អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកហ៊ុន សែន បញ្ជាឱ្យសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋទាំងអស់នៅក្នុងតំបន់ក្រហមដោយកុំបារម្ភរឿងខ្វះវ៉ាក់សាំង

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​បញ្ជា​ឱ្យ​ក្រុម​គ្រូពេទ្យ​យោធា​នៃ​ក្រសួង​ការពារជាតិ​បន្ត​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​រហូត​អស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​។ មក​ដល់​ពេល​នេះ​ ក្រុម​គ្រូពេទ្យ​យោធា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​បាន​ជាង​១៥​ម៉ឺន​នាក់​ហើយ​។ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ ​ការ​ចាក់​នេះ​មិន​អាច​បន្ធូរ​ដៃ ​ឬ​ដក​ថយ​បាន​ឡើយ​ ពោល​ គឺ​ត្រូវ​ចាក់​ឱ្យ​ទាល់​តែ​អស់ ​ដោយ​កុំ​បារម្ភ​ពី​បញ្ហា​ខ្វះ​វ៉ាក់សាំង​ ព្រោះ​វ៉ាក់សាំង​១​លាន​ដូស​ទៀត​នឹង​មក​ដល់​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​នេះ​។

ប្រជាជនកម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩
ប្រជាជនកម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩ © FB
ផ្សាយពាណិជ្ជកម្ម

គឺតាមរយៈសារជាសំឡេងក្នុងបណ្តាញសង្គមតេឡេក្រាម លោកនាយរកដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា ការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺត្រូវចាក់ឱ្យអស់ប្រជាពលរដ្ឋ ហើយបើមិនទាន់អស់ទេ គឺមិនត្រូវដើរចេញចោលប្រជាជនណាម្នាក់នោះឡើយ។ លោកនាយករដ្ឋមន្រ្តី បានអះអាងថា នៅក្នុងតំបន់ក្រហមនេះ គឺមានប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងប្រមាណជាង៥២​ម៉ឺននាក់ ហើយពួកគេទាំងនេះ គឺជាអ្នករងគ្រោះធ្ងន់ធ្ងរណាស់ដែលត្រូវតែឱ្យពួកគេទទួលបាននូវការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ៗគ្នា។ បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងនេះ ដោយនៅថ្ងៃទី១១ និងទី១៥ ឧសភា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ចំនួន១លានដូសបន្ថែមទៀត។

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យក្រុមគ្រូពេទ្យយោធានៃក្រសួងការពារជាតិចាប់ផ្តើមសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមចាប់ពីថ្ងៃទី០១ ឧសភាដោយគ្រោងចាក់រយៈពេលពេញ១ខែតែម្តង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងរយៈពេល៤ថ្ងៃទៅនេះ ក្រុមគ្រូយោធាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមបានជាង១៥ម៉ឺននាក់ហើយ។ ដោយឡែក នៅក្របខណ្ឌទូទាំងប្រទេសវិញ  ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ជាង១លាន៥សែននាក់(១,៥១៥,៤៤៧នាក់)គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ជាការកត់សម្គាល់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋ ជាពិសេស នៅក្នុងតំបន់ក្រហម គឺធ្វើបានលឿន។ ប៉ុន្តែ បញ្ហាមួយដែលនៅតែមានកើតមានឡើងជារើយៗ និងរងការរិះគន់នោះ គឺការទៅប្រជ្រៀតគ្នានៃប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំង បើទោះបីអាជ្ញាធរសុខាភិបាលតែងតែចេញមកអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរក្សាគម្លាតក៏ដោយ។

ចំពោះបញ្ហានេះ លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរពិនិត្យលើការរៀបចំចាក់វ៉ាក់សាំងឡើងវិញ​ ដូចជា ត្រូវកំណត់ថ្ងៃចាក់តាមភូមិជាដើម​​ ដោយចេញប័ណ្ណតាមភូមិ ឬរៀបចំជាកូតាភូមិនិមួយៗធ្វើយ៉ាងណាធានាគម្លាត និងចំនួនអាចគ្រប់គ្រងបាន។ តាមលោកស្រីចក់ សុភាព  គឺធ្វើដូចនេះអាចជួយសម្រួលដល់ទាំងអាជ្ញាធរចាត់ចែងការងារចាក់វ៉ាក់សាំង ហើយប្រជាពលរដ្ឋនឹងមិនត្រូវខកខានម្តងជាពីរដង និងបង្កជាការកកស្ទះនៅកន្លែងចាក់វ៉ាក់សាំងឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ