អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

លោកម៉េត មាសភក្តី៖ អាជ្ញាធរក្រុងភ្នំពេញកំពុងគ្រប់គ្រងបានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទើបចំនួនឆ្លងថ្មីធ្លាក់ចុះ

ក្រសួង​សុខាភិបាល​នៅថ្ងៃចន្ទនេះ ​បានប្រកាស​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន៥០៦​បន្ថែមទៀត​ ក្នុងនោះ​ ក​រណីឆ្លង​ក្នុងសហគមន៍​មាន៤៩៥នាក់ ​និងករណី​នាំចូល​មាន១១នាក់​។​ ជាមួយនេះ ​អ្នកជាសះស្បើយ​មានចំនួន​១៧៩នាក់​ បន្ថែមទៀត​ តែក៏មាន​អ្នកស្លាប់​ចំនួន៦នាក់​ បន្ថែមផងដែរ​។ ​យ៉ាងណាមិញ ​អ្នកឆ្លងថ្មី​ក្នុងរាជធានី​ភ្នំពេញ​មិនទាន់មាន​បង្ហាញឱ្យដឹង​ពីចំនួន​នៅឡើយ ​ប៉ុន្តែកាល​ពីថ្ងៃអាទិត្យ​ ចំនួន​អ្នកឆ្លងថ្មី​បានធ្លាក់ចុះ​មកចំនួន​២១៩នាក់​។​ លោកម៉េត មាសភក្តី ​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​ បានអះអាងថា​ នេះគឺដោយសារតែ​អាជ្ញាធរ​កំពុង​អាចគ្រប់គ្រង​បានការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ © សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះថា អាជ្ញាធរកំពុងអាចគ្រប់គ្រងបាននូវចង្កោមនៃការរីករាលដាល​ជំងឺកូវីដ-១៩ ពោលគឺករណីឆ្លងថ្មីនៅក្នុងរាជធានីភ្នំពេញភាគច្រើនកើតមានតែនៅក្នុងតំបន់ក្រហមប៉ុណ្ណោះ ដោយមិនសាយភាយទៅតំបន់ផ្សេងទៀតដូចពេលមុនឡើយ។ សម្រាប់លោកម៉េត មាស ភក្តី នេះបានធ្វើឱ្យចំនួនឆ្លងជំងឺកូវីដ-១៩ ថ្មី នៅក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត លោកក៏បានអះអាងថា លទ្ធផលធ្លាក់ចុះនេះ គឺកើតចេញពីប្រសិទ្ធភាពនៃការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាតំបន់ខ្លះនៅក្នុងរាជធានី និង ការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។

ក្រៅពីចំនួនឆ្លងកូវីដ-១៩ថ្មី ធ្លាក់ចុះនៅក្នុងរាជធានីភ្នំពេញនេះ ចំនួនឆ្លងសរុបនៅទូទាំងប្រទេសវិញ ក៏បានធ្លាក់ចុះជាប​ន្តប​ន្ទាប់ផងដែរ នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។ កាលពីថ្ងៃសៅរ៍ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ ធ្លាក់មកចំនួន៥៣៨នាក់ ខណៈនៅថ្ងៃអាទិត្យ ចំនួនអ្នកឆ្លងបានបន្តធ្លាក់ចុះមកចំនួន៥២០នាក់ ហើយនៅថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លងបានធ្លាក់ចុះមកចំនួន៥០៦នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៩ ៧៤៣នាក់ អ្នកជាសះស្បើយមានចំនួន ៧ ៨២០នាក់ ប៉ុន្តែអ្នកស្លាប់បានកើនឡើងដល់១២៦នាក់។

ក្នុងចំនួនឆ្លងទាំងអស់នេះ រាជធានីភ្នំពេញនៅតែមានតួលេខខ្ពស់ជាងគេដាច់ ត្បិតថា ប៉ុន្មានថ្ងៃនេះចំនួនអ្នកឆ្លងបានធ្លាក់ចុះជាបណ្តើរៗក៏ដោយ។ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ អាជ្ញាធររាជធានីភ្នំពេញបានបន្តបិទខ្ទប់តំបន់មួយចំនួនជាតំបន់ក្រហម ហើយខ្លះជាតំបន់លឿងទុំ និងភាគច្រើនបំផុតជាតំបន់លឿងដែលជាតំបន់មានហានិភ័យឆ្លងជំងឺកូវីដ-១៩ ទាប។ ជាមួយនឹងការបិទខ្ទប់នេះ ក្រុមគ្រូពេទ្យកម្ពុជាក៏បានបន្តសម្រុកវ៉ាក់សាំងដល់ប្រជាពលរដ្ឋ ពិសេស នៅក្នុងតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់។

គិតត្រឹមថ្ងៃទី០៩ ខែឧសភា ក្រុមគ្រូពេទ្យយោធា​កម្ពុជា​បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋនៅក្នុងតំបន់ក្រហមបានជិត៤០ម៉ឺននាក់​(៣៩៩,៦១៧នាក់)ហើយក្នុងនោះ ស្ត្រីមានចំនួនជាង២០ម៉ឺននាក់(២១៤,៤៣៨នាក់)។ ចំណែក នៅក្របខណ្ឌទូទាំងប្រទេសវិញ ក្រុមគ្រូពេទ្យកម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបាន១,៧៧៣,៩៩៤នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ