អានតួអត្ថបទ
កម្ពុជា-កម្មករ

កម្មករនិយោជិត៥០%អាចចូលបម្រើការងារតាមរោងចក្រ និងសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់

កម្មករនិយោជិតចំនួន៥០%នៃបណ្តាកម្មករសរុប នៅតាមតាមតំបន់រោងចក្រដែលមានការប្រឈមខ្លាំងនឹងការឆ្លងជំងឺកូវីដ១៩ អាចចូលបម្រើការងារខ្លួនវិញ ក្រោយពេលដែលរាជធានីភ្នំពេញនិងក្រុងតាខ្មៅបញ្ចប់វិធានការបិទខ្ទប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ក្រោយបញ្ចប់ការប្រជុំនៅល្ងាចនេះ។

កម្មកររោងចក្រធ្វើដំណើរទៅធ្វើការ (រូបភាពឯកសារ)
កម្មកររោងចក្រធ្វើដំណើរទៅធ្វើការ (រូបភាពឯកសារ) AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ការសម្រេចនេះបានធ្វើឡើង ក្រោយពីមានកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងាររវាងភាគីចំនួន៣ រួមមាន ភាគីរដ្ឋាភិបាល ភាគីសហជីពកម្មករ និងភាគីនិយោជក នៅល្ងាចថ្ងៃអង្គារទី០៥ឧសភានេះ តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារធ្វើឡើង ដើម្បីពិភាក្សារកវិធានការចាំបាច់ចំពោះរោងចក្រកាត់ដេរ និងវាយនភណ្ឌ ដែលកំពុងផ្អាកដំណើរការ ដោយសារការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។

លោក អាត់ ធន់ ប្រធានសហជីពកម្មករមួយរូប បានប្រាប់ឲ្យដឹងថា ភាគីទាំងបីបានព្រមព្រៀងគ្នាលើខ្លឹមសារចំនួន១៣ចំណុច ក្នុងការជួយឲ្យមានដំណើរការផលិតកម្មរោងចក្រ និងអាចឲ្យកម្មករនិយោជិតចូលបម្រើការងារជាប្រក្រតីឡើងវិញ។ បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ កម្មករនិយោជិត នឹងត្រូវកាត់បន្ថយថ្ងៃបំពេញការងារ ពីមួយខែ មកត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ ពោលគឺ កម្មករនិយោជិតត្រូវឆ្លាស់វេនគ្នាមកបំពេញការងារ ហើយនិយោជកត្រូវរៀបចំបែងចែកកម្មករនិយោជិតចំនួន៥០%នៃកម្មករនិយោជិតសរុបមកធ្វើការនៅតាមរោងចក្រដែលមានការប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។

តែទោះយ៉ាងជាមានការអនុញ្ញាតឲ្យកម្មករអាចចូលបម្រើការងារតាមរោងចក្រ ក៏ប៉ុន្តែការណ៍នេះត្រូវបានផ្តល់អាទិភាពលើក្រុមកម្មករណា ដែលទទួលបានវ៉ាក់សាំងការពារកូវីដ១៩ដូសទី១ ឬដូសទី២ ក្រុមកម្មករដែលមិនស្ថិតក្នុងតំបន់ត្រូវផ្តល់សំណាក និងក្រុមកម្មករណាដែលបានផ្តល់សំណាករកកូវីដ១៩រួចរាល់។ បន្ថែមពីនេះដែរ កម្មករនិយោជិតនឹងទទួលប្រាប់ឈ្នួលចំនួន៥០%នៃប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ តែផលប្រយោជន៍ផ្សេងទៀតត្រូវបានតម្កល់តាមច្បាប់ស្តីពីការងារ។

លោក អាត់ ធន់ មើលឃើញថា នេះជាចំណុចកណ្តាលមួយសម្រាប់ភាគីនិយោជក និងកម្មករនិយោជិត ក្នុងការដោះស្រាយបញ្ហាចំពោះមុខដែលពួកគេកំពុងប្រឈមនៅអំឡុងពេលបិទខ្ទប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ព្រោះថាការកាត់បន្ថយកម្មករឲ្យធ្វើការឆ្លាស់វេនគ្នា អាចជាវិធីមួយដែលបង្ការការឆ្លងនូវជំងឺកូវីដ១៩នៅតាមរោងចក្រនិងសហគ្រាស។

ក្រៅពីចំណុចព្រមព្រៀងនេះ និយោជកឬថៅកែរោងចក្រត្រូវធ្វើយ៉ាងណាអនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងទីតាំងរោងចក្រ និងសហគ្រាសខ្លួន ដោយត្រូវមានជាអាទិ៍ ការបំពាក់នូវម៉ាស៊ីនវាស់កម្ដៅ ការរក្សាគម្លាតបុគ្គល ការពាក់ម៉ាស ការបាញ់អាកុល ការបែងចែកវេនបាយសម្រាប់កម្មករ និងវិធានការសុខាភិបាលមួយចំនួនទៀត។

តែបើទោះជាមានការអនុញ្ញាតឲ្យកម្មករអាចទៅបម្រើការងារតាមរោងចក្រឡើងវិញ ក្រោយបញ្ចប់ការបិទខ្ទប់ ក៏ប៉ុន្តែដោយឡែកសម្រាប់កម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងភូមិសាស្រ្តបិទខ្ទប់ដោយវិធានរដ្ឋបាល ឬអាចនិយាយបានថា តំបន់ក្រហម នឹងមិនត្រូវឲ្យចេញមកបំពេញការងារទៅតាមរោងចក្រ ដែលមានការបញ្ជាក់ក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះទេ។

សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍មុន រោងចក្រចំនួន២០៦ មានកម្មករឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន១៣៤រោងចក្រ នៅភ្នំពេញ ២៣រោងចក្រ នៅខេត្តកណ្តាល ២៦រោងចក្រនៅខេត្តតាកែវ ១៦រោងចក្រ នៅខេត្តព្រះសីហនុ ស្វាយរៀង ៤រោងចក្រ និងកំពង់ឆ្នាំង ១រោងចក្រ។ ដោយឡែកមានកម្មករសរុប ១៦៧៣នាក់ បានឆ្លងកូវីដ-១៩ ក្នុងនោះ ១ ៥៩៨នាក់ នៅភ្នំពេញ និងមានកម្មករជិត២ម៉ឺននាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ