អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ស្ថានភាពឆ្លងថ្មីមិនទាន់ថមថយ៖ លោកហ៊ុន សែន សម្រេចដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្ទាល់

នៅថ្ងៃចន្ទនេះ ​កម្ពុជាបានប្រកាស​ពីការរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី ចំនួន៥៤២នាក់​បន្ថែមទៀត​ក្នុងនោះ ​ឆ្លងក្នុងសហគមន៍មាន​៥០៥នាក់​ និង ករណី​នាំចូល​៣៧នាក់​ ខណៈអ្នកជា​សះស្បើយ​ដល់ទៅ ១ ១០៩នាក់​។​ ប៉ុន្តែ​ក៏មានអ្នកស្លាប់បន្ថែមទៀត​ចំនួន ១៣​នាក់ ផងដែរ​។​ គិតមកដល់ពេលនេះ ​កម្ពុជា​មានអ្នកឆ្លងជំងឺ​កូវីដ-១៩​សរុប ៣៨ ៩៦៩នាក់​ អ្នកជាសះស្បើយ ៣២ ៩៦៧នាក់​ និងអ្នកស្លាប់ចំនួន ៣៤៨នាក់​។​ ប្រឈមនឹង​ស្ថានភាពនេះ ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាលពីម្សិលមិញ​ បានសម្រេច​មកដឹកនាំ​ប្រយុទ្ធប្រឆាំង​នឹងជំងឺនេះ​ដោយផ្ទាល់តែម្តង​។​

ទិដ្ឋភាពក្រុមគ្រូពេទ្យទៅយកអ្នកវិជ្ជមានកូវីដ១៩
ទិដ្ឋភាពក្រុមគ្រូពេទ្យទៅយកអ្នកវិជ្ជមានកូវីដ១៩ © Internet
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលសមាសភាព តួនាទី និងភារកិច្ចរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពមិនទៀងទាត់នៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ តាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមិថុនា សមាសភាពថ្មីនៃគណៈកម្មការនេះ គឺមានលោកនាយករដ្ឋមន្រ្ តីហ៊ុន សែន ជាប្រធាន ខណៈអនុប្រធានមានដល់៥រូប គឺឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងអនុប្រធានមួយរូបទៀត គឺរដ្ឋមន្រ្តីក្រសួងសុខាភិបាល។

បើតាមរដ្ឋាភិបាលកម្ពុជា គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ចដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ដ្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងធានាដល់និរន្ដរភាពនៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើងនៃវិស័យសង្គម-សេដ្ឋកិច្ចតាម «គន្លងប្រក្រតីភាពថ្មី»។

ជាមួយគ្នានេះ គណៈកម្មការ​នេះ ក៏ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្ដរជាតិ និងដឹកនាំ សម្របសម្រួលការអនុវត្តវិធានការជាអន្ដរវិស័យ អន្ដរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជាមួយដៃគូ ដែលមានការពាក់ព័ន្ធ។

បន្ថែមលើនេះ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានបង្កើតឱ្យមានគណៈកម្មការចំណុះចំនួន៤ទៀត គឺគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩  គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស  គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ និងគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត។ ជាការកត់សម្គាល់ ការកែសម្រួលសមាសភាព និងបង្កើតគណៈកម្មការថ្មីនេះ ធ្វើឡើងក្នុងពេលដែលស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩​នៅមិនទាន់ថមថយនៅឡើយ ជាពិសេស កំពុងមានការឆ្លងរាលដាលតាមបណ្តាខេត្តនានា និងករណីនាំចូលពីបរទេសក៏​មានការកើនឡើង។

ប្រឈមនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី១១ ខែមិថុនា បានដាស់តឿនឱ្យអភិបាលរាជធានី-ខេត្ត​ទាំងអស់ពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរមកកម្ពុជាដោយធ្វើតេស្តរហ័ស។ ចំណែក អភិបាលខេត្តនៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការពង្រឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ដល់ពលករ និងប្រជាពលរដ្ឋទូទៅមុននឹងអនុញ្ញាតឱ្យចូលមកក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ