អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

១សប្តាហ៍ចុងក្រោយ៖អ្នកស្លាប់ដោយកូវីដកើនខ្ពស់ ខណៈអ្នកឆ្លងថ្មីមិនសូវថមថយ និងអ្នកជាសះស្បើយកើនតិច

គិត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ​គឺជា​ថ្ងៃ​ទី​៨​ហើយ​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​។ ចំណែក ​នៅ​ថ្ងៃ​នេះ​ដែរ​ ក្រសួង​សុខាភិបាល​កម្ពុជា​វិញ​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៤៤៦នាក់​បន្ថែម​ទៀត​ដែល​ច្រើន​ជាង​កាល​ពី​ម្សិលមិញ​។ បើ​រាប់​ទាំង​តួលេខ​ថ្មី​នេះ​ គឺ​នៅ​ក្នុង​រយៈពេល​១​សប្តាហ៍​មក​នេះ​ គេ​សង្កេត​ឃើញ​ថា​ ស្ថានភាព​នៃ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​មិនទាន់​ស្រាក​ស្រាន្ត​នោះ​ឡើយ​ ហើយ​អ្នក​ស្លាប់​ថ្មី​វិញ​នោះ ​គឺ​កើន​ឡើង​ខ្ពស់​ខ្លាំង​ណាស់​ដល់​៥៩​នាក់​ហើយ​។

ទិដ្ឋភាពទីក្រុងភ្នំពេញ (វិមានសន្តិភាព) ប្រែជាស្ងប់ស្ងាត់ក្រោយមានការបិទខ្ទប់ការចេញចូលរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
ទិដ្ឋភាពទីក្រុងភ្នំពេញ (វិមានសន្តិភាព) ប្រែជាស្ងប់ស្ងាត់ក្រោយមានការបិទខ្ទប់ការចេញចូលរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ © RFI/Soeung Phearak
ផ្សាយពាណិជ្ជកម្ម

១សប្តាហ៍មកនេះ ពោល គឺចាប់ពីថ្ងៃទី១៦ ខែមេសា ដល់ថ្ងៃទី២២ ខែមេសានេះ ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា និយាយជារួម និងនៅទីក្រុងភ្នំពេញ​ និយាយដោយឡែក ហាក់មិនទាន់មានសញ្ញាថមថយដែលគួរកត់សម្គាល់នៅឡើយទេ។ នេះ គឺដោយសារតែអ្នកឆ្លងថ្មីស្ថិតក្នុងខ្ទង់រយជារៀងរាល់ថ្ងៃ ហើយថែមទាំងឡើងចុះនៃតួលេខមិនទៀតទាត់ថែមទៀតផង។ ជាក់ស្តែង នៅថ្ងៃទី២២ ខែមេសានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤៦នាក់បន្ថែមទៀត និងមានអ្នកជំងឺជាសះស្បើយចំនួន១៣០នាក់។ ប៉ុន្តែក៏មានស្លាប់៣នាក់បន្ថែមទៀតដែរ។

ចំនួននេះ គឺកើនឡើងជាងកាលពីថ្ងៃទី២១ មេសាម្សិលមិញនេះ។ កាលពីថ្ងៃពុធ កម្ពុជាបានរកបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ចំនួន​ ៣០៣នាក់​ និងមានអ្នកជាសះស្បើយ​ ២៣៩នាក់ ។ ប៉ុន្តែ ​​​អ្នកស្លាប់ថ្មី​វិញ គឺមានដល់ទៅ៧នាក់ឯណោះ​។ កាលពីថ្ងៃទី២០ ខែមេសា មានអ្នកឆ្លងថ្មីចំនួន​ ៤៣១នាក់​ និងអ្នកជាសះស្បើយ​ ៣១នាក់  ខណៈអ្នកស្លាប់ថ្មី​ មាន៤នាក់​ ហើយកាល​ពីថ្ងៃទី ១៩ ខែមេសាវិញ​ មានអ្នកឆ្លងថ្មីចំនួន​ ៦២៤នាក់​  និងជាសះស្បើយ​ ៤៨នាក់ និងអ្នកស្លាប់ថ្មី​មានចំនួន២នាក់​។

ចំណែក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​ថ្មីចំនួន​ ៦១៨នាក់​ ហើយមានជាសះស្បើយ​ ៦០នាក់ និងមានអ្នកស្លាប់ថ្មី​៤នាក់​ ខណៈនៅថ្ងៃទី ១៧ ខែមេសា អ្នកឆ្លងថ្មីមានចំនួន​ ២៩១នាក់​ ហើយមានអ្នកជាសះស្បើយ​ ២៣នាក់  និង​​​​​​​​​​​​​​​​​អ្នកស្លាប់ថ្មី​ ១នាក់។​ ចំនួននេះ គឺច្រើនជាងកាលពីថ្ងៃទី១៦ ខែមេសា ដែលមានអ្នកឆ្លងថ្មីចំនួន​ ២៦២នាក់​ និងមានជាសះស្បើយ​ ៧៤នាក់ ហើយអ្នកស្លាប់ថ្មី​ មាន២នាក់​។

សរុបក្នុងរយៈពេល១សប្តាហ៍មកនេះ កម្ពុជាមានករណីឆ្លងថ្មីច្រើន ខណៈអ្នកស្លាប់មានជារៀងរាល់ថ្ងៃហើយកើនឡើងយ៉ាងគំហុកថែមទៀត។ ចំពោះ អ្នកជាសះស្បើយវិញ ក៏មានជារៀងរាល់ថ្ងៃដែរ តែមិនសមាមាត្រនឹងគ្នាសោះជាមួយនឹងចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី។ គិតដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៨ ១៩៣នាក់ ក្នុងនោះកំពុងសម្រាកព្យា​បាលមានចំនួន៥ ២០៤នាក់ អ្នកជាសះស្បើយមានចំនួន២៩២៤នាក់ និងអ្នកស្លាប់ថ្មីបានកើនឡើងយ៉ាងរហ័សមែនទែនដល់ទៅចំនួន ៥៩នាក់ឯណោះ។ ទាំងអ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងអ្នកស្លាប់ថ្មីដោយសារតែជំងឺកូវីដ១៩ទាំងនេះ គឺភាគច្រើនលើសលប់នៅក្នុងរាជធានីភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ