អានតួអត្ថបទ
កម្ពុជា-សង្គម

បណ្ឌិត មាស នី៖ការបន្តបិទផ្សារគឺត្រឹមត្រូវតាមបច្ចេកទេសតែរដ្ឋត្រូវគិតពីជីវភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

អ្នក​ស្រាវជ្រាវពីការ​អភិវឌ្ឍសង្គម បានគាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជុំ​វិញ​ការ​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ១៩ តាម​រយៈ​ការ​បន្ត​បិទ​ខ្ទប់​តំបន់​មួយចំនួន និងការ​បន្ត​បិទ​ផ្សារ​មិន​រៀបរយមួយ​សប្តាហ៍​ទៅ​មុខទៀត។ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកវិភាគ​លើកឡើងថា រដ្ឋ​ត្រូវ​បន្ត​គិត​គូរ​អំពី​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ដែល​​រស់​នៅពឹង​ផ្អែក​តែលើ​មុខ​របរ​ប្រចាំថ្ងៃនៅតាមទីផ្សារទាំងនោះផង​។

អាជីវករលក់បន្លែតាមដងផ្លូវ ក្រោយទីតាំងផ្សារមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្នដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩
អាជីវករលក់បន្លែតាមដងផ្លូវ ក្រោយទីតាំងផ្សារមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្នដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត មាស នី អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គម បាន​កត់សំគាល់ថា នៅពេល​ដែល​រដ្ឋ​ធ្វើ​ការ​បិទ​ខ្ទប់​ទីផ្សាររយៈពេលយូរ គឺបានធ្វើ​ឲ្យប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ ពិសេសពលរដ្ឋជាអ្នក​ប្រកប​មុខ​​របរ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ខណៈពួកគេមួយចំនួ​ន ​រក​ចំណូល​មួយ​ថ្ងៃ​សម្រាប់​រស់បានតែមួយថ្ងៃប៉ុណ្ណោះ​។

បើតាមអ្នកវិភាគរូបនេះ​ ជាគោលការណ៍​របស់​អង្គការ​សហប្រជាជាតិ គឺរដ្ឋនីមួយៗមានតួនាទី​សំខាន់​ក្នុង​ការជួយធានាឲ្យ​ពលរដ្ឋ​អាច​រស់នៅបាន​ នៅក្នុងអំឡុង​ពេល​បិទ​ខ្ទប់ ឬអំឡុងពេល​បិទ​ទី​ផ្សារនេះ តាម​រយៈ​ការ​ចែក​ថវិកា ឬចែកស្បៀងអាហារ។

លោក មាស នី ទទួលបានស្គាល់ថា ការ​ចែក​ស្បៀង​របស់​រដ្ឋាភិបាល​កម្ពុជា ​នៅអំឡុងពេលមានការបិទ​ខ្ទប់កន្លងនេះ​គឺត្រឹម​ត្រូវតាម​បច្ចេកទេស ប៉ុន្តែ​លោក​លើកឡើងថា រដ្ឋត្រូវ​មាន​ផែនការ​ច្បាស់​លាស់​ជាង​នេះ​សម្រាប់​រយៈ​​វែង។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ​បានប្រកាសថា ត្រូវ​បន្ត​បិទ​ផ្សារមិនរៀប​រយ​រយៈពេល​១​សប្តាហ៍​ទៅ​មុខទៀត​រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ពោល​ការ​បិទ​ផ្សារមិនរៀប​រយ​នេះ ​គឺមាន​រយៈជាង១ខែមកហើយ។

ជំនួសឲ្យការ​បិទ​ផ្សារ​មិនរៀបរយនេះ​ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យមានការ​លក់​ដូរ ជាធម្មតា​នៅតាម​ផ្សារទំនើប​ៗ ខណៈអាជីវករមួយចំនួន​ បាន​ផ្លាស់​ប្តូរ​ពីការ​លក់​នៅតាម​ផ្សារសាធារណៈ​ មកលក់តាម​រ៉ឺម៉ក​ចល័ត​។ តែនេះមិនអាចដោះស្រាយ​បញ្ហា​​សេដ្ឋកិច្ច​របស់​អាជីវករ ​ដែល​បាត់​បង់​មុខ​របរទាំងអស់នោះបាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ