អានតួអត្ថបទ
កម្ពុជា-នយោបាយ

សាលាដំបូងភ្នំពេញបង្គាប់ចាប់ខ្លួនលោកសម រង្ស៊ីពីបទរារាំងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា

សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃចន្ទ​ទី២៦មេសា ​បានចេញដីកា​បង្គាប់ចាប់ខ្លួន​លោកសម រង្ស៊ី ​អតីតប្រធាន​នៃអតីតគណបក្ស​សង្គ្រោះជាតិ​ ពីបទរារាំង​ការអនុវត្ត​វិធានការ​ និងញុះញង់​ឲ្យមានភាព​វឹកវរដល់​សន្តិសុខសង្គម ខណៈដែលប្រទេស​កម្ពុជា​កំពុងប្រឈម​ការរាលដាល​ជំងឺកូវីដ១៩​ក្នុងសហគមន៍​មានការ​កើនឡើង​។ ​ការចេញដីការ​បង្គាប់​ចាប់ខ្លួននេះ​ ធ្វើឡើង​បន្ទាប់ពី​លោកសម រង្ស៊ី​ ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ បានសរសេរ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ រិះគន់​ពីវិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ១៩​ជាពិសេស​ការបិទខ្ទប់​ទីក្រុងភ្នំពេញ​របស់រដ្ឋាភិបាល​។

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

តុលាការភ្នំពេញបានបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនលោកសម រង្ស៊ី មកកាន់តុលាការក្រោយមានការពិនិត្យលើសំណុំរឿងបន្តឹងលើអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។ តាមរយៈសាលដីកាបង្គាប់ចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ លោកសម រង្ស៊ី ត្រូវចោទពីបទញុះញង់ឲ្យមានភាពវឹកវរសង្គមក្នុងពេលដែលកម្ពុជាជាពិសេសទីក្រុងភ្នំពេញ កំពុងអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការឆ្លងជំងឺកូវីដ១៩ដែលមួយរយៈកាលចុងក្រោយនេះ មានការកើនឡើងជាសន្ទុះ ដោយមានការរកឃើញអ្នកឆ្លងថ្មីរាប់រយនាក់។

ក្នុងនោះ លោកសម រង្ស៊ី នឹងត្រូវចោទតាមបញ្ញត្តិទោសមាត្រាទី១១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បើតាមមាត្រាទី១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានបញ្ញត្តិពីការរារាំងដល់ការអនុវត្តវិធានការដាក់ចេញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល។ ហើយប្រសិនបើការរារាំងនោះបង្កឲ្យមានការចម្លងជំងឺកូវីដ១៩ដល់អ្នកដទៃ នោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ១០លានរៀល។ ដោយឡែកសម្រាប់មាត្រាទី៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា បានបញ្ញត្តិពីការញុះញង់ឲ្យប្រពឹត្តបទល្មើស ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៤លានរៀល។

គួរកត់សម្គាល់ដែរថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ក្រោយរដ្ឋាភិបាលកម្ពុជាសម្រេចបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈ២សប្តាហ៍កន្លងមក និងបន្តរយៈពេលមួយសប្តាហ៍ទៀតនេះ លោកសម រង្ស៊ី បានបង្ហោះនូវសារជាច្រើនរិះគន់លើការអនុវត្តរបស់រដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចជាបន្តបន្ទាប់។ ដោយកាលពីថ្ងៃចន្ទទី២៦ លោកសម រង្ស៊ី បានស្នើឲ្យសហគមន៍អន្តរជាតិ ជាពិសេស កាកបាទក្រហមអន្តរជាតិ និង កម្មវិធីចំណីអាហារពិភពលោក ផ្តល់ជំនួយ ជាស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋខ្មែរ នៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។ ហើយនៅថ្ងៃនេះទៀតសោត លោកបានលើកឡើងថា នឹងមានប្រជាពលរដ្ឋរាប់លាននាក់ នឹងបុកសម្រុកចេញទៅក្រៅផ្ទះ ដើម្បីរកចំណីអាហារ។ អតីតប្រធានអតីតគណបក្សប្រឆាំងរូបនេះ បានចាត់ទុកថា ការបិទខ្ទប់ទីក្រុងទាំង ៣ នេះ តឹងរឹងជ្រុលហួសហេតុ បាននាំមកនូវទុក្ខលំបាក សម្រាប់ប្រជាពលរដ្ឋរងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ