អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

យុទ្ធនាការចាក់វ៉ាក់សាំងដោយកងទ័ពគ្រោងបញ្ចប់នៅថ្ងៃ២០មិថុនា ហើយនឹងបន្តទៅខេត្តចំនួន៥ទៀត

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​នៅរាជធានីភ្នំពេញ ដោយ​ក្រុម​កងទ័ព គ្រោងនឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី២០​មិថុនា ខាងមុខ​នេះ ខណៈយុទ្ធនាការ​រយៈ​ពេល​ជិត​២ខែ​មកនេះ កងទ័ព​ចាក់​ជូន​ពលរដ្ឋ​សម្រេចបានជិត​១លាននាក់។ ក្រោយ​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​នៅភ្នំពេញ កងទ័ព​គ្រោង​បើកយុទ្ធនាការ​ដូចគ្នានេះ​​នៅ​ក្នុង​ខេត្ត​ចំនួន៥ទៀតជាអទិភាព។

ក្រុមគ្រូពេទ្យកំពុងសួរនាំពីស្ថានភាពទូទៅនៃអ្នកមកចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណាវ៉ាក់ មុននឹងផ្តល់ការចាក់វ៉ាក់សាំងជូន
ក្រុមគ្រូពេទ្យកំពុងសួរនាំពីស្ថានភាពទូទៅនៃអ្នកមកចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណាវ៉ាក់ មុននឹងផ្តល់ការចាក់វ៉ាក់សាំងជូន AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ខេត្តចំនួន​៥​ដែលជាគោលដៅអទិភាព​ក្នុង​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ដោយ​កម្លាំង​កងទ័ព នៅ​​ពេល​ខាងមុខនេះ គឺមានខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់​ឆ្នាំង កំពង់ចាម និងស្វាយរៀង។ នេះបើតាម​​នាយឧត្តម​សេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការ​ចម្រុះ​នៃកង​ក័ង​យុទ្ធពល​ខេមរភូមិន្ទ និងជាប្រធាន​ក្រុម​ការងារ​ខាង​កងទ័ព​ទទួល​បន្ទុកការ​ចាក់​វ៉ាក់​សាំង។

នៅក្នុងខេត្តចំនួន៥​នេះ គឺមានប្រជាពលរដ្ឋជាង១លាននាក់ ដែល​ត្រូវចាក់​វ៉ាក់​សាំង​ប្រឆាំង​កូវីដ១៩ ក្នុងនោះ​កម្លាំងកងទ័ពត្រូវចាក់ជូនប្រជាពលរដ្ឋជាង៨០ម៉ឺននាក់ ហើយ​ក្រៅពីនោះ​គឺជា​ភារកិច្ច​របស់​មន្ទីរ​សុខាភិបាល​ខេត្ត។

បើតាមក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៤៥នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈការចាក់លើកទី២ បានចំនួន ១,១២០,៥៤៨នាក់។

ខណៈវ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជា​កាលពីថ្ងៃសៅរ៍ ទី១២ ខែមិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ​យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនេះ នឹងធ្វើឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលអះអាងថាខ្លួនក៏ស្វះស្វែងរកវ៉ាក់សាំងមក​បន្ថែម​ទៀត​ដែល​គិតត្រឹមថ្ងៃទី១២ ខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

បើតាម​រដ្ឋាភិបាលកម្ពុជា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវចាក់វ៉ាក់សាំងប្រមាណ២៦លានដូស ក្នុងនោះប្រជាពលរដ្ឋចំនួន ១០លាននាក់ នឹង​ទទួលបាន​វ៉ាក់សាំងនៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ