អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ខេត្តណ្តាល​សម្រេច​កំណត់​​ពណ៌​តំបន់ ក្រោយ​ផ្ទុះ​កូវីដ​១៩​ខ្លាំង​នៅ​ក្នុង​រោងចក្រ​

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូវីដ​១៩​ក្នុង​រោងចក្រ​កាត់ដេរ រដ្ឋបាល​ខេត្ត​កណ្តាលបាន​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយ​ចំនួន និង​កំណត់​ជា «តំបន់​ក្រហម» «តំបន់​លឿងទុំ» និង «តំបន់​លឿង»​ ចាប់​ពី​ថ្ងៃ​ទី​១​ឧសភា​នេះ​ត​ទៅ​។ ខេត្ត​កណ្តាល គឺ​ជា​ខេត្ត​ទី​១ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ដែល​បាន​កំណត់​ពណ៌​នៃ​តំបន់​បែប​នេះ។ តាម​រយៈ​យន្តការ​នេះ អភិបាលបាលខេត្ត​កណ្តាល​មាន​សុទិដ្ឋិនិយម​ថា​នឹង​អាច​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​បាន ប្រសិន​បើ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​។

ការផ្ទុះ​ជំងឺកូវីដ​១៩​នៅ​តំបន់​រោងចក្រ​ក្នុង​ខេត្ត​កណ្ដាល។
ការផ្ទុះ​ជំងឺកូវីដ​១៩​នៅ​តំបន់​រោងចក្រ​ក្នុង​ខេត្ត​កណ្ដាល។ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​រក​ឃើញ​មាន​ការ​រាលដាល​ជំងឺ​កូវីដ​១៩​យ៉ាង​លឿន​ក្នុង​រោងចក្រ​កាត់​ដេររហូត​ដល់​មាន​ការ​ចម្លង​ដល់ទៅ​១២០នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១​ឧសភា រដ្ឋបាល​ខេត្ត​កណ្តាល បាន​សម្រេច​បិទ​ខ្ទប់​ឃុំ​ចំនួន​២ ក្នុង​ស្រុក​អង្គស្នួល​នៃ​ខេត្ត​កណ្តាល និង​ត្រូវ​កំណត់​ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» រយៈ​ពេល​២​សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី​១​ឧសភា​ត​ទៅ​។

ខេត្ត​កណ្តាល គឺ​ជា​ខេត្ត​ទី​១ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ដែល​បាន​កំណត់​ភូមិសាស្ត្រ​ឆ្លង​រាល​ដាល​កូវីដ​១៩​ជា​ពណ៌​នៃ​តំបន់​បែប​នេះ បន្ទាប់​ពី​រក​ឃើញ​មាន​ការ​ផ្ទុះ​រាល​ដាល​កូវីដ​១៩​នៅ​ក្នុង​ស្រុក​អង្គស្នួល ពាក់​ព័ន្ធ​នឹង​កម្មករ​និយោជិត​ប្រមាណ​៣០០០​នាក់ ក្នុង​រោងចក្រ​កាត់ដេរ​ចំនួន ១០​រោងចក្រ។

អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ តាម​រយៈ​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ទី​០១​ឧសភា​នេះ បាន​លើក​ឡើង​ថា នា​អំឡុង​ពេល​នេះ អាជ្ញាធរ​ខេត្ត កំពុង​តែ​ធ្វើការ​ញាប់​ដៃ​ញាប់​ជើង ប្រមូល​សំណាក និង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ ដើម្បី​បិទ​បញ្ចប់​ការ​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ខេត្ត​កណ្តាល និង​ជាពិសេស​នៅ​ក្នុង​ភូមិ​សាស្ត្រ​រោងចក្រ​កាត់ដេរ ផ្ទះ​ជួល និង​កន្លែង​ប្រកប​អាជីវកម្ម​ច្រើន​ស្អេកស្កះ​នេះ​តែ​ម្តង។ 

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ថ្ងៃ​ទី​១​នៃ​ការ​អនុវត្ត​វិធាន​បិទ​ខ្ទប់​និង​កំណត់​ភូមិសាស្ត្រ​នេះ ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល​ ដោយ​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ មាន​ការ​ចូល​រួម​និង​អនុវត្ត​ខ្ជាប់ខ្ជួន​និង​ដោយ​ប្រុង​ប្រយ័ត្ន។ លោក​អភិបាល​ខេត្ត​រូប​នេះ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា មិន​យូរ​នោះ​ទេ ខេត្ត​កណ្តាល​នឹង​ឈាន​ទៅ​ដល់​ការ​កាត់​ផ្តាច់​ឫស​គល់​នៃ​ការ​ចម្លង​ជំងឺ​កូវីដ​១៩​បាន ប្រសិន​បើ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​បែប​នេះ​នោះ។

គួរ​ជម្រាប​ជូន​ថា រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ដាក់​ភូមិ​ចំនួន​៤​ក្នុង​ស្រុក​អង្គ​ស្នួល ជា​តំបន់​ក្រហម ដែល​ក្នុង​នោះ​មាន​ភូមិ​ស្វាយ​ជ្រុំ ភូមិ​ពង​ទឹក ភូមិ​អណ្តូង និងភូមិ​ត្នោត​ម្តើម នៃ​ឃុំ​បែក​ចាន។ រី​ឯ​តំបន់​លឿង​ទុំ​វិញ គឺ​មាន​ភូមិ​ចក ភូមិ​ព្រៃបឹង និង​ភូមិ​កម្ពោតស្បូវ នៃ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល។ ចំណែក​តំបន់​លឿង មាន​ភូមិព្រៃ​ពពេល នៃ​ឃុំ​ពើក ស្រុក​អង្គស្នួល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ