អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

សមាគមទេសចរណ៍កម្ពុជា ស្វាគមន៍ចំពោះការព្រមានបិទអាជីវកម្មនិងព្យួរអាជ្ញាបណ្ណរបស់ក្រសួងទេសចរណ៍

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា អាជីវកម្មទេសចរណ៍ទាំងអស់ត្រួវគោរពទៅតាមអ្វីជាការណែនាំរបស់ក្រសួងទេសចរណ៍។ ការថ្លែងដូច្នេះរបស់លោក ហូ វណ្ឌី ធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍កាលពីថ្ងៃទី០១មិថុនា បានចេញសារាចរណែនាំមួយឲ្យអាជីវកម្មទេសចរណ៍ទាំងអស់គោរពឲ្យបាននូវវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បើពុំដូច្នេះទេអាជីវកម្មទាំងនោះនឹងត្រូវបិទអាជីវកម្មឬព្យួរអាជ្ញាបណ្ណ។

ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ ក្នុងអំឡុងពេលការរាលដាលជំងឺកូវីដ១៩
ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ ក្នុងអំឡុងពេលការរាលដាលជំងឺកូវីដ១៩ © FB
ផ្សាយពាណិជ្ជកម្ម

«សុខចិត្តលំបាកពេលខ្លី ល្អជាងលំបាកពេលវែង»ក្នុងការបើកបម្រើសាវាអាជីវកម្មទេសចរណ៍នៅអំឡុងពេលរាលដាលជំងឺកូវីដ-១៩ ជាអ្វីដែលម្ចាស់អាជីវកម្មគួរអនុវត្ត។ នេះគឺជាលើកឡើងរបស់លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា។ តាមលោក ហូ វណ្ឌី នៅអំឡុងពេលនៃការរាលដាលនេះ ទោះជាអាជីវកម្មមួយចំនួនអាចបើកដំណើរបានវិញក្តី ក៏ប៉ុន្តែការគោរពតាមវិធានការសុខាភិបាល ជារឿងចាំបាច់បំផុត ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍មិនចង់រងការពិន័យ។

សារាចរណែនាំមួយរបស់ក្រសួងទេសចរណ៍ ចុះនៅថ្ងៃទី០១មិថុនា បានព្រមានចំពោះទីតាំងអាជីវកម្មទេសចរណ៍ដែលល្មើសនឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ទីតាំងអាជីវកម្មទាំងនោះនឹងប្រឈមនឹងការបិទអាជីវកម្ម ក្នុងល័ក្ខខណ្ឌដែលទីតាំងអាជីវកម្មលួចបើកអាជីវកម្មតាមគ្រប់មធ្យោបាយ និងរារាំងការអនុវត្តវិធានរដ្ឋបាល នៅខណៈដែលក្រសួងទេសចរណ៍បានឲ្យផ្អាកសកម្មភាព។ ទន្ទឹមនោះ ម្ចាស់អាជីវកម្មនឹងមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ចន្លោះពីមួយឆ្នាំទៅប្រាំឆ្នាំ។

រីឯការព្យួរអាជ្ញាបណ្ណទេសចរណ៍វិញ នឹងត្រូវធ្វើឡើងក្នុងលក្ខខណ្ឌទីតាំងអាជីវកម្មទេសចរណ៍មិនបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ មិនសហការចងក្រងព័ត៌មានរបស់ភ្ញៀវ និងបុគ្គលិក។ សម្រាប់រយៈពេលនៃការព្យួរអាជ្ញាបណ្ណទេចរណ៍ នឹងត្រូវកំណត់់បានសុពលភាពនៃអាជ្ញាបណ្ណដែលចេញដោយក្រសួង។

ជាការវាយតម្លៃ លោក ហូ វណ្ឌី បានលើកឡើងដែរថា នៅអំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ អាជីវកម្មដែលបើកដំណើរការភាគច្រើនប្រកាន់ខ្ជាប់បានប្រសើរនូវវិធានសុវត្ថិភាពបង្ការការឆ្លងជំងឺកូវីដ-១៩។ ក៏ប៉ុន្តែនៅទន្ទឹមនេះ ក៏មានដែរនៅអាជីវកម្មមួយចំនួនមិនទាន់អនុវត្តបានល្អនៅឡើយ។

គួរជម្រាបជូនថា កាលពីថ្ងៃទី២៥មេសា រដ្ឋាភិបាលកម្ពុជាបានសម្រេចបើកដំណើរការអាជីវកម្មទេសចរណ៍នៅទូទាំងឡើងវិញ ក្រោយការផ្អាកជាបណ្តោះអាសន្នដោយសារការឆ្លងជំងឺកូវីដ-១៩មានសភាពធ្ងន់ធ្ងរ។ ក៏ប៉ុន្តែសញ្ញាណជំងឺកូវីដ-១៩ បានកើនឡើងជាថ្មីនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទើបក្រសួងទេសចរណ៍កំណត់លក្ខខណ្ឌព្រមានអាជីវកម្មទេសចរណ៍ដែលមិនគោរពបានត្រឹមត្រូវនឹងវិធានទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ