អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

អាជ្ញាធរខេត្តព្រះសីហនុ កំពុងចាត់វិធានការលើមនុស្ស ៦នាក់ ដែលទិញលក់ប័ណ្ណចាក់វ៉ាក់សាំងខុសច្បាប់

អាជ្ញាធរ​ខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃ​ទី ២៥ខែមិថុនានេះ បាន​នាំខ្លួន​មនុស្ស ៦នាក់ ទៅចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ក្នុង​សំណុំ​រឿងទិញ​លក់​ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់​ពាក្យ​ស្នើ​សុំ​ចុះឈ្មោះចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ អ្នក​នាំពាក្យ​ខេត្តព្រះសីហនុ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា អាជ្ញាធរកំពុង​តែ​សាកសួរ និង​ស៊ើបអង្កេត​ជុំវិញភាពមិន​ប្រក្រតីនេះ ដើម្បី​ស្រាវជ្រាវ​បន្ត​ថាអាចមានអ្នក​នៅពីក្រោយ​ខ្នង ឬ ទេ?

មនុស្ស ៦នាក់ដែលទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការកូវីដ១៩ខុសច្បាប់
មនុស្ស ៦នាក់ដែលទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការកូវីដ១៩ខុសច្បាប់ © សហការី
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​ខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃទី ២៥ខែមិថុនានេះ បាន​នាំខ្លួន​មនុស្សចំនួន ៦នាក់ដែលពាក់ព័ន្ធនឹងសកម្មភាពទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ លោក ​ឃាង ភារម្យ អ្ន​កនាំពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ បាន​ប្រាប់វិទ្យុបារាំង នៅថ្ងៃសុក្រនេះថា ការ​ឈាន​ទៅនាំខ្លួន​មនុស្សទាំង ៦នាក់នេះ គឺបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្ត​បន្ទាប់ពីប្រជាពលរដ្ឋ នៅក្នុង​ក្រុងព្រះសីហនុ កាល​ពេលកន្លងមក។

តាម​លោក ឃាង ភារម្យ ជាបឋម មនុស្សទាំង ៦នាក់​នេះ កំពុងស្ថិតក្រោម​ការ​ស៊ើបអង្កេត ជុំវិញការបង្កភាព​មិន​ប្រក្រតីដែលផ្ទុយ​នឹងច្បាប់​នេះ ដើម្បីឱ្យ​​ដឹងថា តើ​មាន​មនុស្ស​ប៉ុន្មាននាក់ ជាអ្នក​លក់ និងមានប៉ុន្មាននាក់​ជាអ្នក​ទិញ។ លោក​ឃាង ភារម្យ បញ្ជាក់ថា ប្រសិនបើ​រក​ឃើញ​ថា​មានកំហុសធ្ងន់ធ្ងរ នោះ​មនុស្សទាំង ៦នាក់នេះ នឹងត្រូវ​នគរបាល​ក្រុង បញ្ជូន​សំណុំរឿង​ទៅចាត់កា​រតាមនីតិវិធីច្បាប់នៅតុលាការ។

អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តព្រះសីហនុ អះអាងថា រាល់​សកម្មភាពទិញ​លក់​ប័ណ្ណចាក់​វ៉ាក់សាំងបង្ការកូវីដ១៩ គឺជាទង្វើខុសច្បាប់​ទាំងស្រុង ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ដល់​ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលកំពុងរស់នៅ និងបំពេញការងារ​ក្នុង​ខេត្តព្រះសីហនុ។ ដោយឡែក ​ចំពោះប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់​ពាក្យ​ស្នើសុំ​ចុះឈ្មោះចាក់​វ៉ាក់សាំងបង្ការកូវីដ១៩ ក៏ត្រូវបាន​អាជ្ញាធរចុះចែក​ដល់​ប្រជាពលរដ្ឋ​​តាមលំនៅដ្ឋាន ដោយ​មិន​គិត​ថ្លៃនោះទេ។ ដូច្នេះ រាល់សកម្មភាព​ទិញលក់​បណ្ណនេះ គឺត្រូវ​ចាត់ទុក​ថា ជាទង្វើឱកាសនិយម ដែលផ្ទុយនឹង​ច្បាប់ និង​ត្រូវចាត់វិធានការ​តាមនីតិវិធីច្បាប់។

សូមរម្លឹកជូនថា ខេត្តព្រះសីហនុ គឺជាខេត្ត​មួយ ក្នុងចំណោម​ខេត្ត​អាទិភាព​ ដែល​រដ្ឋាភិបាលកម្ពុជា បាន​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការកូវីដ ១៩​ដល់​ប្រជាពលរដ្ឋ កម្ម​ករ និយោជិត និងជនបរទេស ក្រោយ​ពេល​ខេត្ត​ទេសចរណ៍មាត់​សមុទ្រនេះ ក៏មានកា​រផ្ទុះឡើង​ខ្លាំងនៅការឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ