អានតួអត្ថបទ

ក្រសួងអប់រំបន្ថែមកម្មវិធីស្វ័យសិក្សាថ្មីដល់សិស្សានុសិស្សនៅក្នុងបរិបទនៃជំងឺកូវីដ១៩

នៅ​ថ្ងៃនេះ ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ស្វ័យ​សិក្សា​ថ្មី​មួយ​ ដល់​សិស្សានុសិស្ស​ចំណេះដឹង​ទូទៅ​នៅ​ទូទាំង​ប្រទេស​។ កម្មវិធី​ស្វ័យ​សិក្សា​ថ្មី​ ហៅថា ​MOEYS E-Learning ​នឹង​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ប្រើប្រាស់​ស្មាតហ្វូន​ ដើម្បី​ធ្វើការ​សិក្សា​។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ ការ​ដាក់​ឲ្យ​ដំណើរ​កម្មវិធី​ស្វ័យសិក្សា ​MOEYS E-Learning ​គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា ​និង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​។

ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងអប់រំ យុវជន និងកីឡា © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងបរិបទនៃការរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការផ្អាកជាបណ្តោះអាសន្ននូវគ្រឹះស្ថានសិក្សារដ្ឋនិងឯកជននៅទូទាំងប្រទេស ក្រសួងអប់រំនៅថ្ងៃនេះបានប្រកាសពីការដំណើរការសិក្សាពីតាមរយៈស្មាតហ្វូន ដែលអាចឲ្យសិស្សានុសិស្សទាញយកកម្មវិធីស្វ័យសិក្សា MOEYS E-Learning មកធ្វើស្វ័យសិក្សាផ្ទាល់ខ្លួន។ លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា កម្មវិធី MOEYS E-Learning អាចឲ្យសិស្សានុសិស្សថ្នាក់ចំណេះដឹងទូទៅពីថ្នាក់ទី១ដល់ទី១២ សិក្សាតាមវីដេអូដែលមាននៅក្នុងកម្មវិធី។ ម្យ៉ាងវិញទៀត ពួកគេក៏អាចស្វែងរកនូវ សៀវភៅសិក្សាគោល សៀវភៅកំណែ ចំណេះដឹងទូទៅ រឿងនិទាន ព្រមទាំងកម្មវិធីសាកល្បងសមត្ថភាពពួកគេ តាមរយៈ MOEYS E-Learning នេះដែរ។ នេះបើតាមលោក រស់ សុវាចា។

បើតាមសេចក្តីថ្លែងការណ៍ កម្មវិធីស្វ័យសិក្សាថ្មីនេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់សិស្សានុសិស្សក្នុងទាញយកផលប្រយោជន៍ និងអាចឲ្យពួកគេសម្របខ្លួនបានទៅនឹងប្រព័ន្ធបច្ចេកវិទ្យា ឬការអប់រំតាមបែបឌីជីថល។

ជាការកត់សម្គាល់ នៅអំឡុងពេលផ្អាកគ្រឹះស្ថានសិក្សាទូទាំងប្រទេសជាបណ្តោះអាសន្ន ក្រសួងអប់រំ បានរៀបចំឲ្យគ្រូបង្រៀន ចាប់ផ្តើមការបង្រៀនដល់សិស្សានុសិស្សខ្លួនតាមរយៈប្រព័ន្ធអនឡាញ រួមមានជាអាទិ៍ ការបង្ហោះវីដេអូបង្រៀនលើយូធូប ហ្វេសប៊ុក និងតេឡេក្រាម។ ក៏ប៉ុន្តែយ៉ាងណាសម្រាប់សិស្សានុសិស្សដែលស្ថិតនៅតំបន់ដាច់ស្រយាល និងមិនអាចមានលទ្ធភាពផ្គត់ផ្គង់សម្ភារអេឡិចត្រូនិកដូចជាស្មាតហ្វូន និងកុំព្យូទ័រផ្ទាល់ខ្លួន នោះពួកគេអាចសិក្សាជាបន្តតាមរយៈប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី "ទទក២" របស់ក្រសួងព័ត៌មាន។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃ២០ មីនា ២០២១មក ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩។ ទន្ទឹមនេះលោក រស់ សុវាចា បានអះអាងដែរថា កម្មវិធីស្វ័យសិក្សា MOEYS E-Learning នឹងដាក់ឲ្យដំណើរការរហូត ទោះបីជាគ្រឹះស្ថានអប់រំទូទាំងប្រទេសអាចដំណើរការឡើងនៅពេលខាងមុខណាមួយក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ