អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកចិញ្ចឹមត្រីមួយចំនួនប្រឈមនឹងការឈប់ចិញ្ចឹម ដោយសារទីផ្សារត្រីក្នុងស្រុកមានការធ្លាក់ចុះ

កសិករចិញ្ចឹមត្រី​មួយចំនួន​ធំ នឹងអាចឈប់​ប្រកប​របរ​ចិញ្ចឹមត្រី ​នៅខណៈដែលទីផ្សារ​ត្រីក្នុងស្រុក​មានការធ្លាក់ចុះ​។​ នេះបើតាម​ការប្រាប់ឲ្យដឹង​ពីលោក​ សុខ រ៉ាដែន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ សមាគម​វារីវប្បករ​កម្ពុជា​ នៅព្រឹកថ្ងៃចន្ទនេះ។​ តាមលោក ​សុខ រ៉ាដែន​ ត្រីចិញ្ចឹម​របស់​វារីវប្បករ​ក្នុងស្រុក​ជាងមួយម៉ឺនតោន​ នៅ​មិនទាន់​មាន​ទីផ្សារ​​លក់ចេញនៅ​​ឡើយ​។

ទិដ្ឋភាពនៃការចិញ្ចឹមត្រីរបស់វារីវប្បករ
ទិដ្ឋភាពនៃការចិញ្ចឹមត្រីរបស់វារីវប្បករ © សហការី
ផ្សាយពាណិជ្ជកម្ម

ត្រីក្នុងបរិមាណ ៨ ០០០ តោន ក្នុងខែឧសភា និងត្រីក្នុងបរិមាណ ៣ ០០០ តោន នៅដើមខែមិថុនា ដែលត្រៀមលក់នៅខែមិថុនានេះ នៅមិនទាន់មានទីផ្សារទទួល​ទិញ​នៅ​ឡើយ។ ការប្រឈមបែបនេះ ត្រូវបាន លោក សុខ រ៉ាដែន បញ្ជាក់ថា ដោយសារការប្រកួតប្រជែងទីផ្សារជាមួយត្រី ដែលនាំចូលមកពីក្រៅប្រទេស មានបរិមាណច្រើន និងមិនមានតុល្យភាព។ តាមប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជារូបនេះ បច្ចុប្បន្នមានសមាជិកប្រមាណ៣០០គ្រួសារ កំពុងប្រឈមបញ្ហាជីវភាពដោយសារតែត្រីរបស់ពួកគេចិញ្ចឹមគ្មានការទទួលទិញ។

លោក សុខ រ៉ាដែន បានបញ្ជាក់បន្ថែមដែរថា ជាដំណោះស្រាយទាក់ទង​ទៅនឹង​បញ្ហារបស់វារីវប្បករ ក្រសួងកសិកម្ម​គួររៀបចំយន្តការកាត់បន្ថយការនាំចូលត្រីពីក្រៅស្រុក និងកំណត់តម្លៃពន្ធនាំចូល ដើម្បីបន្ថយបរិមាណត្រីពីខាងក្រៅ និងបើកទីផ្សារឲ្យទូលាយសម្រាប់ត្រីនៅក្នុងស្រុក។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះដែរថា ក្រសួងបានកាត់បន្ថយការនាំចូលត្រីពីក្រៅស្រុកហើយ។ តាមការបញ្ជាក់ពីលោករដ្ឋមន្ត្រី ក្រសួងកសិកម្មបានដាក់កំហិតសម្រាប់ការប្រមូលទិញត្រី ដោយបញ្ជាទិញត្រីក្នុងស្រុក៥០% ទើបអនុញ្ញាតឲ្យនាំចូលត្រីពីក្រៅស្រុក។

កាលពីថ្ងៃទី០៨ ខែមករា ក្រសួងកសិកម្មបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន៤ប្រភេទ ពីប្រទេសវៀតណាម ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មកម្ពុជាក្នុងពេលវិបត្តិកូវីដ-១៩។ ការផ្អាកនេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ដើម្បីស្តារវិស័យវារីវប្បកម្មនៅកម្ពុជា។ ក្នុងអំឡុងពេលនៃការ​រាលដាលជំងឺកូវីដ-១៩ មួយឆ្នាំកន្លងមក ប្រជាពលរដ្ឋភាគច្រើន បានងាកទៅប្រកបរបរក្នុងវិស័យវារីវប្បកម្ម ដែលជាហេតុធ្វើឲ្យផលិតផលជលផលក្នុងស្រុកមានកំណើនច្រើន ទើបក្រសួងសម្រេចផ្អាកនាំចូលត្រីពីក្រៅប្រទេសបណ្តោះអាសន្ន។ នេះបើតាមលោកវេង សាខុន។

ក៏ប៉ុន្តែនៅថ្ងៃទី០៨ ខែកុម្ភៈ ក្រសួងកសិកម្មក៏បានចេញនូវសេចក្តីសម្រេចឲ្យមានការនាំចូលត្រីពីក្រៅស្រុកមកវិញ មានដូចជាត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្ដោ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៅក្នុងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ