អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការអន្តរជាតិអំពាវនាវឲ្យអាជ្ញាធរបន្តស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជនថៃនៅកម្ពុជា

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Right Watch ​និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​Amnesty ​International​ បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ ​និង​ឯករាជ្យ​មួយ​ជុំវិញ​ករណី​បាត់ខ្លួន​សកម្មជន​ថៃ​នៅ​កម្ពុជា​។ ការអំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ករណី​បាត់​ខ្លួន​លោក​ វ៉ាន់ឆាលឺម ​សាត់ស័ក្តិសិទ្ធ​ បាន​អូស​បន្លាយ​រយៈពេល​មួយ​ឆ្នាំ ​និង​មិន​មាន​បង្ហាញ​តម្រុយ​ស៊ើប​អង្កេតណា​មួយ​នៅ​ឡើយ​។

សកម្មជន​សិទ្ធិមនុស្ស​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិ​សិទ្ធ
សកម្មជន​សិទ្ធិមនុស្ស​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិ​សិទ្ធ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានពីទីក្រុងញ៉ូយ៉ក នៅថ្ងៃសុក្រម្សិលមិញនេះ អង្គការ Human Right Watch បានលើកឡើងថា អាជ្ញាធរកម្ពុជាបានបរាជ័យក្នុងការស៊ើបអង្កេតស៊ីជម្រៅនៃការបាត់ខ្លួនរបស់សកម្មជនប្រជាធិបតេយ្យថៃ លោក វ៉ាន់ឆាលឺម សាត់ស័ក្តសិទ្ធ ហើយរដ្ឋាភិបាលថៃក៏មិនបានរួមចំណែកធំណាមួយក្នុងការសហការដំណើរការស៊ើបអង្កេត។

លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បានថ្លែងថា អាជ្ញាធរនៃប្រទេសទាំងពីរហាក់ដូចជាយឺតយ៉ាវក្នុងការស៊ើបអង្កេត ទោះបីជាការចាប់ពង្រត់កើតឡើងនៅពេលថ្ងៃនិងមានសាក្សីជាច្រើននាក់បានឃើញក៏ដោយ។

ជាមួយគ្នានេះ អង្គការ Amnesty International បានអះអាងថាខ្លួនបានផ្ញើលិខិតចំហរមួយទៅកាន់ព្រះរាជអាជ្ញាថៃពីការខកខាននៃការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា និងទទូចឲ្យមានការស៊ើបអង្កេតជាផ្លូវការ។ បើតាមលោកស្រី Ming Yu Hah អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លួនថា ការខកខានជាប្រចាំរបស់អាជ្ញាធរកម្ពុជាក្នុងការស៊ើបអង្កេតអំពីការបាត់ខ្លួនដោយបង្ខំរបស់លោកវ៉ានឆាលឺម គឺជាការរំលោភលើកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា។

អង្គការ Amnesty International ជំរុញឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ឱ្យមានតួនាទីកាន់តែសកម្មថែមទៀតក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានទាំងអស់ ដើម្បីស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍នេះថា នៅមិនមានទាន់តម្រុយណាមួយជាក់លាក់ពីការបាត់ខ្លួនសកម្មជនប្រជាធិបតេយ្យថៃ លោកវ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ នៅក្នុងប្រទេសកម្ពុជានៅឡើយ ក៏ប៉ុន្តែរយៈពេលមួយឆ្នាំ អាជ្ញាធរនៅតែបន្តតាមដានស៊ើបអង្កេតជុំវិញករណីនេះ។ បើតាមលោកខៀវ សុភ័គ  អង្គការអន្តរជាតិណាដែលមានតម្រុយច្បាស់លាស់ គួរណាសហការផ្តល់ដំណឹងមកអាជ្ញាធរដើម្បីស៊ើបអង្កេត។

សូមបញ្ជាក់ជូនថា លោកវ៉ាន់ឆាលឺម សាត់ស័ក្តសិទ្ធ ជាសកម្មជនប្រជាធិបតេយ្យថៃ ដែល​ហ៊ាន​រិះគន់​វាយ​ប្រហារ​ដោយ​ចំ​ៗ​ទៅលើ​រដ្ឋាភិបាល​ថៃ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ដ្រី ប្រាយុទ្ធ ចាន់អូឆារ​។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​២២​ឧសភាឆ្នាំ​២០១៤​នៅ​ប្រទេស​ថៃ លោកវ៉ាន់ឆាលឺម​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ និង​ក្រោយ​មក​មក​កាន់​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដី​ក្ដាំ​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាលថៃ ទាក់ទង​នឹង​​បទ​ល្មើស​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។

តាមរយៈវីដេអូដែលទទួលបានពីកាំមេរ៉ាសុវត្ថិភាព លោក វ៉ាន់ឆាលឺម សាត់ស័ក្តសិទ្ធ ត្រូវបានមនុស្សមួយក្រុមចាប់បង្ខំឲ្យចូលក្នុងរថយន្តហាយលែនឌឺ នាល្ងាចថ្ងៃព្រហស្បតិ៍ទី០៤មិថុនាឆ្នាំ២០២០ ក្នុងពេលដែលលោកវ៉ាន់ឆាលឺមកំពុងទិញអាហារនៅទល់មុខអគារខុនដូដែលលោកស្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហើយនៅថ្ងៃសុក្រម្សិលមិញ យុវជនមួយក្រុមរួមទាំងបងស្រីរបស់វ៉ាន់ឆាលឺម សាត់ស័ក្តសិទ្ធ បានប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ថៃ ដើម្បីស្វែងរកព័ត៌មានបន្ថែមពីការបាត់ខ្លួនរបស់ប្អូនប្រុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ