អានតួអត្ថបទ
កម្ពុជា-នយោបាយ

ដើម្បីឲ្យអស់មន្ទិល រដ្ឋាភិបាលកម្ពុជាគ្រោងអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកពិនិត្យមើលកំពង់ផែរាម

រដ្ឋាភិបាល​កម្ពុជា ​នឹងអនុញ្ញាតឲ្យ​អនុព័ន្ធ​យោធា​អាមេរិក​ប្រចាំនៅកម្ពុជា​ ចុះទៅពិនិត្យ​កំពង់ផែ​រាម​ ដើម្បីឲ្យអស់​មន្ទិលសង្ស័យ​ថាមានមូលដ្ឋានកងទ័ព​ចិននៅទីនោះ។​ ការអនុញ្ញាតនេះ ​ត្រូវបានលោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ​បង្ហើប​ប្រាប់កាសែតអនឡាញ ​Fresh News ​នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ​ថាមានសំណើរ​ពីអនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ទៅកាន់លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពីពេល​ថ្មីៗនេះ។​

ការអនុញ្ញាតឲ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចុះទៅពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា
ការអនុញ្ញាតឲ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចុះទៅពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

ការអនុញ្ញាតឲ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចុះទៅពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា គឺធ្វើឡើងក្រោយមានសំណើររបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman កាលពីថ្ងៃអង្គារ អំឡុងពេលលោកស្រីមានជំនួបផ្លូវការមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។

នៅក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរទស្សនកិច្ចដ៏តក់ក្រហល់កាលពីថ្ងៃអង្គារ លោកស្រី Wendy R. Sherman បានលើកឡើងពីកង្វល់ដ៏ធំ​ ជុំវិញបញ្ហាវត្តមានយោធា​របស់​ចិន និងការកសាងទីតាំងនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងឈូងសមុទ្រថៃ។

លោកស្រី Sherman ក៏​បាន​សុំការ​បំភ្លឺ​លើការ​វាយកំទេចអគារចំនួន២ ដែលជាជំនួយថវិកាពីសហរដ្ឋអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬ​ការពន្យល់ជាមុន។ មន្ត្រីការទូតជាន់ខ្ពស់អាមេរិករូបនេះ បញ្ជាក់ថា មូលដ្ឋានយោធារបស់ចិនណាមួយនៅ​កម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យ​ភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់មានការបញ្ជាក់បន្ថែមពីលោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ យ៉ាងណានៅឡើយទេ ថាតើការអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យមើលកំពង់ផែរាម នឹងត្រូវធ្វើឡើងនៅពេលណា ហើយបើកឲ្យពិនិត្យមើលកំរិតណា។

ក៏ប៉ុន្តែថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដដែល លោក ទៀ បាញ់ បញ្ជាក់ថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិន ដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃឡើយ។

សូមរំលឹកថា ក្រោយសន្និសីទកាសែត ច្រានចោលការចុះផ្សាយរបស់កាសែត The Wall Street Journal កាលពីឆ្នាំកន្លងទៅ ដែលចោទថា កម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម ក្រសួងការពារជាតិកម្ពុជាបានអញ្ជើញអ្នកសារព័ត៌មានក្នុងស្រុក ទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹកដ៏ចំណាស់នេះម្តងហើយ។

ក៏ប៉ុន្តែសំណុំរឿងនេះ នៅតែមិនអាចរលត់បានដោយងាយៗ ដោយសារសហរដ្ឋអាមេរិក នៅតែមានសំណួរមិនដកថយជុំវិញការសង្ស័យថាប្រទេសចិន បានដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅកំពង់ផែរាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ