អានតួអត្ថបទ
កម្ពុជា-ច្បាប់

សារព័ត៌មានរដ្ឋវៀតណាមថា ពលរដ្ឋខ្លួនដែលរស់នៅលើទឹក ព្រមអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរកម្ពុជា

សារព័ត៌មានរដ្ឋរបស់វៀតណាម​ កាលពីថ្ងៃអាទិត្យម្សិលមិញ បាន​ផ្សាយថា​ពលរដ្ឋខ្មែរ​វៀតណាម​ ដែល​រស់​នៅលើ​ផ្ទៃ​ទឹកទន្លេ​នៅកម្ពុជា គឺពួកគេ​ព្រមអនុវត្ត​តាមបទបញ្ជា​របស់​អាជ្ញាធរកម្ពុជា។ អាជ្ញាធរកម្ពុជា ​ដែល​បាន​ដាក់​កំហិត​ឲ្យ​ជនអន្តោប្រវេសន៍ទាំងនោះ ចាកចេញពីផ្ទៃ​ទឹក​ឲ្យអស់​ត្រឹម​រយៈពេល​៧ថ្ងៃ ដោយសារតែ​ការ​រស់​នៅបែប​នេះ​រាប់​សិបឆ្នាំមកនោះ បានបំពុលបរិស្ថានយ៉ាងធ្ងន់​ធ្ងរ។

ផ្ទះរបស់ប្រជាពលរដ្ឋនៅលើទឹកក្នុងទីតាំងទីក្រុងភ្នំពេញ
ផ្ទះរបស់ប្រជាពលរដ្ឋនៅលើទឹកក្នុងទីតាំងទីក្រុងភ្នំពេញ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅក្នុងអត្ថបទក្រោម​ចំណងជើងថា ជនជាតិខ្មែរ-វៀតណាម គោរពតាមសេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរទីលំនៅអណ្តែតទឹក ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋវៀតណាម VNA បានផ្សាយថា ​ប្រជាជនកម្ពុជាជិត ១.០០០ គ្រួសារ ដែលមានដើមកំណើតវៀតណាមបានធ្វើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ស្តីពីការផ្លាស់ប្តូរទីតាំងផ្ទះអណ្តែតទឹក និងក្បូនចិញ្ចឹមត្រី តាមបណ្តោយទន្លេសាបក្នុងរយៈពេល៧ថ្ងៃ។

បើតាមកាសែតផ្លូវការរបស់រដ្ឋវៀតណាម​ដដែលនេះ ប្រជាជនខ្លួន​ដែលភាគច្រើនរកស៊ីចិញ្ចឹមជីវិតដោយការនេសាទ និងចិញ្ចឹមត្រី នៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌព្រែកព្នៅ ក្នុងចំណោមទីតាំងផ្សេងទៀត គឺពួក​​គេបានរុះរើផ្ទះក្បូនរបស់ពួកគេ ចាប់តាំងពីថ្ងៃទី១១ និង ១២ខែមិថុនា ដោយរង់ចាំទៅរស់នៅទីតាំង​ថ្មី។

យ៉ាងណាក៏ដោយ​ គេមិនទាន់ដឹងថា ប្រជាជនវៀតណាមទាំងនោះ​ទៅរស់នៅទីណានៅឡើយ ខណៈ​អាជ្ញាធរ​ខេត្ត​កណ្តាល ​ដែល​នៅជាប់តាម​ដង​ទន្លេមេគង្គ និងទន្លេសាប ​​បានដាក់ពង្រាយ​កម្លាំង ​តាម​ឃ្លាំ​មើល​ទូក​របស់វៀតណាមទាំងនោះមិនឲ្យចូលចតនៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួនឡើយ។​

តែ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាមដដែល ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មាធិការកិច្ចការបរ​ទេស​នៃក្រសួងការបរទេសវៀតណាម បានពិភាក្សាជាមួយភាគីកម្ពុជា ដោយស្នើឲ្យកម្ពុជាបង្កើតលក្ខ​ខណ្ឌ​អំណោយផល និងចាត់វិធានការគាំទ្រជាក់ស្តែងសម្រាប់ក្រុមនេះ ដើម្បីតាំងទីលំនៅថ្មី និងធានាផល​ប្រយោជន៍ស្របច្បាប់របស់ពួកគេ។

ចំណែក​ឯសមាគម​វៀតណាម​ប្រចាំ​កម្ពុជា​វិញ តាម​រយៈ​សេចក្តី​ប្រកាសនៅថ្ងៃទី១៣​ មិថុនា បានប្រាប់មិនឲ្យប្រជាជនខ្លួនវិលត្រឡប់ទៅប្រទេសវៀតណាមនៅពេលនេះទេ ដោយសំអាងថា ច្រកទ្វារព្រំដែនប្រទេស​ទាំងពីរ ត្រូវបានបិទដោយសារតែ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ