អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

វិបត្តិកូវីដ១៩៖ រដ្ឋាភិបាលអនុវត្តជំនួយសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រោយពេលបិទខ្ទប់ និងមានជីវភាពលំបាក

រដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃអង្គារនេះ​បានសម្រេច​អនុវត្ត​កម្មវិធី​ជំនួយ​ជាសាច់ប្រាក់ ​ដល់ក្រុមប្រជាពលរដ្ឋ​មួយចំនួន​ដែលរស់នៅ​ក្នុងតំបន់​ក្រោយពេលបិទខ្ទប់​ ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន​ដែលមាន​សមាជិក​គ្រួសារស្លាប់​ និងកើតជំងឺកូវីដ-១៩​។ សេចក្តីសម្រេចថ្មី​របស់រដ្ឋាភិបាល​នៅពេលនេះ ​ធ្វើឡើងក្នុងគោលបំណង​ជួយដោះស្រាយ​ការលំបាក​របស់ប្រជាពលរដ្ឋ​ដែលមានកម្រិត​ជីវភាព​លំបាក​។

ប្រជាជនចេញពីតំបន់បិទខ្ទប់ដើម្បីទៅទិញម្ហូប អាហារ (រូបតំណាង)
ប្រជាជនចេញពីតំបន់បិទខ្ទប់ដើម្បីទៅទិញម្ហូប អាហារ (រូបតំណាង) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រោយបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណដោយចំពោះប្រជាពលរដ្ឋដែលមានជីវភាពលំបាក មានជាអាទិ៍ អ្នកបើកបរ កម្មករសំណង់ អ្នកលក់ដូរតាមផ្លូវ បុគ្គលិកលក់ដូរតាមផ្សារ អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្ត។ ក្រុមប្រជាពលរដ្ឋទាំងនោះ នឹងទទួលបានប្រាក់ជំនួយសង្គមលើថ្លៃស្បៀងអាហារ និងការបង់ថ្លៃទឹកស្អាតនិងអគ្គិសនី ចំនួនមួយដងពីរដ្ឋាភិបាល។

បើតាមសេចក្តីសម្រេច ការផ្តល់ជូនប្រាក់ត្រូវធ្វើទៅតាមចំនួនសមាជិកនៅក្នុងគ្រួសារ។ បើក្នុងនោះ គ្រួសារមានសមាជិកតែមួយនាក់ នឹងទទួលបានទឹកប្រាក់ចំនួន ១៥៦ ០០០រៀល ពីរទៅបីនាក់ ទទួលបាន២៤៣ ៧០០រៀល និងសមាជិកពី៤នាក់ឡើងទៅ នឹងទទួលបានប្រាក់ចំនួន៣១១ ០០០រៀល។

ដោយឡែកសម្រាប់កម្មកររោងចក្ររស់នៅក្នុងតំបន់ខ្ទប់ និងត្រូវព្យួរការងារមួយរយៈ នឹងទទួលបានប្រាក់ជំនួយចំនួន១៦០ ០០០រៀលក្នុងមួយម្នាក់ តាមរយៈក្រសួងការងារ។

រីឯសម្រាប់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នោះរដ្ឋាភិបាលនឹងផ្តល់ការឧបត្ថម្ភចំនួន៣០០ ០០រៀល និងសម្រួលបន្ទុកបង់ថ្លៃទឹកស្អាតនិងអគ្គិសនីចំនួន៥ខែ តាមកម្រិតអប្បបរមាកំណត់។

ហើយចំពោះប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារមានកើតជំងឺកូវីដ-១៩ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គ្រួសារដែលរស់នៅក្រៅភូមិសាស្រ្តធ្លាប់បិទខ្ទប់និងមានជីវភាពលំបាក ព្រមទាំងកម្មករនិយោជិតរោងចក្រវិញ នោះនឹងត្រូវទទួលបានជំនួយជាប្រាក់ដូចគ្នានឹងការផ្តល់ជំនួយទឹកប្រាក់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តក្រោយបិទខ្ទប់ដែរ។ ដោយពួកគេទទួលបានកញ្ចប់ទឹកប្រាក់ជំនួយអាស្រ័យលើចំនួនសមាជិកនៅក្នុងគ្រួសារ។

យ៉ាងណាមិញសម្រាប់ឯប្រជាពលរដ្ឋដែលធ្លាប់បានទទួលបណ្ណសមធម៌ ឬបណ្ណក្រីក្រ កន្លងមក នោះពួកគេនឹងមិនទទួលបានកញ្ចប់ជំនួយជាប្រាក់នេះ នោះទេ ដោយសារពួកគេទាំងនោះក៏កំពុងនិងទទួលបានការឧបត្ថម្ភជារៀងរាល់ខែរួចមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៧មេសា នៅអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរពីជំងឺកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយរួមមាន ការផ្តល់ជាទឹកប្រាក់ចន្លោះពី១៦០ ០០០រៀល ដល់ ២៤០ ០០០រៀល ការផ្តល់ស្បៀងជាអង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ ក៏ដូចជាការការរ៉ាប់រងលើថ្លៃអគ្គិសនី និងទឹកស្អាត ចន្លោះពីបីខែទៅ៥ខែ តាមកម្រិតអប្បបរមាកំណត់។

ក៏ប៉ុន្តែសេចក្តីសម្រេចនោះត្រូវបានលុបចោលទៅវិញ ហើយប្រមុខរដ្ឋាភិបាល លោកហ៊ុន សែន បានគូសបញ្ជាក់ជំនួសមកវិញថា អ្វីដែលចាំបាច់នៅពេលនោះគឺការផ្តល់ជំនួយជាស្បៀង និងការលក់គ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ