អានតួអត្ថបទ
កម្ពុជា-កូវិដ១៩

Human Rights Watch ចោទអាជ្ញាធរកម្ពុជាថាមិនអនុញ្ញាតឱ្យសង្គមស៊ីវិលយកជំនួយទៅឱ្យពលរដ្ឋនៅក្នុងតំបន់ក្រហម

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch)នៅថ្ងៃទី០៥​ ខែឧសភា ​ម្សិលមិញនេះ ​បានចេញ​មកចោទប្រកាន់​អាជ្ញាធរ​កម្ពុជា​បានថា ​មិនអនុញ្ញាត​ឱ្យទីភ្ញាក់ងារ​អង្គការ​សហប្រជាជាតិ​ អង្គការ​សង្គមស៊ីវិល​ក្នុងស្រុក​ និងអន្តរជាតិ​នាំយក​អំណោយ​ចាំបាច់ទៅចែកជូន​ដល់ប្រជាពលរដ្ឋ​នៅក្នុងតំបន់ក្រហម​។​ ក៏ប៉ុន្តែ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានទាត់ចោល​ការចោទ​ប្រកាន់​នេះ ​ដោយចាត់ទុកថា​ ជាការមុសា​ប៉ុណ្ណោះ​។​ ផ្ទុយទៅវិញ​ អាជ្ញាធរ​ភ្នំពេញ​បានអំពាវនាវ​ឱ្យមានការ​ពួតដៃគ្នា​ជួយផ្តល់ជំនួយ​ផ្សេងៗ​ដល់ប្រជាពលរដ្ឋ​នៅក្នុងកាលៈទេសៈនេះ​។​

អំណោយដែលត្រៀមនឹងចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហម
អំណោយដែលត្រៀមនឹងចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហម © សហការី
ផ្សាយពាណិជ្ជកម្ម

ពីប្រទេសថៃតាមរយៈសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស គឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)បានអះអាងថា ការបិទជាតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមិនអាចទទួលបានស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារចាំបាច់មួយចំនួនទៀត ។ អង្គការនេះបានអះអាងទៀតថា ទីភ្ញាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយទៅលើប្រជាពលរដ្ឋទាំងអស់នោះ ប៉ុន្តែត្រូវអាជ្ញាធរកម្ពុជាហាមឃាត់មិនឱ្យពួកគេចូលទៅ។

លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ប្រចាំតំបន់អាស៊ីបានលើកឡើងថា រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងពេលបិទខ្ទប់ដោយសារការរាតត្បាតជំងឺកូវីដ១៩ ដើម្បីការពារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ដូច្នេះហើយ លោកថា រដ្ឋាភិបាលកម្ពុជាគួរតែអនុញ្ញាតជាប​ន្ទាន់ឱ្យទីភ្ញាក់ងារអង្គការសហប្រជាជាតិ និង​អង្គការផ្តល់ជំនួយផ្សេងទៀតចូលទៅតំបន់ក្រហម ដើម្បីឱ្យពួកគេអាចជួយដល់ប្រជាពលរដ្ឋដែលកំពុងស្រេកឃ្លានដោយការផ្តល់ស្បៀងអាហារ ការថែទាំសុខភាព និងសម្ភារចាំបាច់នានាសម្រាប់គាំទ្រដល់ការរស់នៅរបស់ពួកគេ។

ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលរងរាជធានីភ្នំពេញលោកនួន ផារ័ត្ន បានគូសបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា អា​ជ្ញាធរមិនបានហាមឃាត់ការនាំយកអំណោយរបស់អង្គការសង្គមស៊ីវិលទៅជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនោះទេ។ យ៉ាងណាមិញ លោកនួន ផារ័ត្ន អះអាងថា អ្វីដែលអាជ្ញាធរស្នើសុំដល់ពួកគេនោះ គឺត្រូវគោរពតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក៏ប៉ុន្តែ លោក Brad Adams លើកឡើងថា បើទោះបីស្ថិតក្នុងស្ថានភាពអាសន្នក៏ដោយ ក៏វិធានការសុខាភិបាលសាធារណៈមិនគួរបង្កើតឱ្យមានបញ្ហាថ្មីសម្រាប់អ្នកដែលប្រឈមនឹងហានិភ័យនោះទេ។ សម្រាប់លោក Brad Adams ជំនួសឱ្យការហាមឃាត់ លោកហ៊ុន សែន គួរតែលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលនានាក្នុងការចែកស្បៀងអាហារ និងរបស់របរចាំបាច់ផ្សេងៗដល់ពលរដ្ឋដែលខ្វះខាត។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានចាត់ទុកបញ្ហាចោទប្រកាន់នេះថា គ្រាន់តែជាការមុសាតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកបានប្រកាសស្វាគមន៍ និងលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលដែលមានបំណងឧបត្ថម្ភជំនួយដល់ប្រជាពលរដ្ឋដែលខ្វះខាត។ បើតាមលោកឃួង ស្រេង នៅពេលនេះ គឺជាពេលដែលត្រូវរួបរួមគ្នា និងជួយគ្នាទៅវិញទៅមកមិនមែនជាពេលដែលចាក់ដោតគ្នានោះឡើយ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ