អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

ក្រសួងសុខាភិបាលអះអាងថា មិនទាន់មានសញ្ញានៃវីរុសបំប្លែងថ្មីមកពីឥណ្ឌាកើតមាននៅកម្ពុជានៅឡើយទេ

ស្របពេលដែល​ប្រទេសវៀតណាម ​និងថៃ​ជាដើម​បានប្រកាស​ពីការរកឃើញ​នូវអ្នកឆ្លង​ជំងឺ​កូវីដ១៩​ប្រភេទ​បំប្លែងខ្លួន​ថ្មីមកពីប្រទេស​ឥណ្ឌានោះ​ នៅកម្ពុជា​ឯណេះវិញ​ ក្រសួង​សុខាភិបាល​បានអះអាងថា​ មកដល់ពេលនេះ ​គឺក្រុមគ្រូពេទ្យ​កម្ពុជា​មិនទាន់រកឃើញ​នូវវីរុស​បំប្លែងថ្មីនេះនៅឡើយទេ​។​ តែទោះជាយ៉ាងណា ​ក្រសួង​សុខាភិបាល​កម្ពុជា​គូសបញ្ជាក់ថា​ មិនធ្វេស​ប្រហែស​ចំពោះ​បញ្ហានេះឡើយ ​ដោយកំពុង​ធ្វើការ​ស្រាវជ្រាវ​ និងពិនិត្យ​យ៉ាងយកចិត្តទុកដាក់​លើវីរុសប្រភេទ​ថ្មីនេះ​។

ក្រុមគ្រូពេទ្យតាមដានស្ថានភាពជំងឺកូវីដ១៩ (រូបតំណាង)
ក្រុមគ្រូពេទ្យតាមដានស្ថានភាពជំងឺកូវីដ១៩ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោកហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជាបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះថា មកពេលនេះ មិនទាន់មានសញ្ញាសង្ស័យណាមួយនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមកពីប្រទេសឥណ្ឌាកើតមាននៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ ប៉ុន្តែក្រុមគ្រូពេទ្យកម្ពុជាក៏មិនបណ្តែតបណ្តោយដែរ ពោល គឺនៅគ្រប់មន្ទីរពិសោធន៍ទាំងអស់កំពុងយកចិត្តដាក់ក្នុងការស្រាវជ្រាវរកវីរុសប្រភេទថ្មីនេះ។

នៅប្រទេសឥណ្ឌា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី(B1617)នេះ បានឆ្លងដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ និងបានសម្លាប់អ្នកជំងឺរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលថៃបានប្រកាសពីរកឃើញអ្នកឆ្លងវីរុសប្រភេទថ្មីនេះជាលើកដំបូងលើស្រ្តីមានផ្ទៃពោះម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន។ ចំណែកឯ ប្រទេសវៀតណាមវិញក៏បានប្រកាសពីការរកឃើញវីរុសប្រភេទថ្មីនេះលើមនុស្សមួយចំនួនផងដែរ ខណៈមនុស្សមួយចំនួនទៀតកំពុងយកសំណាកទៅពិនិត្យជាបន្តបន្ទាប់។

វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី(B1617)ដែលកើតចេញពីប្រទេសឥណ្ឌានេះ កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសដទៃៗទៀតរួមទាំងកម្ពុជាផងដែរ។ លោកហុក គឹមចេង បានពន្យល់ថា វីរុសប្រភេទថ្មីនេះមានលក្ខណៈឆ្លងលឿន កាចសាហាវ និងអាចធ្ងន់ធ្ងរជាងប្រភេទធម្មតា។ ប៉ុន្តែ លោកថា ប្រជាពលរដ្ឋកម្ពុជាអាចការពារខ្លួនពីវីរុសដ៏សាហាវនេះបាន ដោយគ្រាន់តែអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការសុខាភិបាលដែលមានស្រាប់។

បន្ថែមពីលើវិធានការសុខាភិបាលដែលមានស្រាប់នេះ រដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការហាមឃាត់រាល់ជនបរទេសទាំងអស់ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬក៏មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និង​រដ្ឋករ​កម្ពុជា​ក៏បានសម្រេច​ផ្អាកការនាំចូល​សាច់គោ ​និងទំនិញ​ដែល​បង្កទុកបានយូមកពីប្រទេសឥណ្ឌា។ បំរាមទាំងអស់នេះ គឺដើម្បីទប់ស្កាត់ការនាំចូលវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីពីឥណ្ឌាចូលមកប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ