ចាស់ដែលមានស្រាប់។ បើតាមលោក ឯម ច័ន្ទមករា សេចក្តីព្រាងច្បាប់ថ្មីនេះមានគោលបំណងលុបបំបាត់ចោលការរើសអើង ជាពិសេសការគោរពសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព និងការកែលម្អបរិដ្ឋានរូបវ័ន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការ។

កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានធ្វើឡើងជាច្រើនលើក ជាមួយដៃគូអភិវឌ្ឍន៍ ពិសេសជនមានពិការភាពនៅកម្ពុជា រួមមានកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ខណៈពេលដែលការពិភាក្សាកំពុងបន្ត ដើម្បីធានាថាច្បាប់ស្តីពីពិការភាពថ្មីនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទូលំទូលាយ និងអាចអនុវត្តបាន។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ កម្ពុជាបានប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការការពារនិងលើកកម្ពស់សិទ្ធិជនពិការរួចហើយ។ ប៉ុន្តែភារធារីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាលោក Luke Arnold ថ្លែងថា ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីនេះឡើង មានសារសំខាន់ក្នុងបរិបទរបស់ប្រទេសកម្ពុជា ហើយលោកសង្ឃឹមថា មេរៀននិងបទពិសោធន៍ក្នុងការលើកកម្ពស់ជីវភាពរបស់ជនមានពិការភាពអាចនឹងត្រូវបានចែករំ​លែក​​និងផ្លាស់ប្តូរបទ​ពិ​សោធ​ន៍​​​​​រវាងប្រទេសទាំងពីរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ