អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកស្រីម៉េង សុភារី អះអាងថា អវត្តមានមេធាវីផាន់ ច័ន្ទសាក់មិនប៉ះពាល់ដល់ដំណើរការការពារក្តីលោកកឹម សុខាទេ

លោកផាន់ ច័ន្ទសាក់​ សហមេធាវី​លោកកឹម សុខា ​និងជា​សមាជិក​អតីត​គណបក្ស​សង្រ្គោះជាតិ​បានពាក្យស្នើសុំ​សិទ្ធិធ្វើនយោបាយ​ឡើងវិញ​កាលពីថ្ងៃអង្គារ​។​ លោកក៏បាន​ដកខ្លួន​ចេញពី​សមាជិកក្រុមមេធាវី​ការពារក្តី​ជូនលោកកឹម សុខា​ ផងដែរ។​ ចំពោះអវត្តមាន​លោកផាន់ ច័ន្ទសាក់ នេះ ​លោកស្រី ម៉េង សុភារី ​សហមេធាវី​ម្នាក់ទៀត​របស់លោក​កឹម សុខា ​បានបញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​ថា​ វាមិនប៉ះពាល់អ្វី​ដល់ដំណើរ​ការការពារក្តី​ឱ្យលោក​កឹម សុខា​នោះទេ ​ដោយសារតែមាន​មេធាវី​ជំនួស​រូបលោក​រួចរាល់ហើយ​។

លោក កឹម សុខានិងក្រុមមេធាវីរបស់លោក
លោក កឹម សុខានិងក្រុមមេធាវីរបស់លោក © សហការី
ផ្សាយពាណិជ្ជកម្ម

តាមពិតលោកកឹម សុខា ​ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យស្នើសុំប្តូរមេធាវីផាន់ ច័ន្ទសាក់ ទៅកាន់តុលា​ការក្រុងភ្នំពេញតាំងពីពាក់កណ្តាលខែកុម្ភៈ មកម្លេះដោយសារតែមេធាវីរូបនេះ មិនសូវមានពេលវេលាក្នុងការចូលរួមក្នុងដំណើរការការពារក្តី។ នេះបើតាមការ​ឱ្យដឹងពី​លោកស្រីម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា ហើយលោកស្រីគូសបញ្ជាក់បន្ថែមថា លោកកឹម សុខា បានជ្រើសរើសលោកមេធាវី អាង ឧត្តម មកជំនួសកូតាឱ្យ​គ្រប់៤រូប​ឡើងវិញ។ ហេតុដូច្នេះហើយ លោកស្រី ម៉េង សុភារី បានអះអាងថា អវត្តមានមេធាវីផាន់ ច័ន្ទសាក់ គឺមិនប៉ះពាល់អ្វីដល់ដំណើរការការពារក្តីលោកកឹម សុខាឡើយ។

លោកមេធាវី ផាន់ ច័ន្ទសាក់ រួមជាមួយលោក ប៉ុល ហំម ដែលជាអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងពេលតែមួយ កាលពីថ្ងៃទី១៨ ខែឧសភា។ លោកមេធាវីបានបញ្ជាក់ថា លោកនឹងចូលរួមសកម្ម​ភាពនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជា ដែលជាបក្សនយោបាយទើបបង្កើតឡើងថ្មីដោយក្រុមមន្រ្តីអតីតបក្សប្រឆាំងមួយចំនួន។

លោកមេធាវី ផាន់ ច័ន្ទសាក់ បានចូលរួមការពារក្តីឱ្យលោក កឹម សុខា ជាមួយមេធាវី៣រូបផ្សេងទៀតតាំងពីលោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាដឹកយកទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ។

ប៉ុន្តែ ចាប់តាំងពីសំណុំរឿងសន្ទិដិ្ឋភាពជាមួយបរទេសរបស់លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញផ្អាកបណ្តោះអាសន្នជាងមួយឆ្នាំមកនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមមេធាវីលោក កឹម សុខា មិនសូវមានសកម្មភាពអ្វីនោះទេ។

យ៉ាងណាក៏ដោយ លោកស្រីម៉េង សុភារី បានលើកឡើងថា ពេលនេះ តុលាការក្រុងភ្នំពេញគួរតែគិតគូរក្នុងការបន្តសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញ ព្រោះបានផ្អាកយូរហើយ ពោលគឺតាំងពីខែមីនា ឆ្នាំ២០​២០។ សម្រាប់លោកស្រី ម៉េង សុភារី បើតុលាការមានឆន្ទៈ នោះសវនាការលោក កឹម សុខា​ អាចនឹងបន្តឡើងវិញបាន។

លោកស្រីបានពន្យល់ថា តុលាការក្រុងភ្នំពេញបើកសវនាការបានទៅលើសំណុំរឿងមួយចំនួន ក៏ដូចជាសំណុំរឿងបំពា​នវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ជាដើម។ ដូចនេះ សំណុំរឿងរបស់លោក កឹម សុខា ក៏អាចធ្វើទៅបានដែរ ដោយធ្វើនៅសាលមានទំហំធំ កំណត់មនុស្សចូលរួម និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៣កុំ និង​៣ការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ