អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង១លាន៣០ម៉ឺននាក់ ជាប់ជាប្រទេសទី២នៅអាស៊ានបន្ទាប់ពីសិង្ហបុរី

គិតត្រឹមល្ងាច​ថ្ងៃទី២៩​ ខែមេសា ​ក្រសួងសុខាភិបាល ​និងក្រសួង​ការពារជាតិ​កម្ពុជា​បានចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ដល់ជន​ស៊ីវិល ​មន្រ្តីរាជការ ​និងយោធា​បានជាង១លាន៣០ម៉ឺននាក់​។​ ក្នុងនោះ ​ក្រសួងកា​រ​ពារជាតិ​ចាក់បានជិត​៣០ម៉ឺននាក់ ​និងក្រសួងសុខាភិបាល​ចាក់បានជាង​១លាននាក់​។ ​ចំនួននេះ ​ធ្វើឱ្យកម្ពុជា​ក្លាយជាប្រទេសទី២​ក្នុងតំបន់​អាស៊ាន ​បន្ទាប់ពីសិង្ហបុរី​ដែលបានចាក់វ៉ាក់សាំង​ច្រើនបំផុត​ដល់ពលរដ្ឋ​។​ ចំណែក ​នៅថ្ងៃស្អែកនេះ ​ក្រសួងការពារជាតិ​ក៏នឹង​បើកការចាក់វ៉ាក់សាំង​ទ្រង់ទ្រាយធំ​ដល់ពលរដ្ឋ​នៅក្នុងតំបន់​ក្រហមបន្ថែមទៀត។​

ប្រជាជនកម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩
ប្រជាជនកម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩ © FB
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ក្រសួងការពារជាតិកម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទ្រង់ទ្រាយធំដល់ពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ សម្រាប់រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធានៃកងយុទ្ធពលខេមរភូមិន្ទនឹងបោះទីតាំងចាក់វ៉ាក់សាំងផ្សេងៗគ្នានៅក្នុងខណ្ឌចំនួន៤ គឺខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដែលមានតំបន់ក្រហម និងមានកម្មករ-កម្មការិនីកំពុងស្នាក់នៅប្រមាណ៤៥ម៉ឺននាក់។ ការបញ្ចេញក្រុមគ្រូពេទ្យយោធានេះ គឺធ្វើឡើងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន ដែលឱ្យកំណត់ដៅតំបន់ក្រហមជាអាទិភាព និងត្រូវចាក់ឱ្យបានលឿនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ចំណែក ក្រសួងសុខាភិបាលកម្ពុជាវិញតាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏បានប្រកាសបើកយុទ្ធ​នាការចាក់វ៉ាក់សាំង AstraZeneca ដូសទី២ដល់ប្រជាពលរដ្ឋផងដែរចាប់ពីថ្ងៃទី០៦ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ វ៉ាក់សាំង AstraZeneca ដូសទី២នេះ គឺនឹងចាក់ជូនប្រជាពលរដ្ឋដែលបានចាក់ដូសទី១រួចរាល់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

សូមជម្រាបជូនថា គិតមកត្រឹមថ្ងៃទី២៩ ខែមេសា រដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានចំនួនជាង១លាន៣០ម៉ឺននាក់(១,៣២៩,៤៣៣នាក់)។ ជាមួយនឹងចំនួននេះ គឺកម្ពុជាបានក្លាយជាប្រទេសទី២នៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសិង្ហបុរីដែលចាក់វ៉ាក់សាំងច្រើនបំផុតដល់ប្រជាពលរដ្ឋ។ កម្ពុជាមានភាគរយនៃការចាក់វ៉ាក់សាំងដល់ពល​រដ្ឋប្រមាណ១២,៤០% ខណៈសិង្ហបុរីមាន៣៧,៤៨%។ បន្ទាប់ពីកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ីដែលចាក់ឱ្យពលរដ្ឋបាន៦,៨៩%។ ដោយឡែក ចំពោះការចាក់បានទាំង២ដូសវិញ គឺសិង្ហបុរីធ្វើបានប្រមាណ១៥,១% ខណៈកម្ពុជាធ្វើបាន៥,១% និងប្រទេសឥណ្ឌនេស៊ីធ្វើបាន២,៨%។ រីឯ ប្រទេសក្បែរខាងកម្ពុជាវិញ គឺថៃធ្វើបាន០,៤% ឡាវ គឺ០,៩% ប៉ុន្តែប្រទេសវៀតណាមវិញ គឺពុំទាន់មានទិន្នន័យបញ្ជាក់នៅឡើយនោះទេ។

សម្រាប់កម្ពុជា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានប្រើប្រាស់វ៉ាក់សាំង៣ប្រភេទ គឺ AstraZenecaរបស់អង់គ្លេសផលិតនៅឥណ្ឌា វ៉ាក់សាំងSinopharm និងSinovac របស់ចិន។ កម្ពុជាកំពុងចាក់ដល់ប្រជាពលរដ្ឋនូវវ៉ាក់សាំងAstraZenecaដែលចំនួនជាង៣២ម៉ឺនដូសជាជំនួយតាមយន្តការCOVAX និងវ៉ាក់សាំងSinopharm ជាជំនួយរបស់ចិនដែលសរុបចំនួន១លាន៧០ម៉ឺនដូស។ ក្រៅពីនេះ កម្ពុជាក៏មានវ៉ាក់សាំងSinovacកំពុងចាក់ឱ្យប្រជាពលរដ្ឋចំនួន១លាន៥សែនដូសដែលទិញពីចិនអស់១៥លានដុល្លារ ហើយវ៉ាក់សាំងនេះ កម្ពុជាក៏គ្រោងបញ្ជាទិញចំនួន៤លានដូសបន្ថែមទៀតនាពេលខាងមុខនេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ