អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការព័ត៌មាន និងសង្គមស៊ីវិល១៣រួមគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គមលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា

អង្គការ សមាគម​អ្នកសារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៣​ នៅ​ថ្ងៃ​ទី​២៦​ ខែ​មេសា​នេះ​ បាន​ប្រកាស​រួមគ្នា​រៀបចំ​យុទ្ធនាការ​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​រយៈពេល​២​សប្តាហ៍ ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់ ​និង​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ក្នុង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។  យុទ្ធនាការ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​អង្គការ​ការពារ​អ្នក​កាសែត​អន្តរជាតិ​បន្ត​មើល​ឃើញ​ថា​ ពុំ​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។

រូបភាពឯកសារ៖ ក្រុមអ្នកសារព័ត៌មានកំពុងបំពេញវិជ្ជាជីវៈខ្លួន
រូបភាពឯកសារ៖ ក្រុមអ្នកសារព័ត៌មានកំពុងបំពេញវិជ្ជាជីវៈខ្លួន © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោមប្រធានបទ«ព័ត៌មានដែលជាប្រយោជន៍សាធារណៈ»  យុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គមនេះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសានេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១។ យុទ្ធនាការ រយៈពេល២សប្តាហ៍នេះ គឺដឹកនាំដោយអង្គការ សមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន១៣មានជាអាទិ៍ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJa) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក អង្គការខុមហ្វ្រែល មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)ជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃចន្ទនេះ សកម្មភាពនៃយុទ្ធនាការនេះ គឺជាការបង្ហោះសារខ្លីៗអំពីសារៈសំខាន់នៃព័ត៌មានចំពោះប្រយោជន៍សាធារណៈ ការបង្ហោះវីដេអូស្តីពីសារៈសំខាន់នៃតួនាទីអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ការប្តូរ Facebook profile photo frame កិច្ចពិភាក្សាតាមវិទ្យុ និងបណ្តាញសង្គមលើប្រធានបទពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន។

លោកណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា CamboJA បានអះអាងថា អ្នកសារព័ត៌​មាន មានតួនាទីសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បញ្ហានេះ គឺចាំបាច់ណាស់ ត្រូវការអ្នកសារព័ត៌មាន     រាយការណ៍ព័ត៌មានពិត និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ អង្គការការពារអ្នកកាសែតគ្មានព្រំដែនបានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានៅលេខរៀងទី១៤៤ គឺដូចកាលពីឆ្នាំ២០២០ដែរ។ នៅក្នុងរបាយការណ៍សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១ អង្គការការពារអ្នកសែតគ្មានព្រំដែនបានគូសបញ្ជាក់ថា ការរាតត្បាតជំងឺកូវីដ-១៩ និងវិធានការរារាំងទាំងស្រុងនូវការផ្សព្វ​ផ្សាយព័ត៌មានមិនពិតរបស់អាជ្ញាធររដ្ឋាភិបាល បាននាំឱ្យមានការបិទខ្ទប់លំហូរសេរីភាពអ្នកសារព័ត៌មាន។

ក៏ប៉ុន្តែ លោកជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបថា របាយការណ៍របស់អង្គការការពារអ្នកកាសែតគ្មានព្រំដែននេះ គឺមិនមានអ្វីថ្មីសោះ។ លោកថា របាយការណ៍នេះ មើលតែមួយជ្រុងនៃការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចទៅលើបុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឱ្យតែសមត្ថកិច្ចអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន អង្គការនេះចាត់ទុកថា ជាការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន។

ជាងនេះទៀតសោត លោកជិន ម៉ាលីន អះអាងថា អង្គការនេះ ពុំបានពិនិត្យមើលលើទិដ្ឋភាពមួយជ្រុងទៀត ដែលទាក់ទងនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះទេ ជាពិសេសទាក់ទងទៅនឹងការអនុវត្តសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។ សម្រាប់លោក ជិន ម៉ាលីន វិធីសាស្រ្តវាយតម្លៃរបស់អង្គការការពារអ្នកកាសែតគ្មានព្រំដែន គឺមិនត្រឹមត្រូវ ហើយមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្ដនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ